Ilhoon (BTOB) ជាប់ពាក់ព័ន្ធនឹងករណីជះលុយជាង ៩ម៉ឺនដុល្លារទិញគ្រឿងញៀនជក់
- 2020-12-22 02:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ilhoon (BTOB) ជាប់ពាក់ព័ន្ធនឹងករណីជះលុយជាង ៩ម៉ឺនដុល្លារទិញគ្រឿងញៀនជក់
ចន្លោះមិនឃើញ
វិបសាយ SPOTV NEWS បានចេញផ្សាយព័ត៌មានមួយដែលបង្កជាការកក្រើកពេញពិភព K-POP ជាថ្មីទាក់ទងនឹងតារាចម្រៀង Jung Ilhoon សមាជិកក្រុម BTOB ដែលមានការសង្ស័យថាមានការជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀន។
មានការរាយការណ៍មកថា តារាចម្រៀងខាងលើបានចំណាយដល់ទៅ ១០០លានវ៉ុន (ខ្ទង់ ៩០ ៥១៧ដុល្លារ) ដើម្បីទិញថ្នាំនេះមកជក់។
ផ្អែកតាមការចុះផ្សាយដដែល ក្រុមប៉ូលីសក៏បានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងបានបញ្ជាក់ថាកាលពីជាង ៤-៥ឆ្នាំមុន Ilhoon បានផ្ញើលុយទៅឲ្យឈ្មួញកណ្ដាលម្នាក់ គឺ បុគ្គល "A"។ បន្ទាប់មកបុគ្គល "A" ក៏បានទិញ និងចែកចាយកញ្ឆាត្រឡប់មកឲ្យ Jung Ilhoon ជាការដោះដូរជាមួយនឹងលុយ។
បន្ថែមពីលើនោះ Ilhoon ក៏ត្រូវបានគេរាយការណ៍ទៀតថា លោកបានចែក និងជក់ថ្នាំញៀនប្រភេទដដែលជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនក្នុងផ្ទះ និងក្នុងឡាន តាំងពីឆ្នាំ ២០១៦មកម្ល៉េះ។
ការស៊ើបអង្កេតក៏បានដំណើរការឈានដល់ការធ្វើតេស្តទៅលើ Jung Ilhoon ដោយយកសរសៃសក់របស់តារាប្រុសរូបនេះ ហើយលទ្ធផលចេញមកគឺពិតជាមានសញ្ញាវិជ្ជមាន បញ្ជាក់ថាលោកពិតជាបានប្រើថ្នាំពិតមែន។
ងាកទៅផលិតកម្ម Cube របស់ BTOB វិញក៏បានចេញមុខសុំទោសសម្រាប់រឿងរ៉ាវដែលបានកើតឡើង ហើយបញ្ជាក់ថាពេលនេះក្រុមការងារមានសមត្ថកិច្ចកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ឯក្រុមការងាររបស់ផលិតកម្មក៏កំពុងតាមដានចាត់ចែងរឿងនេះជាបន្តដែរ៕