លេច​រូប​ភាព​ និង​តម្រុយ​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា បង្កើត​​ផលិតកម្ម​ថ្មី​​មួយ​ទៀត​

  • 2021-01-14 08:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទើប​ឈាន​ជើង​ចូល​ដើម​ឆ្នាំ ២០២១ មាន​​លេច​រូបភាព​ច្រើន​សន្លឹក បង្ហាញ​ពី​សកម្មភាព​របស់​ថត​របស់​តារា​ចម្រៀង Tempo Tris ជា​តារា​ចម្រៀង​របស់​ផលិតកម្ម Galaxy navatra។ រូបភាព​នេះ មាន​តម្រុយ​ចេញ​មក​ថា គឺ​ជា​សកម្មភាព​ថត​បទ​ក្នុង​ផលិតកម្ម​ថ្មី​មួយ​ទៀត​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា។

តាម​ព័ត៌មាន​ដែល​ទទួល​បាន ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជា​ចាងហ្វាង​ផលិតកម្ម បាន​បញ្ចេញ​ផែន​ការ​ថ្មី​មួយ​ទៀត ដោយ​គ្រោង​នឹង​បើក​ដំណើរ​ផលិតកម្ម​ចម្រៀង​ថ្មី​ទៀត​មួយ​ហើយ ដោយ​គ្រោង​លេច​ជា​រូបរាង​​ជិត​ដំណាច់​ខែ​មករា ២០២១​នេះ។ ផលិតកម្ម​ចម្រៀង​ថ្មី​ៗ​នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា Galaxy navatra international ដែល​ជា​​ផ្នែក​មួយ​របស់​ផលិតកម្ម Galaxy navatra។

ផលិតកម្ម​នេះ គ្រោង​ចេញ​បទ​ចម្រៀង​របស់​ខ្លួន​ទី​១​នៅ​ថ្ងៃ​ទី​២២ ខែ មករា ឆ្នាំ ២០២១​ខាង​មុខ​នេះ។ ចំពោះ​បញ្ហា​នេះ ​លោក យឹម តាស្រង់ បញ្ជាក់​ថា គឺ​ជា​ការ​ពិត។ អ្នក​​ចាត់ការ​ទូទៅ​​របស់​ផលិតកម្ម Galaxy navatra បាន​​ឲ្យ​ដឹង​ថា ឧកញ៉ា​វ័យ​ក្មេង គ្រោង​ផែន​ការ​ធំ​សម្រាប់​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ ហើយ​ដូច​រូបភាព​ប្រិយមិត្ត​បាន​ឃើញ គឺ​តារា​ចម្រៀង​ដែល​នឹង​បើក​ទំព័រ​​ជា​ប្រវត្តិសាស្ត្រ​មុន​គេ​​លើ Galaxy Navatra International គឺ​ Tempo Tris ដោយ​លោក​ជា​អ្នក​និពន្ធ​​នឹង​ជា​អ្នក​ច្រៀង​ដោយ​ផ្ទាល់​តែ​ម្ដង។ បទ​នោះ​មាន​ចំណង​ជើង​ថា”Bad Boy” ដឹក​នាំ​សម្ដែង Rawyer ព្រម​ទាំង​ក្រុម​ការងារ​ជា​ច្រើន​ទៀត។

នេះ​គឺ​ជា​សកម្មភាព​ថ្មី​ទៀត​របស់​ផលិតកម្ម​ខាង​លើ បន្ទាប់​ពី​ថ្មី​ៗ​នេះ ទើប​នឹង​ប្រកាស​រើស​អ្នក​និពន្ធ ដោយ​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​មិន​ធម្មតា ចន្លោះ​ពី ៥០០-៥០០០​ដុល្លារ​អាមេរិក។ម្សិលមិញ​នេះ​ទៀត ផលិតកម្ម​ដដែល បាន​ប្រកាស​ទិញ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​របស់​យុវជន​ខ្មែរ ដោយ​ហ៊ាន​ឲ្យ​តម្លៃ​ចាប់​ពី ៦០០-១៥០០ ដុល្លារ​អាមេរិក​ថែម​ទៀត។ ដូច​ប្រាប់ តាស្រង់ ថា ទាំង​នេះ គឺ​ជា​ផែន​ការ​សម្រាប់​វាយ​លុក​ទីផ្សារ​អន្តរជាតិ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា។

យឹម តាស្រង់ បញ្ជាក់​ថា ផែន​ការ​ថ្មី​ៗ​ទាំង​ប៉ុន្មាន​នេះ គឺ​មាន​គោលដៅ​ចម្បង​​ដើម្បី​អភិវឌ្ឍន៍​សិល្បៈ​​ចម្រៀង​សម័យ​របស់​កម្ពុជា​ដើម្បី​ដើរចូលទីផ្សារ​បរទេស។ ដូច្នេះ​ហើយ មុន​ដល់​ចំណុច​នេះ ក្រុមហ៊ុន​ត្រូវ​វិនិយោគ​ជា​សំខាន់​លើ​ធនធាន​មនុស្ស ក្នុង​ចេតនា​ធ្វើ​ឲ្យ​មាន​គុណភាព​រាល់​បទ​ចម្រៀង​នីមួយៗ។ លោក​បន្ត​ថា ពី​ពេល​នេះ​ទៅ គ្រប់​បទ​ចម្រៀង​​​សុទ្ធតែ​សម្រិតសម្រាំង​នៃ​ការ​ថត​ជា​ខ្លាំង ក្នុង​នោះ​ដែរ​​ ក្រុម​ហ៊ុន​ក៏​បាន​ត្រៀម​ថវិកា​ដល់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ សម្រាប់​វិនិយោគ​លើ​បទ​ចម្រៀង​សំខាន់​ៗ​នានា៕

អត្ថបទ៖ ទារិកា

បិទ