សិល្បករល្បីលំដាប់អន្តរជាតិ លាង ស៊ីកន បានជួយអ្វីខ្លះដល់វប្បធម៌ និងសង្គម

  • 2020-12-23 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើគិតត្រឹម ៤ឆ្នាំចុងក្រោយនេះលោកបានបរិច្ចាគទឹកប្រាក់សរុបជាង ៧ម៉ឺនដុល្លារហើយ សម្រាប់ចូលរួមជួយលើកស្ទួយវិស័យវប្បធម៌ សិល្បៈ អប់រំ និងសង្គមកម្ពុជា។ នេះជាការបញ្ជាក់ប្រាប់ឲ្យដឹងពីលោក លាង ស៊ីកន សិល្បករសហសម័យជនជាតិខ្មែរម្នាក់ល្បីក្នុងឆាកអន្តរជាតិ។

លោក លាង ស៊ីកន ថតក្នុងថ្ងៃតាំងពិព័រណ៍នៅវិចិត្រសាលរបស់វិទ្យាស្ថានបារាំងកាលពីកន្លងទៅ

លោក លាង ស៊ីកន លើកឡើងថា **«ការចូលរួម និងបរិច្ចាគថវិកាទាំងនេះគឺកើតចេញពីបេះដូងរបស់អ្នកសិល្បៈ ទោះបីស្នាដៃនេះលក់បានក្នុងតម្លៃថ្លៃក៏ដោយ តែមិនមែនជាអ្នកជំនួញនោះទេ យើងលក់ស្នាដៃមួយគឺប្រើរយៈពេលយូរ ពេលខ្លះ១ឆ្នាំ ឬ២ឆ្នាំ បានលក់បានស្នាដៃមួយ នេះបញ្ជាក់ថា យើងរស់ដោយសេចក្តីស្រឡាញ់ រស់ដោយសប្បាយចិត្ត រស់ដោយការចែករំលែក និងត្រូវចូលរួមចែករំលែកអ្វីដែលយើងទទួលបានទៅដល់សង្គមផងដែរ»**។

រូបគំនូររបស់់លោក លាង ស៊ីកន ដែលបរិច្ចាគតាមអង្គការយូនីស្កូទៅឲ្យសារមន្ទីរទួលស្លែង រូបថត៖ផ្តល់ដោយ លោក លាង ស៊ីកន

លោក លាង ស៊ីកន បន្ថែមថា «ខ្ញុំពិតជាសប្បាយចិត្ត និងត្រេកអរខ្លាំងណាស់ ដែលស្នាដៃរូបគំនូរមួយផ្ទាំងតូចរបស់ខ្ញុំ «Boy in the box of Wifi God» បានលក់ដាច់ក្នុងតម្លៃ ៦៥០០ដុល្លារក្នុងកម្មវិធីពិព័រណ៍ និងដាក់ដេញថ្លៃស្នាដៃសិល្បៈរបស់ Sa Sa Art Projects នៅប្រទេសកម្ពុជាក្នុងសម័យកូវីដនេះ។ អ្នកដែលបានដេញថ្លៃបារូបគំនូរខ្ញុំនោះគឺជា Art collector ម្នាក់នៅប្រទេសជប៉ុន។ ខ្ញុំនឹងបរិច្ចាគថវិកា ៥០ភាគរយស្នើនឹង ៣២៥០ដុល្លារ ទៅដល់ Sa Sa Art Projects ដើម្បីបន្តសកម្មភាពការងាររបស់ខ្លួនក្នុងគោលដៅជួយដល់សិល្បៈករសហសម័យជំនាន់ក្រោយនៅឆ្នាំបន្ទាប់។ ឆ្នាំនេះខ្ញុំបានបរិច្ចាគទឹកប្រាក់សរុបប្រមាណជា ៤ ៣២​៥០ ដុល្លារហើយ។ ថវិកាទាំងនេះសុទ្ធសឹងតែបានមកពីលក់ និងដេញស្នាដៃរបស់ខ្ញុំក្នុងកម្មវិធីផ្សេងៗ ដោយថវិកានោះបានយកទៅជួយអង្គការ Lotus Outreach International ជួយស្ត្រី និងកុមារនៅប្រទេសឥណ្ឌា និងកម្ពុជា ,ជួយសិស្សអាហារូបករណ៍របស់សាលាផ្នែក IT មួយនៅកម្ពុជា។ កាលពីឆ្នាំ២០១៩កន្លងទៅខ្ញុំក៏បានបរិច្ចាគផ្ទាំងគំនូររូបព្រះពុទ្ធមួយផ្ទាំងទំហំ ២ម៉ែត្រ x ១,៥ម៉ែត្រ តម្លៃ ២៨ ០០០ដុល្លារ តាមរយៈអង្គការយូនីស្កូទៅឲ្យសារមន្ទីរទួលស្លែង។ បើសរុបរយៈ ៤ឆ្នាំចុងក្រោយនេះលោកបានបរិច្ចាគសរុបមានប្រមាណ ៧​ ១២៥០​ ដុល្លារ»**។

រូបគំនូរទាំង៣ខាងលើរបស់់លោក លាង ស៊ីកន ដែលលោកបានបរិច្ចាគ និងដេញថ្លៃរកថវិកាជួយសង្គម រូបថត៖ផ្តល់ដោយ លោក លាង ស៊ីកន

ក្រៅពីបរិច្ចាគថវិការយៈពេលជាង១០ដើម្បីជួយទ្រទ្រង់ក្នុងវិស័យវប្បធម៍ សង្គម មនុស្សធម៌ លោកក៏បានចូលរួមផ្សព្វផ្សាយពីតម្លៃនៃវិស័យទាំងនេះតាមរយៈស្នាដៃសិល្បៈរបស់ខ្លួនជាច្រើនឲ្យមនុស្សជាតិបានស្គាល់ និងបានឃើញផងដែរ។

លោក លាង ស៊ីកន គឺជាសិល្បករផ្នែកគំនូរសហសម័យដែលមានបទពិសោធន៍ជាង២០ឆ្នាំដែលល្បីឈ្មោះមួយរូបទាំងក្នុងស្រុក និងក្រៅប្រទេស។ ស្នាដៃសិល្បៈរបស់លោកភាគច្រើនគឺបង្ហាញពីមនុស្សធម៌ បរិស្ថាន និងការទំនាក់ទំនងសង្គម។ ស្នាដៃរបស់សិល្បកររូបនេះត្រូវបានដាក់តាំងជាច្រើនដូចជា កម្ពុជា ជប៉ុន មីយ៉ាន់ម៉ា អូស្ត្រាលី ហុងកុង អង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសធំៗមួយចំនួនផ្សេងទៀតនៅទ្វីបអាស៊ី និងអឺរ៉ុប។ បច្ចុប្បន្នស្នាដៃរបស់លោកត្រូវជាប់កុងត្រាតាំងបង្ហាញជាមួយសារមន្ទីរនៅហុងកុង និងអង់គ្លេស៕

សកម្មភាពអ្នកចូលរួមក្នុងពិព័រណ៍នៅវិចិត្រសាលរបស់វិទ្យាស្ថានបារាំងកាលពីកន្លងទៅ

អត្ថបទ៖ លន ហ្សាឌីណា