ផ្ទុះសំណើចមួយពីក្រុមអ្នកចាញ់ក្នុងកម្មវិធី"សង្វៀនម្ហូប" ក្នុងកម្មវិធីជប់លៀងរបស់ យុគ ចិន្ដា យប់មិញ
- 2020-11-21 02:48:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះសំណើចមួយពីក្រុមអ្នកចាញ់ក្នុងកម្មវិធី"សង្វៀនម្ហូប" ក្នុងកម្មវិធីជប់លៀងរបស់ យុគ ចិន្ដា យប់មិញ
ចន្លោះមិនឃើញ
ស្ថាបនិកកម្មវិធី"សង្វៀនម្ហូប"របស់ស្ថានីយទូរទស្សន៍ស៊ី ធី អិន អ្នកនាង យុគ ចិន្ដា បានរៀបចំកម្មវិធីជប់លៀងតូចមួយដើម្បីបង្កើតបរិយាកាសរីករាយសម្រាប់បេក្ខជន-បេក្ខនារីទាំង៤ក្រុម បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញ ហើយរកឃើញម្ចាស់លាភីលេខទទួលបានទឹកប្រាក់២០លានរៀលកាលពីសប្ដាហ៍មុន។
នៅក្នុងពិធីជប់លៀងដែលធ្វើឡើងនៅភោជនីយដ្ឋានស្លឹកឈូក ស្ថិតនៅខណ្ឌដូនពេញ កាលពីយប់មិញ អ្នកនាង យុគ ចិន្ដា ប្រាប់អ្នកសារព័ត៌មានថា កម្មវិធី"សង្វៀនម្ហូប"ដែលជាគំនិតផ្ដួចផ្ដើមបង្កើតឡើងដោយអតីតពិធីករល្បីឈ្មោះម្នាក់ គឺលោក អ៊ិត សេដ្ឋា និងរូបអ្នកនាងដោយផ្ទាល់កាលពី៤ឆ្នាំមុន។ ប៉ុន្តែកម្មវិធីចាប់ផ្ដើមដំណើរការប្រហែលពីរឆ្នាំមុននេះ ហើយបច្ចុប្បន្នបានបញ្ចប់កម្មវិធីក្នុងរដូវកាលទី១ ដោយរលូន។
យុគ ចិន្ដា បន្ថែមថា រដូវកាលទី២ នៃកម្មវិធីនេះបានចាប់ផ្ដើមទៀតហើយ ដោយក្រុមការងារថតបានចំនួន២វគ្គ។ សម្រាប់រដូវកាលទី២ និងទី៣ នឹងមានការចូលរួមប្រកួតប្រជែងធ្វើម្ហូបដោយតារាល្បីៗ រហូតដល់ហ្វេនៗរបស់ពួកគេទៀតផង។
ម្ចាស់ជយលាភីដែលទទួលបានពាន និងប្រាក់រង្វាន់ចំនួន២០លានរៀលពីកម្មវិធី គឺតារាសម្ដែង ប៉ែន ភក្ដិសុទ្ធារិទ្ធ និយាយថា រូបលោក និងដៃគូសហការក្នុងការប្រកួតពិតជាមានអារម្មណ៍រំភើបដែលបានយល់កាន់តែច្បាស់ពីអាថ៌កំបាំងមុខម្ហូបរបស់ខ្មែរ។ អ្វីដែលកាន់តែរំភើបទៀតនោះ គឺក្រុមលោកទទួលបានជយលាភីលេខ១ ទាំងដែលកន្លងទៅមិនដែលសូវបានអើពើ ឬធ្វើម្ហូបសម្រាប់ហូបចុកក្នុងគ្រួសារផងនោះ។
បេក្ខជន-បេក្ខនារីទាំង៤ក្រុម ក្រុមការងាររៀបចំកម្មវិធី"សង្វៀនម្ហូប" និងអ្នកសារព័ត៌មានសរុបប្រមាណ៥០នាក់ បានជួបជជែកគ្នាលេង និងពិសាអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ។ ក្នុងគ្រាហ៍ដែលពិសាអាហារនោះ ក៏ផ្ទុះសំណើចមួយឡើងពីខាងក្រុមអ្នកចាញ់ទាំងបីក្រុម ដោយពួកគេនិយាយលឺស្រដៀងគ្នាថា "ចង់មានឱកាសចូលប្រកួតម្ដងទៀត ដើម្បីបានលើកពាន តែសុំមិនចាញ់ដើម្បីលើកពាងទេ"៕