ប្រើសុទ្ធតែក្បាច់បង្ខំ ឥឡូវមនុស្សរាប់លាននាក់នាំគ្នាប្ដូរទៅប្រើ Telegram!

  • 2021-01-12 02:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​ WhatsApp ជា​ច្រើន​លាន​នាក់​បាន​ធ្វើ​ការ​បោះបង់​ចោល​កម្មវិធី​ផ្ញើ​សារ​នេះ មុន​ការ​អាប់ដេត​​គោលការណ៍​ថ្មី​ដែល​បង្ខំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​ព័ត៌មាន​របស់​ពួក​គេ​ជា​មួយ Facebook។

ការ​អាប់ដេត​​របស់ WhatsApp ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​ខាង​មុខ​នេះ នឹង​ប៉ះពាល់​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ដែល​​មិន​មែន​រស់នៅ​ក្នុង​តំបន់​អឺរ៉ុប និង​ចក្រភព​អង់គ្លេស ដែល​តំបន់​ពីរ​នេះ​មាន​ច្បាប់​តឹងរ៉ឹង​ការពារ​​ព័ត៌មាន​​របស់​អ្នក​ប្រើ។

អ្នក​ប្រើ​ប្រាស់​​នៅ​ក្រៅ​ពី​តំបន់​ពីរ​ខាង​លើ​នឹង​តម្រូវ​ផ្ដល់​សិទ្ធ​សម្រាប់​ឲ្យ Facebook ចូល​យក​ព័ត៌មាន​របស់​ពួក​គេ មាន​រួម​បញ្ចូល​លេខ​ទូរសព្ទ និង​ព័ត៌មាន​អំពី​ការ​ទំនាក់ទំនង​របស់​ពួក​គេ​ជា​មួយ​អ្នក​ដទៃ។ ទាល់​តែព្រម​ផ្ដល់​សិទ្ធ​ទើប​ពួក​គេ​អាច​បន្ត​ប្រើ​ប្រាស់​ WhatsApp បាន​ត​ទៀត។

ការ​ទាមទារ​នេះ​នឹង​ត្រូវ​អនុវត្តន៍​លើ​គ្រប់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ ទោះ​បី​ជា​ពួក​គេ​មិន​មាន​គណនី Facebook ក្ដី។

ពេល​ WhatsApp បាន​ប្រកាស​អំពី​​ផែនការ​នៃ​ការ​ផ្លាស់​ប្ដូរ​នេះ បាន​ធ្វើ​ឲ្យ​ Telegram មាន​កំណើន​ចំនួន​ទាញ​យក​ជិត ១,៧​លាន​ដង​ភ្លាមៗ ហើយ​កម្មវិធី​ Signal (ជាកម្មវិធី​ផ្ញើសារ​ដែលលោក Elon Musk​ ណែនាំ​ឲ្យ​ប្រើ​ប្រាស់​) មាន​កំណើន​ចំនួន​ទាញ​យក ១,២​លាន​ដង​។

ដោយ​ឡែក​ចំនួន​ទាញ​យក​កម្មវិធី WhatsApp ក្នុង​រយៈពេល​៧​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ ២០២១ មាន​ការ​ធ្លាក់​ចុះ​ចំនួន ១៣% ​មក​នៅ​ត្រឹម ១០,៣​លាន​ដង ប្រសិន​បើ​ធៀប​នឹង​​អំឡុង​ពេល​​៧​ថ្ងៃ​មុន។

ការ​សម្រេច​ចិត្ត​របស់ WhatsApp នា​ពេល​នេះ​គឺ​​ខុស​គ្នា​ទាំង​ស្រុង​ ​ប្រៀប​នឹង​​ពេល​ដែល​ Facebook ​ទើប​ទិញ​ WhatsApp ដំបូង​ក្នុង​ឆ្នាំ ២០១៤ ក្នុង​ទំហំ​ទឹក​ប្រាក់ ១៩​ពាន់​លាន​ដុល្លារ។ ពេល​នោះ​ WhatsApp បាន​​ធានា​ថា​​ទិន្នន័យ​របស់​អ្នក​ប្រើ​នឹង​បន្ត​នៅ​ជា​ឯកជន ហើយ​មិន​ចែក​រំលែក​ជា​មួយ​ Facebook នោះ​ទេ។ ​ការ​ផ្លាស់​ប្ដូរ​គោលការណ៍​នេះ បាន​ចាប់​ផ្ដើម​លេច​ចេញ​ដំបូង​កាល​ពី​ឆ្នាំ ២០១៦ ​​ពេល​ដែល​ WhatsApp ចាប់​ផ្ដើម​ចែក​រំលែក​ទិន្នន័យ​ជា​ Facebook ជា​លក្ខណៈ​ Default ដែល​ពេល​នោះ​អ្នក​ប្រើ​ប្រាស់​អាច​មាន​សិទ្ធ​បិទ​មិន​ឲ្យ​មាន​ការ​ចែក​រំលែក​បាន។

យ៉ាងណាក្ដី​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ខាង​មុខ​នេះ អ្នក​ប្រើ​ប្រាស់​ WhatsApp នឹង​មិន​មាន​ជម្រើស​អ្វី​​នោះ​ឡើយ គឺ​ត្រូវ​តែ​ទទួល​យក​ការ​ផ្លាស់​ប្ដូរ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចែក​រំលែក​ទិន្នន័យ​របស់​ខ្លួន​ជា​មួយ Facebook ប្រសិន​បើ​ពួក​គេ​ចង់​ប្រើ​ប្រាស់ WhatsApp ជា​បន្ត៕​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
បិទ