Facebook ថា Apple ចង់ចំណេញលុយជាងគិតពីឯកជនភាពរបស់អ្នកប្រើប្រាស់

  • 2020-12-17 02:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​បង្ហោះ​ថ្មី​មួយ Facebook បាន​អះអាង​ថា​ការ​ផ្លាស់​ប្ដូរ​ថ្មី​​នៅ​លើ iOS 14 ដែល​នឹង​ចាប់​ផ្ដើម​អនុវត្តន៍​នៅ​ដើម​ឆ្នាំ ២០២១ នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​តូចៗ​ជា​ច្រើន​​។

គួរ​ដឹង​ថា​ចាប់​ពី​ដើម​ឆ្នាំ​ក្រោយ Apple នឹង​តម្រូវ​ឲ្យ​​កម្មវិធី​ទាំង​អស់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​ប្រមូល​យក​ចំណង់​ចំណូល​ចិត្ត​អំពី​​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក​ប្រើ​ប្រាស់ ដែល​ទិន្នន័យ​នេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​​ការ​ផ្សាយ​ពាណិជ្ជកម្ម​​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ចេញ​ទៅ​ចំ​គោលដៅ។ ​វា​នឹង​បង្ហាញ​ជា​ផ្ទាំង​ដូច​ខាង​ក្រោម ពេល​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​កាន់​កម្មវិធី​ណា​មួយ​​នៅ​លើ iOS 14 ៖

​ដោយ​ឡែក​ក្នុង​ការ​បង្ហោះ​របស់ Facebook បាន​សរសេរ​ដូច​នេះ​ថា ៖ "យើង​មិន​យល់​ស្រប​នឹង​​គោលការណ៍​ថ្មី​របស់​ Apple ​នោះ​ទេ​ ប៉ុន្តែ​”​យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បង្ហាញ​ផ្ទាំង​​បញ្ជាក់​របស់ Apple។ ប្រសិន​បើ​យើង​មិន​ព្រម​បង្ហាញ​ផ្ទាំង​សួរ​បញ្ជាក់​ទៅ​អ្នក​ប្រើ​ប្រាស់ ពួក​គេ (Apple) នឹង​ប្លុក​ Facebook ពី App Store។ ដែល​បែប​នេះ​គឺ​​​នឹង​ប៉ះពាល់​ដល់​អ្នក​ប្រើ និង​អាជីវកម្ម​ដែល​ពឹង​ផ្អែក​លើ​សេវាកម្ម​យើង។"

Facebook បាន​បន្ត​រៀប​រាប់​ថា​​​គោលការណ៍​របស់ Apple គឺ​គិត​តែ​ពី​ប្រាក់​ចំណេញ មិន​មែន​ឯកជន​ភាព​នោះ​ទេ។ Facebook អះអាង​ថា​​អាជីវកម្ម​តូចៗ​នឹង​ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ប្រាស់​ការ​បង់​លុយ​ប្រើ​ប្រាស់​សេវាកម្ម និង​ការ​លក់​របស់​របរ​បន្ថែម​ក្នុង​កម្មវិធី​ដើម្បី​​​រក​ប្រាក់​ចំណូល ដែល​ចុង​ក្រោយ​ Apple គឺ​ជា​អ្នក​ចំណេញ។

​ជា​ការ​ឆ្លើយ​តប​នឹង Facebook ខាង Apple បាន​​ធ្វើ​ការ​ពន្យល់​ថា​ Facebook អាច​ប្រាប់​អ្នក​ប្រើ​ប្រាស់​អំពី​មូលហេតុ​នៃ​ការ​សុំ​ប្រមូល​យក​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​បាន និង​បាន​បន្ថែម​ថា​គោលការណ៍​ថ្មី​លើ iOS 14 មិន​បាន​តម្រូវ​ឲ្យ Facebook ប្ដូរ​វិធីសាស្ត្រ​ប្រមូល​យក​ទិន្នន័យ​ពី​អ្នក​ប្រើ​ប្រាស់​នោះ​ទេ គឺ​គ្រាន់​តែ​តម្រូវ​ឲ្យ​ Facebook ផ្ដល់​ជូន​ជម្រើស​ដល់​អ្នក​ប្រើ៕​​​​​​​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង