Baekhyun និង Kai និយាយពីការ Comeback របស់ EXO ថ្ងៃអនាគត
- 2021-01-14 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Baekhyun និង Kai និយាយពីការ Comeback របស់ EXO ថ្ងៃអនាគត
ចន្លោះមិនឃើញ
ស្របពេលសមាជិក EXO ទាំងអស់កំពុងមមាញឹកនឹងការងារទោលរៀងខ្លួន អ្នកគាំទ្រតែតែសន្សំចិត្តទន្ទឹងរង់ចាំថ្ងៃដែលក្រុមអាចវិលមកចេញបទចម្រៀងរួមគ្នាដូចមុនវិញ។
ជាក់ស្ដែងស្នាដៃចុងក្រោយដែល EXO បានចេញរួមគ្នាគឺអាល់ប៊ុមធំ «OBSESSION» ដែលចេញតាងពីចុងឆ្នាំ ២០១៩ ប៉ុន្តែក៏ត្រូវអវត្តមានសមាជិក ៣នាក់ដែរ មាន Lay ដែលចាប់ការងារខ្លាំងនៅចិន ក៏ដូចជា Xiumin និង D.O ដែលជាប់បំពេញកាតព្វកិច្ចក្នុងជួរទ័ព។
រម្លឹកពេល Kai ជជែកលេងជាមួយនឹង Baekhyun កាលពីចេញ Promote អាល់ប៊ុមទោលដំបូងរបស់ខ្លួន ពួកគេបានលើកយកប្រធានបទមួយ ទាក់ទងថាតើក្រុមអាចវិលមកជុំគ្នា និងចេញស្នាដៃបានកក្រើកដូចមុនឬយ៉ាងណា?
Kai និយាយថា៖ «សមាជិកទាំងអស់កំពុងផ្ដោតលើការងារទោលរៀងខ្លួននៅមួយរយៈចុងក្រោយ ហើយខ្ញុំក៏រៀនបានច្រើន និងគិតខ្លាំងពីបញ្ហានេះដែរ»។
បន្ថែមពីនេះ Kai និយាយថា ពេលនេះលោក ក៏ដូចជាសមាជិកទាំងអស់ប្រែជាចាស់ទុំអស់ហើយ ដូចនេះម្នាក់ៗត្រូវតែមានអ្វីថ្មីរៀងៗខ្លួន ហើយបើនិយាយពីរឿង Comeback ជាក្រុម លោក និង Baekhyun បានជជែកគ្នាច្រើនណាស់។
Baekhyun ផ្ទាល់បន្ថែមបន្តថា នៅពេលណាដែលសមាជិក EXO ទាំងអស់អាចវិលមកជុំគ្នាវិញ ពណ៌សម្បុររបស់ក្រុមអាចនឹងប្លែកខុសពីមុន អ្វីៗគ្រប់យ៉ាងនឹងផ្លាស់ប្ដូរ ព្រោះគ្រប់គ្នាបានឆ្លងកាត់ និងទទួលបានបទពិសោធផ្សេងៗគ្នារយៈពេលកន្លងមកនេះ។
ប៉ុន្តែទោះជាយ៉ាងណាសម្រាប់ Baekhyun និង Kai ក៏ដូចជាសមាជិកទាំងអស់ ព្រមទាំង EXO-L ក៏កំពុងរង់ចាំថ្ងៃដែលក្រុមអាចវិលជុំគ្នាដូចមុនវិញដែរ។ ម្យ៉ាងសម្រាប់ក្រុមអ្នកគាំទ្របានសម្ដែងការគាំទ្រមុនបាត់ទៅហើយថា ទោះបីបទថ្មីយ៉ាងណាក៏ដោយពួកគេនៅតែបន្តក្ដីស្រឡាញ់យ៉ាងពេញទំហឹងដូចមុនដដែល៕