គ្រាន់តែរឿងលើកដៃសំពះគ្នាសោះ លោក ហម ឈរ៉ា បញ្ចេញប្រតិកម្មធ្ងន់ៗហ្មង!

  • 2020-11-30 08:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​លោក ហម ឈរ៉ា រិះគន់​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ និង​ក្រៅ​សិល្បៈ ថា​មាន​ផ្នត់គំនិត​មិន​ល្អ​ទាក់ទង​នឹង​សីលធម៌​រស់នៅ ហើយ​ភ្លេច​គិត​ពី​អត្តសញ្ញាណ​ជាតិ​ខ្លួន​ឯង។ លោកសង្កេតឃើញថា ​ការ​លើក​ដៃ​សំពះ​ដាក់​គ្នា​ជាដើម មានអ្នក​ខ្លះ​គិត​ថា​អ្នក​លើក​ដៃ​សំពះ​គេ​មុន គឺអ្នក​នោះ​អន់។

លោក ហម ឈរ៉ា បាន​បញ្ចេញ​សារ​មួយនេះនៅ​រសៀល​ថ្ងៃទី៣០ ខែ​វិច្ឆិកា តាមហ្វេសប៊ុកផ្ទាល់​ថា៖"ផ្នត់​គំនិត​បុគ្គល​មួយ​ចំនួន​ធំ​គិត​ថា​នៅ​ពេល​ដែល​យើង​សំពះ​គេៗ​គិត​ថា​យើង​ហ្នឹង​អន់​ទៅ​សំពះ​គេ។ តែ​សូម​កុំ​ភ្លេច​ថា​ការ​សំពះ​ជា​អត្តសញ្ញាណ ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្មែរ"។

ខណៈ​ដែល​តារា​ចម្រៀង និង​សម្ដែង​ខ្មែរ​ជា​ច្រើន​ខ្វល់ខ្វាយ និង​បញ្ចេញ​សារ​ទាក់ទង​នឹង​បញ្ហា​ជំងឺ​កូវីដ-១៩ ចាប់​ផ្ដើម​ឆ្លង​ជា​លើក​ដំបូង​ក្នុង​សហគមន៍ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​បង្កើន​ការ​ប្រុងប្រយ័ត្ននោះ។ លោក ហម ឈរ៉ា វិញ បាន​ចេញ​មុខ​ស្ដីបន្ទោស​បុគ្គល​មួយ​ចំនួន​ដោយ​បើកចំហ ហើយបញ្ហា​ដែល​លោក​កំពុង​លើក​ឡើង​នេះ​ទំនង​រូប​លោក​ផ្ទាល់​ក៏​ធ្លាប់​ជួប​ប្រទះ​ដែរ។

លោក ឈរ៉ា អំពាវនាវ​ថា បើ​គេ​លើក​សំពះ​យើង​ហើយ ទោះ​ក្នុង​ឋានៈ​ណា​ក៏​ដោយ​ក៏​យើង​ត្រូវ​លើក​ដៃ​សំពះ​តប​ទៅ​គេ​វិញ​ដែរ ព្រោះ​វា​ជា​តម្លៃ​របស់​យើង​រៀងៗ​ខ្លួន។ លោក​ថា​ការ​ប្រតិបត្តិ​បែប​នេះ គឺ​កុំ​ឲ្យ​ខ្មាស​ជាតិ​សាសន៍​ជិត​ខាង​ដែល​គេ​យក​ប្រពៃណី​ដែល​ជា​អត្តសញ្ញាណ​របស់​ខ្មែរ​យើង​ទៅ ហើយ​គេ​ប្រតិបត្តិ​បាន​ល្អ​ជាង​យើង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ