ខ្លាចប្រវត្តិសាស្ត្រច្រំដែល! Samsung មិនហ៊ានផលិត Galaxy S21 ច្រើនដូចមុនទេ

  • 2020-11-25 06:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បញ្ចេញ​លក់​បាន​មួយ​រយៈ​ខ្លី ក៏​មាន​ការ​លេច​ឮ​ដំណឹង​ថា​​ចំនួន​លក់ Galaxy S20 Series មិន​មាន​ច្រើន​ដូច​ដែល Samsung រំពឹង​ទុក​នោះ​ឡើយ។ ដូច​នៅ​កូរ៉េ​ខាង​ត្បូង មាន​ការ​រាយការណ៍​ថា​ Samsung អាច​លក់​ស្មាតហ្វូន Galaxy S20 Series បាន​តិច​ជាង​ Galaxy S10 Series រហូត​ដល់​ជិត ៥០% នៅ​ថ្ងៃ​បញ្ចេញ​លក់​ជា​ផ្លូវ​ការ។

​ដំណឹង​មិន​ល្អ​ចេញ​ពី​ទីផ្សារ​ដទៃ​អំពី​ការ​លក់ Galaxy S20 Series ក៏​បាន​បន្ត​ចេញ​មក​ជា​ហូរហែ​ផង​ដែរ។ វា​អាច​ជា​សំណាង​មិន​ល្អ​មួយ​សម្រាប់​ Samsung ដោយ​សារ​តែ Galaxy S20 Series ចេញ​លក់​លើ​ទីផ្សារ​អំឡុង​ពេល​ដែល​ប្រទេស​ជា​ច្រើន​លើ​​ពិភពលោក​បាន​ចេញ​វិធានការ​បិទ​ខេត្ត​/​ក្រុង​ដោយ​សារ​ជំងឺ​កូវីដ​១៩ និង​ជា​ពេល​ដែល​មនុស្ស​ជា​ច្រើន​ជួប​ប្រទះ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ផង​ដែរ។ ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ជា​ច្រើន​បាន​និយាយ​ថា​ចំនួន​លក់ Galaxy S20 Series នៅ​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២០ គឺ​មាន​ប្រមាណ ៨​លាន​គ្រឿង​ប៉ុណ្ណោះ។

ដោយ​មើល​ឃើញ​នូវ​បញ្ហា​នេះ Samsung ហាក់​មាន​ការ​រំពឹង​ទុក​មិន​ខ្លាំង​ក្លា​ប៉ុន្មាន​ឡើយ​សម្រាប់​ Galaxy S ជំនាន់​ថ្មី។​ បើ​ផ្អែក​​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា​ Samsung ​មាន​គម្រោង​ថា​នឹង​ផលិត​ Galaxy S21 Series ត្រឹម ៦​លាន​គ្រឿង​សិន​ប៉ុណ្ណោះ។ ស្មាតហ្វូន​ជំនាន់​ថ្មី​គ្រោង​នឹង​ចូល​រោងចក្រ​ផលិត​ក្នុង​ខែ​ធ្នូ និង​ខែ​មករា ដែល​រំពឹង​ថា​ចេញ​លក់​នៅ​ចុង​ខែ​មករា។

Samsung មាន​ដំណើរ​ការ​​ការ​ផលិត​ដ៏​ជំនាញ​ដែល​អាច​បង្កើន​ចំនួន​ផលិត​បាន​ទាន់​ចិត្ត​ ប្រសិន​បើ​តម្រូវ​ការ​ចំពោះ​ Galaxy S21 Series មាន​​ផល​ល្អ​ប្រសើរ។ អំឡុង​ពេល​នៃ​ការ​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ Samsung អាច​នឹង​ស្មាន​ដឹង​​​ច្បាស់​ថា​មាន​តម្រូវ​ការ​ខ្លាំង​កម្រិត​ណា​លើ​ស្មាតហ្វូន Galaxy S21 Series និង​អាច​ដឹង​ថា​ម៉ូដែល​ណា​មាន​អ្នក​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ៕

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង