​អ្នក​បង្កើត​កម្មវិធី​កត់​ចំណង​ដៃ​ ​ចែក​ឥត​គិត​ថ្លៃ​ ​ទម្លាយ​ប្រាប់​បំណង​ខំ​ធ្វើ​ជិត១ឆ្នាំ​

  • 2020-12-01 04:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ក់ ឆេងលី ​ជា​ឈ្មោះ​ពិត​របស់​​យុវជន​ម្នាក់​ ដែល​ទទួល​បាន​ការ​សាទរ​យ៉ាង​ច្រើន​សន្ធឹក​ ​បន្ទាប់​ពី​រូបគេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ចែក​រំលែក​ដោយ​ឥត​គិត​ថ្លៃ​នូវ​ កម្មវិធី​កត់​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​ថ្មោង​ថ្មី ដែលគ្រោង​នឹង​រៀប​ចំ​ពិធី​ឆាប់ៗ​ខាង​មុខ​នេះ​។

ប៉ក់ ឆេងលី

​​យុវជន​បញ្ចប់​បរិញ្ញាប័ត្រ​អក្សរសាស្ត្រ​អង់គ្លេស​ខាង​លើ ​បាន​ឆ្លងឆ្លើយ​ជាមួយ​ក្រុម​ការងារ Sabay ​ថា៖ ​"កម្មវិធី​ដែល​បាន​ចែក​រំលែក​នោះ ​សរសេរ​ឡើង​ដោយ​ការ​ស្វែង​រក​កូដ​នៅ​ក្នុង​អ៊ីនធើណិត (Internet) និង​មើល​បន្ថែមលើ YouTube តាមដំណាក់កាល​​ដែល​មានទាំង​ ​Channel មួយចំនួននៅក្នុងស្រុក​ ក្រៅស្រុក​ជាច្រើនទៀត។ គោល​បំណង​ ​​ចង់​ឲ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​កត់ត្រា​ទិន្នន័យ​ទុក​នៅ​ក្នុង Microsoft Excel ​ដោយ​មើល​ឃើញ​ថា​ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​ភាគ​ច្រើន​​ចេះ​ប្រើប្រាស់​កុំព្យូទ័រ​ច្រើន​គួរ​សម ដូច្នេះ​ហើយ​កម្មវិធី​នេះ​អាច​នឹង​ជួយ​សម្រួល​ដល់​ពួក​គាត់​មួយ​ផ្នែក​ដែរ។"

​ក្រោយ​ចំណាយ​ពេល​ទំនេរ​ពី​ការងារ​ច្រើន​ជាង​ ៩ ខែ យុវជន​ឆេងលី បាន​បន្ថែម​ទៀត​ថា ​លក្ខណពិសេស​​លើ​កម្មវិធី​នេះ​មិន​សូវ​មាន​ច្រើន​ទេ ​គ្រាន់​តែ​ខុស​ប្លែក​ត្រង់​ថា អ្នក​ត្រូវ​បង្កើត​ទម្រង់​សម្រាប់​បញ្ចូល​នៅ​ក្នុង Form រួច​វា​នឹង​បញ្ចូន​ទិន្នន័យ​នោះ​ទៅ​ក្នុង Sheet ប៉ុណ្ណោះ។ ដូចនេះ​មុន​នឹង​ចូល​ប្រើប្រាស់​កម្មវិធី​នេះ​បាន​ គឺ​តម្រូវ​បង្កើត​គណនី​មួយ​ផ្ទាល់ខ្លួន​ដើម្បី​ចូល​ប្រើប្រាស់​។

ករណី​ឈ្មោះ​ភ្ញៀវ​ច្រើន​ពាន​នាក់​ក៏​គ្មាន​បញ្ហា​ដែរ ពោល​គឺ​​​កម្មវិធី​នេះ​អាច​កត់​ដល់​រាប់​ម៉ឺន​ឈ្មោះ​​ គ្រាន់​តែ​អ្នក​ប្រើ save នៅក្នុងកម្មវិធីដែលយើងប្រើស្រាប់តែម្តង។ ចំពោះម្ចាស់​គណនី​​​ដែល​ប្រើប្រាស់​វា នឹង​រក្សា​ទុក​នៅក្នុង worksheet ​ស្វ័យ​ប្រវត្តិ​សម្រាប់​ការ​ចូល​ប្រើប្រាស់​លើក​ក្រោយ​ទៀត​បាន។

ម្យ៉ាង​ទៀត​យុវជន​ដដែល​រូប​នោះ ​ក៏​មាន​បំណង​ ​ចង់​បង្កើត​វា​មួយ​ versionដោយ​ដាក់​ការ​ប្រើ license ​កំណត់​ថ្ងៃ​ផុត​expired​ ដែរ​ប៉ុន្តែ​គិត​ឡើង​វិញ​មិន​ចង់​ធ្វើ​លក់​ទេ​គឺ​ចែក​ជូន​ឥត​គិត​ថ្លៃ​បែប​នេះ​តែ​ម្តង​ទៅ។ បើ​សិន​ថា​មាន​នៅ​ចំណុច​ខ្វះ​ខាត​អី​ទៀត​ គេ​អាច​អាប់ដែត​​បន្ថែម​បាន​។

ទៅ​ថ្ងៃ​ខាង​មុខ ​ឆេងលី ​មាន​គម្រោង​រួច​ហើយ​ថា​​នឹង​បង្កើត​កម្មវិធី​ថ្មី​មួយ​ទៀត​ ​តែ​សុំ​លាក់​សិន។ ​សម្រាប់​តំណ​លីង​ដោនឡូត​ដោយ​ឥត​គិត​ថ្លៃ នៅ​ទីនេះ mediafire.com/file/WEDDING-NOTEBOOK.rar

កម្មវិធី​កត់​ចំណងដៃ​អាពាហ៍ពិពាហ៍​
របៀបប្រើប្រាស់កម្មវិធី​កត់​ចំណងដៃ​អាពាហ៍ពិពាហ៍​

អត្ថបទ៖ រក្សា