លោក Robert Elliott ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ត្រូវបានប្រទានកិត្តិយសពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការរួមចំណែកក្នុងវិស័យធានារ៉ាប់រង
- 2020-12-24 12:17:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Robert Elliott ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ត្រូវបានប្រទានកិត្តិយសពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការរួមចំណែកក្នុងវិស័យធានារ៉ាប់រង
ចន្លោះមិនឃើញ
លោក Robert Elliott ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ត្រូវបានព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនាដែលជាការទទួលស្គាល់ស្នាដៃរបស់លោកលើការជួយអភិវឌ្ឍន៍វិស័យធានារ៉ាប់រង នៅកម្ពុជា ការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុដល់សាធារណជន ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ។
គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា គឺជាគ្រឿងឥស្សរិយយសប្រទានដោយព្រះមហាក្សត្សតាមរយៈព្រះរាជក្រឹត្យ និងប្រកាសនីយបត្រ។ នេះជាគ្រឿងឥស្សរិយយសខ្ពស់ជាងគេលំដាប់ទី ២ បន្ទាប់ពីគ្រឿងឥស្សរិយយសថ្នាក់មហាសិរីវឌ្ឍន៍ ហើយលោក Robert គឺជាបុគ្គលមួយរូបក្នុងចំណោមជនបរទេសតិចតួចបំផុតក្នុងវិស័យហិរញ្ញវត្ថុដែលទទួលបានគ្រឿងឥស្សរិយយសនេះ។
លោក Anil Wadhwani អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា៖ «លោក Robert ពិតជាសក្តិសមនឹងទទួលបានគ្រឿងឥស្សរិយយសនេះណាស់។ ការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាពិតជាគួរឲ្យស្ងើចសរសើរ។ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង អាជីវកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ឱ្យក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារកម្ពុជាក៏ដូចជាការរីកលូតលាស់របស់វិស័យធានារ៉ាប់រងអាយុជីវិតក្នុងស្រុកទាំងមូលផងដែរ។»
វិស័យធានារ៉ាប់រងអាយុជីវិតមានវត្តមាននៅទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១២ ស្របពេលដែលក្រុមហ៊ុន មេនូឡាយហ្វ៍ ទទួលបានអាជ្ញាបណ្ណអាជីវកម្មក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់។ បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៣ ក្រុមហ៊ុន ហើយ ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានចំណែកទីផ្សារអាជីវកម្មអាយុជីវិតនាំមុខគេសម្រាប់ឆ្នាំ២០២០។ ជារួម វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាផ្ដល់ការងារដល់ប្រជាជនប្រមាណ ១០.០០០ នាក់ដែលក្នុងនោះ ៦.០០០ នាក់ជាបុគ្គលិកនៅក្រុមហ៊ុន មេនូឡាយហ្វ៍ រាប់បញ្ចូលទាំងទីប្រឹក្សាធានារ៉ាប់រងផងដែរ។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ក្រោមការដឹកនាំរបស់លោក Robert ជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ។ ក្រោយមក លោកក៏ត្រូវបានបោះឆ្នោតតែងតាំងជាអនុប្រធានសមាគមធានារ៉ាប់រងកម្ពុជាផងដែរ។
លោក Robert មកពីចក្រភពអង់គ្លេសហើយបានបម្រើការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ តាំងពីឆ្នាំ ១៩៨០ ក្នុងបណ្ដាប្រទេសជាច្រើន។ ក្រៅពីមុខងារជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លោក Robert ក៏ជាអគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រចាំប្រទេសមីយ៉ាន់ម៉ាផងដែរ។ មុនពេលចូលបម្រើការងារជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លោកបានចំណាយពេល ៣ ឆ្នាំជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ នៅប្រទេសសិង្ហបុរី ដឹកនាំនាយកដ្ឋានផ្នែកលក់ បណ្តាញដៃគូចែកចាយ ហើយមុននោះផងដែរ លោកស្នាក់នៅទីក្រុងហុងកុង។
លោក Robert បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបចិត្ត និងរីករាយក្រៃលែងដែលបានទទួលគ្រឿងឥស្សរិយយសនេះ។ ខ្ញុំសប្បាយចិត្តដែលបានជួយប្រជាជនកម្ពុជាក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏ល្អប្រសើរ និងរឹងមាំមួយដើម្បីឲ្យពួកគាត់អាចរៀបចំផែនការសន្សំនាពេលអនាគត និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាព។ ការទទួលបានការទទួលស្គាល់លើការងារដែលខ្ញុំស្រឡាញ់ពិតជារឿងដែលអស្ចារ្យណាស់។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងាររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទាំងអស់ព្រោះថាការទទួលស្គាល់នេះអាចធ្វើទៅបានក៏ដោយសារការប្ដេជ្ញាចិត្តខ្ពស់របស់បុគ្គលិកចំពោះអតិថិជនផងដែរ៕»
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។
អំពីក្រុមហ៊ុន មេនូឡាយហ្វ៍
ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ យើងមានស្នាក់ការកណ្តាលជាសកលនៅទីក្រុង Toronto ប្រទេស កាណាដា ហើយយើងមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តាលការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ ២០១៩ យើងមានបុគ្គលិកបម្រើការងាជាង ៣៥ ០០០ នាក់ភ្នាក់ងារធានារ៉ាប់រងប្រមាណ ៩៨ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជិត ៣០ លាននាក់។ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,៣ ទ្រីលានដុល្លារកាណាដា ឬ ៩៤៣ ពាន់លានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ យើងបានផ្ដល់សំណងជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ៣១,២ ពាន់លានដុល្លារ។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១៥៥ ឆ្នាំមកហើយ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និងទីផ្សារមូលបត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ ៩៤៥៕