យុគ ចិន្ដា ភ្លយមាត់​ចេញ​នូវ​ពាក្យ​ដែល​គេ​ចង់​ដឹង​ការពិតគ្រប់គ្នា​ទាក់ទង​រឿង​មាន​កូនប្រសា

  • 2020-11-24 08:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​សម្បូរ​វោហារ​របស់​ស្ថានីយ​ទូរទស្សន៍ CTN អ្នកនាង យុគ ចិន្ដា បាន​ភ្លយមាត់​ទៅ​កាន់​កូន​ស្រី​ទោល​របស់​ខ្លួន ទាក់ទង​នឹង​រឿង​ស្នេហា ក្នុង​ចំណោម​សិល្បករ-សិល្ប​ការិនី និង​អ្នក​សារព័ត៌មាន​ដែល​ធ្វើ​ឲ្យ​ខ្លះ​បើក​ភ្នែក​ធំៗ ហើយ​គិត​ថា​តើ​អ្វី​ដែល​យុគ ចិន្ដា និយាយ​នេះ គឺ​ជា​ការ​ពិត ឬ​លេង​សើច។

នៅ​កម្មវិធី​ជប់លៀង​មួយ​ដែល​រៀបចំ​ដោយ​អ្នក​នាង យុគ ចិន្ដា ផ្ទាល់​នា​ភោជនីយដ្ឋាន​ស្លឹក​ឈូក កាល​ពី​សប្ដាហ៍​មុន នាង​បាន​ហៅ​ឲ្យ​កូន​ស្រី​ចូល​មក​អង្គុយ​តុ​ក្បែរ​ខ្លួន ហើយ​ថត​រូប​ជុំ​គ្នា ដោយ​ព្រលយ​ពាក្យ​ថា"កូន​ស្រី​ម៉ាក់ ម៉ាក់​ជិត​មាន​កូនប្រសា​ហើយ"។

ដើម្បី​បញ្ជាក់​លើ​ពាក្យពេចន៍​ដែល​អ្នក​នាង យុគ ចិន្ដា និយាយ​នេះ​ថា​ជា​ការ​ពិត ឬ​ក៏​និយាយ​លេង? កញ្ញា យុគ ដាពេជ្រ ហៅ​ស្រី​អម អះអាង​ថា នេះ​គឺ​ជា​ពាក្យ​លេងសើច​របស់​ម្ដាយ​ដែល​ស្រឡាញ់​ថ្នាក់​ថ្នម​កូន​ស្រី ហើយ​ម្ដាយ​នាង​ផ្ទាល់​ជា​អ្នក​និយាយ​ថា ស្ថិត​ក្នុង​វ័យ​សិក្សា​មិន​ទាន់​មាន​ការងារ​ធ្វើ​ច្បាស់​លាស់ គឺ​ដាច់​ខាត​មិន​ត្រូវ​មាន​សង្សារ​ឡើយ ហើយ​កញ្ញា​បាន​ចងចាំ​នូវ​ពាក្យ​ប្រៀនប្រដៅ​នេះ​រហូត។

យុគ ដា​ពេជ្រ និយាយ​ថា នៅ​សាលា​ក៏​មាន​អ្នក​ចំអន់ និង​និយាយ​លេង​សើច​ដោយ​ផ្គូផ្គង​រូប​នាង​ទៅ​មិត្ត​ភក្ដិ​ប្រុស​ដែរ ប៉ុន្តែ​នាង​មិន​ដែល​គិត​អ្វី​ផ្សេង​ក្រៅ​ពី​មិត្ត​រួម​ថ្នាក់​ឡើយ ព្រោះ​ការ​សម្រេច​សព្វ​បែប​យ៉ាង​គឺ​នៅ​លើ​ម៉ាក់។

បច្ចុប្បន្ន យុគ ដា​ពេជ្រ ហៅ​ស្រី​អម ដែល​ជា​កូន​ស្រី​ទោល​របស់​ពិធី​ការិនី យុគ ចិន្ដា មាន​វ័យ​១៧​ឆ្នាំ​ហើយ។ នាង​រៀន​ភាសា​ខ្មែរ​ចំណេះ​ទូទៅ​ថ្នាក់​ទី១០ និង​រៀន​ភាសា​អង់គ្លេស​ថ្នាក់​ទី១១ នៅ​សាលា​អន្តរទ្វីប​អាមេរិកកាំង(AII)។ ចំពោះ​សំណួរ​ថា​តើ​ប្អូន​ស្រី​នឹង​គិតគូរ​រឿង​គូស្រករ​នៅ​អាយុ​ប្រហែល​ប៉ុន្មាន? ហើយ​បុរស​បែប​ណា​ដែល​ប្អូន​ស្រី​ពេញ​ចិត្ត? ស្រាប់​នាង​ឆ្លើយ​ថា"អត់​មាន​ចម្លើយ​ឲ្យ​ទេ"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ