តោះ...ទៅ​ដឹង​ពី​អាថ៌កំបាំង​ក្រៅ​ឆាក​ក្នុង​រឿង​ម៉ាក់ថឺង មុន​ផ្ទុះ​ភាព​ល្បីល្បាញ​នា​អំឡុង​ឆ្នាំ២០០០!

  • 2020-11-19 03:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង និង​ជា​ពិធី​ការិនី ហើយបច្ចុប្បន្ន​ជា​ផលិតករ​ភាពយន្ត​ល្បីឈ្មោះម្នាក់ គឺអ្នកស្រី ព្រំ រដ្ឋា រំលឹក​គ្រាហ៍​មួយ​ដែល​រូប​នាង​ទទួល​ការ​ស្ដីបន្ទោស​ខ្លាំង​ៗពី​អ្នក​ដឹកនាំ​សម្ដែង​ព្រោះ​តែ​ការ​សម្ដែង​លើក​ដំបូង​របស់​នាង​មិន​សូវ​បាន​កាយវិការ​ និង​ដាក់​អារម្មណ៍​សម្ដែង​មិន​បាន​ល្អ។

អ្នកស្រី ព្រំ រដ្ឋា ដែល​ជា​តួអង្គ​ម៉ឺយ​ចឺយ​ក្នុង​វីដេ​អូ​បទ​ចម្រៀង​ម៉ាក់​ថឺង បាន​ប្រាប់ Sabay ថា អ្នកស្រី​ធ្លាប់​ស្រក់​ទឹកភ្នែក​តែ​ម្ដង​គត់​ក្នុង​វិស័យ​សិល្បៈ​ជាង​២០​ឆ្នាំ ព្រោះ​តែ​អ្នក​ដឹកនាំ​សម្ដែង​ក្នុង​វីដេអូ​បទ​ចម្រៀង​ម៉ាក់ថឺ​នា​ឆ្នាំ​១៩៩៩ សម្រាប់​ចេញ​លក់​VCDនៅ​ឆ្នាំ​២០០០ ស្ដីបន្ទោស។ ពាក្យ​គ្រោតគ្រាត​ជា​ច្រើន ដែល​មិន​ធ្លាប់​លឺ​ទាល់​តែ​សោះ​ចេញ​ពី​មាត់​ឪពុក-ម្ដាយ ប៉ុន្តែ​បែរ​ជា​ពាក្យ​ទាំង​នេះ​ចេញ​ពី​មាត់​របស់​អ្នក​ដឹកនាំ​សម្ដែង​ទៅ​វិញ។

ព្រំ រដ្ឋា៖"គាត់​ស្ដី​ឲ្យ​រហូត​ដល់​យើង​តូច​ចិត្ត​យំ ហើយយើងសម្ដែងបានល្អ ព្រោះ​រឿង​គាត់​សម្រិតសម្រាំង​គាត់​ស្ដី​ឲ្យ​ហើយ​ស្ដី​ទៀតៗ ហើយ​យើង​ក៏​អគុណ​គាត់​ដែរ​ ព្រោះ​យើង​ជោគជ័យ​ក្នុង​អាជីព​សម្ដែង​ក៏ដោយសារ​ការ​ស្ដីបន្ទោស​របស់​គាត់។ ខ្ញុំ​នៅ​តែ​ស្រឡាញ់​ការ​សម្ដែង ហើយ​ចាំ​ជាង​គេ​គឺអនុស្សាវរីយ៍ថតរឿង​ម៉ាក់​ថឺង​ហ្នឹង"។

ផលិតករ​ភាពយន្ត ព្រំ រដ្ឋា ដែល​បច្ចុប្បន្ន​មាន​វ័យ​៤១​ឆ្នាំ ធ្លាប់​ធ្វើ​ជា​ពិធី​ការិនី​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​បាយ័ន ក្រោយ​មក​គឺ​នៅ​ឆ្នាំ​១៩៩៩ បាន​ចាប់​យក​អាជីព​សម្ដែងបន្ដទៀត។ ស្នាដៃ​លេចធ្លោ​របស់​នាង គឺ​មាន​ក្នុងវីដេអូ​ទ​ចម្រៀង​យីកេ​រឿង​ម៉ាក់​ថឺង​ដែល​ថត​ជា​តួអង្គ​ឯក​ជាមួយ​លោក បេ វណ្ណា​រ៉ា ព្រម​ទាំង​រឿង​ដុំ​ជា​ច្រើន​ទៀត ​មាន​ដូច​ជា​រឿង"ព្រះ​លក្សិណវង្ស​នាង​ព្រាហ្មណ៍កេសរ" រឿង"ពូជ​មួយ​ត្រួយ​ពីរ" និង​រឿង"រឿង​ព្រះ​ធិន​វង្ស"​ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ