ស្ថានទូតឥណ្ឌូណេស៊ី ប្ដូរទីតាំងថ្មី ទទួលបានការប្រោះព្រំពីសម្ដេចសង្ឃ បួរ គ្រី
- 2020-12-02 04:30:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានទូតឥណ្ឌូណេស៊ី ប្ដូរទីតាំងថ្មី ទទួលបានការប្រោះព្រំពីសម្ដេចសង្ឃ បួរ គ្រី
ចន្លោះមិនឃើញ
ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅភ្នំពេញដែលមានទីតាំងថ្មី នៅតាមបណ្តោយមហាវិថីព្រះសុរាម្រឹត រាជធានីភ្នំពេញ ត្រូវបានផ្តល់កិត្តិយសដោយការនិមន្តមករបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ដែលជាសម្តេចព្រះសង្ឃរាជដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក Sudirman Haseng បានមានប្រសាសន៍ថា “យើងមានកិត្តិយសណាស់ដែលមានវត្តមានរបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ដែលបានប្រទានពរដល់អគារស្ថានទូតឥណ្ឌូនេស៊ីទាំងអស់បួងសួងសុំសេចក្តីសុខ និង សុភមង្គលដល់គ្រួសារធំរបស់ស្ថានទូតឥណ្ឌូនេស៊ី។
ក្នុងពិធីនេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី មានប្រសាសន៍ថា ឥណ្ឌូណេស៊ី និង កម្ពុជាមានទំនាក់ទំនងល្អយូរអង្វែងមកហើយ។ ប្រទេសឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយសង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈកិច្ចប្រជុំក្រៅផ្លូវការហ្សាការតាទី១ និង ទី២ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ក្នុងករណីនេះ បើយោងតាមសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ប្រទេសឥណ្ឌូនេស៊ីគឺជាបងប្អូនជិតដិតរបស់ប្រទេសកម្ពុជា។
ពិធីប្រសិទ្ធពរជ័យនេះ បង្ហាញពីការបញ្ចប់ការជួសជុលស្ថានទូតឥណ្ឌូនេស៊ីនៅភ្នំពេញ ដែលបានសម្ពោធតាមប្រព័ន្ធអនឡាញដោយរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។ សំរាប់ទំនាក់ទំនងការទូតរវាងឥណ្ឌូនេស៊ី និង កម្ពុជាតាំងពីឆ្នាំ១៩៥៩ ស្ថានទូតឥណ្ឌូនេស៊ីមិនទាន់មានអាគារអចិន្រ្តៃយ៍សមរម្យសម្រាប់តំណាងវត្តមានរបស់ឥណ្ឌូនេស៊ីនៅព្រះរាជាណាចក្រកម្ពុជាទេ។ អាគារស្ថានទូតឥណ្ឌូនេស៊ីថ្មីនាពេលបច្ចុប្បន្ន គឺជាការបង្ហាញនូវមិត្តភាពពិតរវាងប្រទេសឥណ្ឌូនេស៊ី និង ប្រទេសកម្ពុជា ដែលមានតាំងពីជំនាន់ប្រធានាធិបតីស៊ូកាណូ និង សម្តេចឪ នរោត្តមសីហនុ។
ទីតាំងនៃអគារស្ថានទូតឥណ្ឌូនេស៊ី ដែលនៅទល់មុខរូបសំណាក់ព្រះបាទនរោត្តមសីហនុ បានពង្រឹងបន្ថែមទៀតនូវអត្ថន័យមិត្តភាពរវាងប្រទេសទាំងពីរ។ តាមរយៈពិធីពរជ័យនេះ យើងសង្ឃឹមថាសុវត្ថិភាព សុខុមាលភាព និង ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកើនឡើងនាពេលអនាគត។ ព្រះនាងនរោត្តមអរុណរស្មី ឧបនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក៏បានចូលរួមក្នុងពិធីនេះផងដែរ និង បានសម្តែងការអបអរសាទរចំពោះការបញ្ចប់ការជួសជុលស្ថានទូតឥណ្ឌូនេស៊ីនៅភ្នំពេញ។
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី គឺជាមេដឹកនាំកំពូលនៃព្រះពុទ្ធសាសនានៅកម្ពុជា។ ងារជាសម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយខ្មែរ ត្រូវបានថ្វាយដោយព្រះបាទនរោត្តមសីហនុ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១៕