ឃើញ​ចេញ​បទ​ថ្មី​គេ​ចាប់​អារម្មណ៍​ច្រើន ស្រាប់​តែ​បុរស​ម្នាក់​ថា នេះចរិត​ពិត​របស់ ស៊ីរីកា ហើយ!

  • 2020-12-04 08:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ផលិតកម្ម​ថោន ស៊ូ ស៊ីរីកា ទើប​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​មាន​ចំណង​ជើង​ថា "ជំនូន" ដែល​បាន និង​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នោះ ស្រាប់​តែ​មាន​បុរស​ម្នាក់​ចេញ​មក​បើក​បង្ហាញ​ថា នេះ​គឺ​ចរិត​ពិត​របស់​តារា​ចម្រៀង​ស្រី​ហើយ។

បទ "ជំនូន" របស់ ស៊ីរីកា ជាមួយប៊ីអូប៊ី ទើប​បាន​​ចេញ​ប្រមាណ ១០​ម៉ោង​នៅ​លើ​ឆាណែល​យូធូប​ផលិតកម្ម​ថោន ប៉ុន្តែ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​រាប់​ម៉ឺន​ដង​ហើយ ហើយ​ពួក​គេ​សុទ្ធ​តែ​បាន​ពោល​សរសើរ​ថា បទ​នេះ​ពិត​ជា​អស្ចារ្យ​ខ្លាំង និង​មាន​រសជាតិ​ប្លែក​កម្រ​ប្រទះ។ ជាង​នេះ​ទៅ​ទៀត ការ​ថត និង​រៀប​ចំ​ឆាក ក៏​ល្អ​ឥត​ខ្ចោះ​ថែម​ទៀត។

យ៉ាង​ណា​ចំណុច​មួយ​ផ្សេង​ទៀត ដែល​នៅ​មានអ្នក​មិន​ទាន់​ចាប់​អារម្មណ៍​នោះ ក្រោយ​ពី​មាន​បុរស​ម្នាក់​បាន​ចេញ​មក​លាត​ត្រដាង​ពី​ចរិត​ពិត​របស់ ស៊ូ ស៊ីរីកា តាម​រយៈ​បទ​ចម្រៀង​មួយ​នេះ។ តាម​ខ្លឹមសារ​ដែល​មាន​ក្នុង​បទ​ថ្មី​របស់​ថោន​ខាង​លើ រៀបរាប់​ពី​ការ​តម្រូវ​ការ​របស់​នារី​ក្រមុំ​ម្នាក់ ក្នុង​លក្ខខណ្ឌ​ដែល​បុរស​ណា ចង់​ចូល​ខ្លួន​មក​ធ្វើ​ជា​គូស្នេហ៍​របស់​នាង។

តម្រូវ​ការ​នោះ​គឺ​ថា ត្រូវ​ទុក​នាង​ជា​រឿង​ទី​១​ជា​ដរាប មិន​ថា​នៅ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ មិន​ថា ការងារ ដើរ​ផ្សារ ឬ​អ្វី​ឡើយ គឺ​នាង​ជា​អាទិភាព​ទី១​ ហើយនាង​ត្រូវ​ការ​អ្វី ចង់​បាន​អ្វី ប្រុស​ថ្លៃ​មិន​ត្រូវ​ឆ្លើយ​ថា "ទេ" នោះ​ឡើយ និយាយ​ឲ្យ​ចំ​គឺ​ផ្គាប់​ផ្គន់​តែ​ម្ដង។ ត្រង់​ចំណុច​នេះ​ហើយ ដែល​បុរស​ម្នាក់​បាន​ចេញ​មក​ទម្លាយ​ចរិត​ពិត​របស់​តារា​ចម្រៀង​ស្រី។

បុរស​​រូប​នោះ គឺ​លោក អៀង សំអាត ហៅ Vj Alaskoo បាន​អះអាង​នៅ​ព្រឹក​នេះ ក្រោយ​គេ​បាន​ឃើញ​បទ​ចម្រៀង​ខាង​លើ មាន​ការ​ចាប់​អារម្មណ៍​ច្រើន។ អតីត​ពលករ​ធ្វើ​​ការ​នៅ​ប្រទេស​កូរ៉េ បាន​សរសេរ​ថា "បទ "ជំនូន" របស់​តារា​ចំរៀង​ជួរ​មុខ ស៊ូ ស៊ីរីកា ថោន​មិន​ដល់​១០​ម៉ោង​ផង មាន​អ្នក​ទស្សនា​រាប់​សិប k... បទ​នេះ គឺ​ចរឹក​ពិត គាត់..កំលោះ​ៗ ស្តាប់​ហើយ​ចាំ​ចូល​ដណ្តឹង (អត់លុយទិញលៀសទេ សន្សំលុយទិញកាបូប ហាហា)“។

តប​នឹង​ការ​ទម្លាយ​របស់​តារា​ប្រុស គេ​ឃើញ​តារា​ចម្រៀង ស៊ូ ស៊ីរីកា ក៏​បាន​ចូល Comment ចូល​ទៅ​ឆ្លើយ​តប​ដែរ។ ស៊ីរីកា បាន​សរសេរ​ទៅ Alaskoo ដោយ​ជេរ​ក្នុង​ន័យ​លេង​សើច​ថា "មី​ចោរ​បង!”៕ តោះ...ឥឡូវ​ទស្សនា​បទ "ជំនូន​ខាង​លើ" ស្ទង់​មើល​ចរិត​ពិត​របស់​អ្នក​ច្រៀង​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា