ព្រាប​ហោះ​ឆ្លង​សមុទ្រ​ប៉ាស៊ីហ្វិក​ទើរ​នៅ​អូស្ត្រាលី តែ​អាជ្ញាធរ​មាន​បំណង​សម្លាប់​ទៅ​វិញ

  • 2021-01-14 11:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ព្រាប​មួយ​ក្បាល​ត្រូវ​បាន​គេ​ធ្វើ​ការ​សន្និដ្ឋាន​ថា ហោះ​ពី​រដ្ឋ​អូរេហ្គន សហរដ្ឋអាមេរិក ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​រួច​មក​ទើរ​នៅ​ផ្ទះ​បុរស​ម្នាក់​នៅ​ទីក្រុង​មែលបន​ ប្រទេស​អូស្ត្រាលី នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន AP។

មាន​សេចក្ដីរាយការណ៍​ថា សត្វ​ព្រាប​មួយ​នេះ​បាន​បាត់​ខ្លួន​នៅ​ក្នុង​ប្រកួត​ប្រណាំង​សត្វ​ព្រាប​នៅ​រដ្ឋអូរេហ្គន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា ហើយ​នៅ​ថ្ងៃ​ Boxing Day (២៦ ធ្នូ) សត្វ​ព្រាប​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ផ្ទះ​របស់​លោក Kevin Celli-Bird។

ការ​កំណត់​អត្តសញ្ញាណ​ដឹង​ថា សត្វ​ព្រាប​មួយ​នេះ​មក​ពី​អាមេរិក ដោយ​សារ​តែ​ជើង​របស់​វា​ចង​ខ្សែ​សម្គាល់​ពណ៌​ខៀវ។ អាជ្ញាធរ​អង្គភាព​ចត្តាឡីស័ក និង​អធិការកិច្ច​នៃ​ក្រសួង​កសិកម្ម​អូស្ត្រាលី បាន​ទាក់ទង​លោក Celli-Bird ដើម្បី​ចាប់​ព្រាប​អាមេរិកាំង​មួយ​នេះ​ទុក​ ហើយ​ធ្វើ​ចត្តាឡីស័ក។

សត្វ​ព្រាប​ប្រភេទ​នេះ​មិន​ត្រូវ​ទុក​ឲ្យ​នៅ​ប្រទេស​អូស្ត្រាលី​ទេ នេះ​បើ​តាម​ក្រសួង​កសិកម្ម​អូស្ត្រាលី។ ក្រសួង​យល់​ថា ពូជ​ព្រាប​បែប​នេះ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ជីវៈសន្តិសុខ​សត្វ​ស្លាប​នៅ​អូស្ត្រាលី និង​ជា​ពិសេស​ឧស្សាហកម្ម​ចិញ្ចឹម​សត្វ​ស្លាប តាម​រយៈ​ការ​នាំ​ចូល​ជំងឺ​សត្វ​បក្សី។

ប្រធាន​សមាគម​សត្វ​ព្រាប​អូស្ត្រាលី​ក៏​យល់​ស្រប​ថា សត្វ​ព្រាប​ពូជ​អាមេរិក​នេះ​ត្រូវ​តែ​កម្ចាត់​ចោល​។ យ៉ាងណាមិញ លោក​ស្មាន​ថា សត្វ​ព្រាប​មួយ​នេះ​អាច​ជា​មក​តាម​រយៈ​ការ​ទុំ​នៅ​លើ​កប៉ាល់​ណា​មួយ​។

អូស្ត្រាលី​តឹងតែង​ណាស់​រឿង​ការ​នាំ​ចូល​សត្វ​រស់​មក​ចូល​ដែនដី​របស់​ខ្លួន ដោយសារ​តែ​ប្រទេស​នេះ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​ដែល​រួច​ផុត​ពី​ជំងឺ​របស់​សត្វ​ដូច​ជា​ ជំងឺ​ឆ្កែឆ្គួត ជំងឺ​ប៉េស្ត​ ជា​ដើម ដូច្នេះ​ហើយ​ប្រសិន​បើ​មាន​ការ​នាំ​ចូល​មិន​មាន​ការ​ត្រួតពិនិត្យ​ នោះ​កសិដ្ឋាន​ធំៗ​របស់​ប្រទេស​នេះ​អាច​នឹង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ៕

ប្រភព៖ AP News

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី