នាយកអង្គការសាលារៀនទន្សាយ ប្រាប់អារម្មណ៍រំភើប ពេលលឺក្មេងស្រីវ័យ ១៥ឆ្នាំ រត់១០០គីឡូម៉ែត្រ ជួយកុមារអូទីហ្ស៊ឹម

  • 2021-01-04 00:55:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ៊ុន ទូច នាយកប្រតិបត្តិអង្គការសាលារៀនទន្សាយ បានបង្ហាញអារម្មណ៍រំភើបនៅពេលបានទទួលដំណឹងពីក្មេងស្រីវ័យ ១៥ឆ្នាំ បានសម្រេចចិត្តរត់ ១០០គីឡូម៉ែត្រ ជួយក្មេងខ្សោយបញ្ញា និងជំងឺអូទីហ្សឹម ហើយនេះជាសារសំខាន់មួយបង្ហាញថា «ខ្មែរចេះជួយគ្នាទៅវិញទៅមក និងធ្វើការងាររួមគ្នា ដើម្បីសង្គមល្អមួយ»

លោក ហ៊ុន ទូច នាយកប្រតិបត្តិអង្គការសាលារៀនទន្សាយ

ថ្មីៗនេះ ក្មេងស្រីអាយុ១៥ឆ្នាំ ឈ្មោះ នីកូ រៀនថ្នាក់ទី១០ នៅសាលាអន្ដរជាតិមួយ បានប្រកាសរត់ជាមួយ សាយ ដែលជាតារាចម្រៀង និងជាអ្នកផ្ដួចផ្ដើមរត់រៃអង្គាសជួយមន្ទីរពេទ្យ កុមារអង្គរ។ ពួកគេនឹងរត់ពីក្រុងព្រៃវែង មកក្រុងតាខ្មែរ ដែលមានចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រ ដើម្បីជួយកុមារ នៅអង្គការសាលារៀនទន្សាយ ដែលកំពុងប្រឈមបញ្ហាជាច្រើន អំឡុងសម័យកាលកូវីដ១៩។

នាយកអង្គការសាលារៀនទន្សាយ លោក ហ៊ុន ទូច បានប្រាប់ថា នៅអំឡុងសម័យកាលកូវីដ១៩ កុមារប្រមាណជា ៥៥៧នាក់ កំពុងជួបការលំបាកច្រើន ដោយសារ ពួកគេ ត្រូវរៀននៅផ្ទះ និងសាលាក៏ខ្វះខាតថវិកាមួយចំនួន ក្រោយម្ចាស់ជំនួយ បានកាត់បន្ថយ ជាដើម។

កុមារខ្សោយបញ្ញា និង កុមារជំងឺអូទីហ្សឹម គឺទាមទារការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងការថែទាំងពួកគេ ប្រសិនបើពួកគេរៀននៅផ្ទះ ហើយឪពុកម្ដាយ មិនសូវមានពេលមើលថែ នឹងធ្វើឲ្យពួកគេ មានបញ្ហាសតិអារម្មណ៍កាន់តែខ្លាំង។ ម៉្លោះហើយ អង្គការសាលារៀនទន្សាយ គឺជាអាណាព្យាបាលទី២ ដែលជួយមើលថែពួកគេ គ្រប់គ្រងពួកគេបានល្អ និងផ្ដល់ការអប់រំផ្សេងៗផងដែរ។

តើអង្គការសាលារៀនទន្សាយ បង្រៀនអ្វីខ្លះដល់កុមារខ្សោយបញ្ញា និងកុមារអូទីហ្សឹម ? លោក ហ៊ុន ទូច បានឲ្យដឹងថា អង្គការនេះបង្កើតឡើងអំឡុងឆ្នាំ ១៩៩៧ ដើរតួនាទីសំខាន់នៅក្នុងការបណ្ដុះបណ្ដាលកុមារខ្សោយបញ្ញា និងកុមារអូទីហ្សឹម, បណ្ដុះបណ្ដាលគ្រូ, បណ្ដុះបណ្ដាលវិជ្ជាជិវៈផ្សេងៗ និងការស្វែងរកការគាំទ្រមតិ ដើម្បីលើកកម្ពស់ដល់កុមារអូទីហ្សឹម ជាដើម។

ទាក់ទងនឹងកម្មវិធីសប្បុរសធម៌រត់១០០គីឡូម៉ែត្រ ពីក្រុងព្រៃវែង មកក្រុងតាខ្មែរ ដែលផ្ដួចផ្ដើមដោយ ក្មេងស្រី នីកូ គឺជារឿងសំខាន់បំផុត នៃការផ្ញើសារទៅកាន់ប្រជាពលរដ្ឋខ្មែរ អំពីការយកចិត្តទុកដាក់ ដល់កុមារអូទីហ្សឹម ហើយជាផ្នែកមួយជួយដល់អង្គការសាលារៀនទន្សាយផងដែរ។ លោក ហ៊ុន ទូច និយាយ។

«ខ្ញុំសប្បាយចិត្តណាស់ ! កម្រមានក្មេងស្រីណា ហ៊ានបង្កើតសកម្មភាពបែបនេះ ដើម្បីជួយដល់កុមារងាយរងគ្រោះនោះទេ។ យុទ្ធនាការនេះ ខ្ញុំជឿជាក់ថា ជាការពញាក់ស្មារតី និងការលើកទឹកចិត្តដល់កុមារអូទីហ្សឹម។ លុយសំខាន់មួយផ្នែក តែទឹកចិត្ត និងការលើកទឹកចិត្តដល់កុមារងាររងគ្រោះ​ ហើយក៏ជាសារសំខាន់មួយផ្លាស់ប្ដូរទស្សនៈមួយចំនួនតូច ដែលយល់ច្រលំថា កុមារអូទីហ្សឹម ជាកុមារឆ្កួត និងកុមារមិនគ្រប់ទឹក ជាដើម»។ លោក ហ៊ុន ទូច បន្ថែម៕

លោក ហ៊ុន ទូច និង នីកូ

សូមចុចអាន៖ គួរឲ្យសរសើរ! ក្មេងស្រីអាយុ ១៥ឆ្នាំ រត់ ១០០គីឡូម៉ែត្រជាមួយសាយ ជួយកុមារអូទីហ្សឹម

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី