ល្អណាស់! អេសស៊ីជី បន្តផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិតកម្ពុជា ទោះបីកូវីដ១៩ក្ដី
- 2021-01-12 09:47:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អណាស់! អេសស៊ីជី បន្តផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិតកម្ពុជា ទោះបីកូវីដ១៩ក្ដី
ចន្លោះមិនឃើញ
ទោះបីមានភាពប្រឈមដែលបង្កឡើងដោយជំងឺឆ្លងរាតត្បាតកូវីដ១៩ក្ដី ក្រុមហ៊ុន អេសស៊ីជី (SCG) ដែលឈានមុខគេនៅក្នុងទីផ្សារអាស៊ាន ក្នុងវិស័យឧស្សាហកម្មផលិតស៊ីម៉ងត៍ និងគ្រឿងសំណង់ នៅតែបន្តផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ជាង ១២០នាក់ នៅឆ្នាំ២០២១នេះ។ អាហារូបករណ៍ ដែលបានប្រគល់ជូនសិស្សនិស្សិតកាលពីដើមខែមករានេះ សំដៅជួយដល់សិស្សនិស្សិតដើម្បីសម្រាលការលំបាកដែលបង្កដោយជំងឺរាតត្បាតកូវីដ១៩ និងជួយដល់ពួកគេក្នុងការបន្តក្ដីសុបិនសម្រាប់ការអប់រំរបស់ពួកគេ។
លោក រ៉ាតឆាយុត កាសេមឆៃសិរិ (Ratchayut Kasemchaisiri) នាយក អេសស៊ីជី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ទោះបីជួបប្រទះនឹងផលប៉ះពាល់ខ្លះពីជំងឺកូវីដ១៩ក្ដីក៏ អេសស៊ីជី នៅតែបន្តសកម្មភាពសង្គមរបស់ខ្លួនដែលរួមចំណែកដល់សង្គមជាតិកម្ពុជា ជាប្រក្រតីដដែល ហើយការផ្ដល់អាហារូបករណ៍គឺជាផ្នែកមួយនៃកម្មវិធី “អេសស៊ីជី ចែករំលែកក្ដីសុបិន” ដែលបានចាប់ផ្ដើមនៅកម្ពុជា តាំងពីឆ្នាំ២០១៤មកម្ល៉េះ ។
លោក រ៉ាតឆាយុត មានប្រសាសន៍ដូច្នេះថា “ឆ្នាំនេះ យើងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិត ១២៨នាក់ ដែលគ្រួសារនិងការសិក្សារបស់ពួកគេរងផលប៉ះពាល់ដោយសារកូវីដ-១៩ ។ ក្រុមហ៊ុន អេសស៊ីជី (SCG) សង្ឃឹមថា អាហារូបករណ៍ទាំងនេះ នឹងជួយសម្រាលការលំបាករបស់ពួកគេបានខ្លះ និងជួយលើកទឹកចិត្តឲ្យពួកគេបន្តក្ដីសុបិនរបស់ខ្លួនដើម្បីការសិក្សាបន្តទៅថ្នាក់ខ្ពស់ ។
យុវតី សួន ស្រីវរលក្ខណ៍ អាយុ ១៩ឆ្នាំ ជាសិស្សវិទ្យាល័យវត្តកោះ នៅរាជធានីភ្នំពេញ ដែលស្ថិតក្នុងចំណោមសិស្សនិស្សិតដែលបានទទួលអាហារូបករណ៍ពី អេសស៊ីជី បាននិយាយថា រូបនាងនិងម្ដាយជាស្ត្រីមេម៉ាយ រស់នៅសព្វថ្ងៃពឹងអាស្រ័យលើប្រាក់ចំណូលពីបងប្រុសពីរនាក់របស់នាង ។ យុវតី ស្រីវរលក្ខណ៍ និយាយថា បងប្រុសទាំងពីរនាក់របស់នាងបានធ្លាក់ចុះចំណូលយ៉ាងខ្លាំង បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ និងថា ការធ្លាក់ចំណូលនេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់គ្រួសារនាង ។ យុវតី សួន ស្រីវរលក្ខណ៍ និយាយយ៉ាងដូច្នេះថា “ខ្ញុំសូមអរគុណដល់ អេសស៊ីជី ដែលបានផ្ដល់អាហារូបករណ៍ដល់ខ្ញុំ ដែលបានជួយសម្រាលការលំបាកមួយផ្នែករបស់គ្រួសារខ្ញុំ និងជួយខ្ញុំឲ្យមានកម្លាំងចិត្ត ផងដែរ ។”
យុវសិស្ស លាង វ៉ាន់សាក់ អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជាស៊ីម សាមគ្គី ដែលបានទទួលអាហារូបករណ៍ផងដែរ បាននិយាយថា ជំងឺកូវីដ-១៩ បានជះផលប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលគ្រួសាររបស់ខ្លួន ។ យុវសិស្ស វ៉ាក់សាក់ និយាយយ៉ាងដូច្នេះថា “ប្រាក់អាហារូបករណ៍ពីក្រុមហ៊ុន អេសស៊ីជី បានជួយសម្រាលការលំបាករបស់គ្រួសារខ្ញុំបានមួយចំណែក។ យុវសិស្ស លាង វ៉ាន់សាក់ បាននិយាយថា «ខ្ញុំសូមអរគុណដល់ អេសស៊ីជី ខ្ញុំនឹងខិតខំ រៀនសូត្រ ទៅថ្ងៃមុខ ខ្ញុំចង់ក្លាយជាវិស្វករស៊ីវិលមួយរូប»។
ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតសរុបជាង ១៣០០នាក់ នៅក្នុងប្រទេសកម្ពុជា នៅក្រោមកម្មវិធី “អេសស៊ីជី ចែករំលែកក្ដីសុបិន” របស់ខ្លួន។ នៅឆ្នាំនេះ ទោះបីមានភាពប្រឈមដោយសារកូវីដ-១៩ក្ដី អេសស៊ីជី នៅតែប្ដេជ្ញាចិត្តជាបន្តក្នុងការជួយដល់យុវជនកម្ពុជាដើម្បីសម្រេចក្ដីសុបិនសម្រាប់អនាគតដែលពួកគេចង់បាន។
នៅឆ្នាំ២០២០ អេសស៊ីជី ក៏បានផ្ដល់អំណោយសង្គ្រោះជាគ្រឿងឧបភោគបរិភោគ ដល់គ្រួសារជាច្រើនពាន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់; បានបរិច្ចាគប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រដល់ក្រសួងសុខាភិបាលសម្រាប់ប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងបានចែកម៉ាស និងទឹកអាល់កុលលាងសម្អាតដៃ ដល់សាធារណជនផងដែរ ។ លើសពីនេះទៀត អេសស៊ីជី ក៏បានបរិច្ចាគស៊ីម៉ងត៍ និងគ្រឿងសំណង់ ដែលមានទឹកប្រាក់ជាច្រើនពាន់ដុល្លារទៅដល់សាលាដូង នៅឧទ្យានជាតិគិរីរម្យ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ថែមទៀតផង ៕