លាក់​យូរ​ហើយ ថ្ងៃ​នេះ ស្រាប់​តែ​ឃើញ យូរី លេច​មុខ​នៅ​ហង្សមាស​បាត់

  • 2020-11-19 04:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ យូរី ដែល​បាន​ព្យាយាម​មិន​ឆ្លើយ​តប​ចំពោះ​សារព័ត៌មាន ជុំ​វិញ​ជំហាន​បន្ទាប់​របស់​នាង ក្រោយ​ពី​បាន​ផុត​កុងត្រា​ជាមួយ​ផលិតកម្ម​សាន់ដេ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​នោះ នៅ​ថ្ងៃ​នេះ បាន​លេច​ចេញ​រឿង​ភ្ញាក់​ផ្អើល​មួយ ដោយ​សារ​តែ​ស្ងាត់​ៗ​គេ​ឃើញ​នាង​លេច​មុខ​ក្នុង​ផលិតកម្ម​ធំ ហង្សមាស បាត់​ទៅ​ហើយ។

យូរី បាន​ផុត​កុងត្រា ជាមួយ​ផលិតកម្ម​សាន់ដេ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា ក្រោយ​ពី​ពួក​គេ​បាន​រួមរស់​ជាមួយ​គ្នា​ជិត ១០​ឆ្នាំ។ ក្រោយ​ពី​នោះ​មក យូរី ព្រលយ​ថា ជំហាន​បន្ទាប់​របស់​នាង គឺ​មិន​ចង់​ធ្វើ​ជា​តារា​ចម្រៀង​ឯករាជ្យ​ឡើយ ពោល​គឺ​នាង ស្វែង​រក​ទ្រនំ​កក់ក្ដៅ​មួយ​ដើម្បី​ជ្រក​កោន​បន្ត​ទៀត។ ជាមួយ​គ្នា ក៏​បាន​បង្ហើប​ទៀត​ថា មាន​ផលិតកម្ម​មួយ​ហើយ​ដែល​បាន​ទាក់​ទង​នាង។

យ៉ាង​ណា​ក៏​ដោយ ម្ចាស់​បទ​ចម្រៀង​ប្រភេទ 18+ ដ៏​កក្រើក​កាល​ពី​ប៉ុន្មាន​ខែ​មុន​នោះ មិន​បាន​បញ្ចេញ​ឡើយ​ថា ផលិតកម្ម​ដែល​ទាក់​ទង​នាង​នោះ ជា​ផលិតកម្ម​មួយ​ណា​ឡើយ ហើយ​បន្ត​មក​ទៀត​គេ​ឃើញ យូរី បន្ត​នៅ​ជា​តារា​ចម្រៀង​គ្មាន​ទ្រនំ​ជា​ច្រើន​ខែ។ អំឡុង ពេល​នោះ ក៏​នៅ​តែ​ធ្វើ​បទ​ចម្រៀង​ចេញ​ខ្លួន​ឯង​ដែរ ដូច​ជា​បទ "Big Boy” ចេញ​ផ្សាយ​នៅ​លើ​យូធូប​នៅ​ដើម​ខែ​កញ្ញា។

ប៉ុន្តែ​ទល់​នឹង​ពេល​នេះ តារា​ស្រី​បាន​ផ្ដល់​តម្រុយ​ច្បាស់​ហើយ ក្រោយ​គេ​ឃើញ​នាង ទើប​ចេញ​បទ​ថ្មី​ទី​មួយ​ជាមួយ​ផលិតកម្ម​ហង្សមាស ប្រមាណ​ជា ១០ម៉ោង​មុន​នេះ​ប៉ុណ្ណោះ។ បទ​នោះ​មាន​ចំណង​ជើង​ថា "ផាំងៗ" ជា​ប្រភេទ​បទ​បែប Hip Hop ដែល​ប្រិយមិត្ត​ខ្លះ​បាន​សរសើរ​ទៅ​លើ​ការ​សម្ដែង​ក្នុង​រឿង ឯ​អ្នក​ខ្លះ​ទៀត​លើក​ឡើង​ថា បទ​នេះ មាន​សំឡេង​បាស បុក​ឡូយ​អស់​ស្ទះ។

តោះ ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា