លោកជំទាវ ជា សិរី៖ ក្រោយចត្តាឡីស័ក្តិ ១៤ថ្ងៃ សម្រេចបង្កើតគម្រោងមួយជួយសង្គម

  • 2021-01-20 02:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ក្នុងឆ្នាំ២០២០ ពិភពលោកបានជួបបញ្ហាជាច្រើន ធំជាងគេគឺបញ្ហាជំងឺកូវីដ១៩។ ឆ្លងតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ មានទាំងការត្រូវធ្វើចត្តាឡីស័ក្តិ ១៤ថ្ងៃ និងរឿងរ៉ាវជាច្រើនទៀត ខ្ញុំយល់ឃើញថា បងប្អូនខ្មែរយើងកំពុងតែត្រូវការជំនួយជាច្រើន ជាពិសេសការគាំទ្រ និងគាំពារផ្នែកសុខភាពផ្លូវចិត្ត។ នេះគឺជាកត្តាដែលជំរុញឱ្យខ្ញុំផ្តួចផ្តើមនូវគម្រោងនេះឡើង។» នេះជាការលើកឡើងរបស់ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងស្ថាបនិកមូលនិធិរក្សាកុមារ ថ្លែងក្នុងថ្ងៃសម្ពោធគម្រោង «លើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត» រវាងមូលនិធិរក្សាកុមារ និងអង្គការ ធីភីអូ កម្ពុជា កាលពីថ្ងៃសៅរ៍ ទី១៦ ខែមករា កន្លងទៅ។

លោកជំទាវ ជា សេរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ក្នុងថ្ងៃសម្ពោធគម្រោង រូបថត៖ មូលនិធិរក្សាកុមារ

លោកជំទាវ ជា សេរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ក៏ជាមន្ត្រីជាន់ខ្ពស់ មួយរូបក្នុងមន្ត្រីជាប់ខ្ពស់របស់កម្ពុជា និងមនុស្សប្រមាណជាជាង១ពាន់នាក់ផ្សេងទៀតដែលមានជាប់ពាក់ព័ន្ធ «ព្រឹត្តិការណ៍៣វិច្ឆិកា»។ លោកជំទាវក៏ត្រូវធ្វើចត្តាឡីស័ក្តិចំនួន១៤ថ្ងៃដូចជាមុនឯទៀតក្រោយពីមានពាក់ព័ន្ធនឹងមនុស្សដែលមានវិជ្ជមានកូវីដ១៩ផងដែរ។

លោកជំទាវបានបញ្ជាក់ពីគម្រោងដែលបង្កើតថ្មីនេះថា «សារសំខាន់នៃគម្រោងនេះ គឺមិនត្រឹមតែដើម្បីលើកកម្ពស់ការយល់ដឹងទូទៅអំពីសុខភាពផ្លូវចិត្ត និងការទទួលបានសេវាសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ។ តាមរយៈយុទ្ធនាការ «#កុំលាក់ទុកក្នុងចិត្ត» ឬជាភាសាអង់គ្លេស «#StopHiding» ខ្ញុំសង្ឃឹមថា គម្រោងនេះអាចក្លាយជាចំណុចចាប់ផ្តើមនៃវប្បធម៌ថ្មីមួយ ដែលមនុស្សកាន់តែច្រើនអាចទទួលស្គាល់ដោយបើកចំហអំពីបញ្ហាសុខភាពផ្លូវចិត្ត ហ៊ាននិយាយអំពីបញ្ហាសុខភាពផ្លូវចិត្ត និងហ៊ានទៅស្វែងរកសេវាសុខភាពផ្លូវចិត្តដោយមិនខ្លាចការរើសអើង។»

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិរបស់អង្គការ ធីភីអូ កម្ពុជា បានមានប្រសាសន៍ថា «យើងខ្ញុំសូមថ្លែងអំណរគុណដ៏ថ្លៃថ្លាដល់ មូលនិធិរក្សាកុមារ និងលោកជំទាវ ជា សិរី ដែលបានឧបត្ថម្ភ និងផ្តួចផ្តើមគម្រោងដ៏សំខាន់នេះឡើង។ តាមរយៈគម្រោងនេះ យើងរំពឹងថាការយល់ដឹងអំពីសុខភាពផ្លូវចិត្តនិងសេវាសុខភាពផ្លូវចិត្ត នឹងសុសសាយទូលំទូលាយជាងមុន ក៏ដូចជាមានមនុស្សជាច្រើននឹងទទួលផលពីគម្រោងនេះផងដែរ ជាពិសេសពីសេវាប្រឹក្សាយោបល់ឥតគិតថ្លៃតាមទូរស័ព្ទ និងហ្វេសប៊ុកTPO Cambodia ។»

លោកជំទាវ ជា សេរី និងលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិរបស់អង្គការ ធីភីអូ កម្ពុជា រូបថត៖ មូលនិធិរក្សាកុមារ

គួរបញ្ជាក់ផងដែរថា តាមរយៈគម្រោងនេះ មូលនិធិរក្សាកុមារ កំពុងឧបត្ថម្ភគាំទ្រដល់អង្គការ ធីភីអូ កម្ពុជា ក្នុងសកម្មភាព រួមមាន៖ ១. ផ្តល់ការប្រឹក្សាយោបល់អំពីបញ្ហាសុខភាពផ្លូវចិត្ត តាមរយៈបណ្តាញទូរស័ព្ទ និងតាមអនឡាញ (ទំព័រហ្វេសប៊ុក TPO Cambodia) ២. ផ្តល់ការព្យាបាលចាំបាច់ដល់អ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដែលបណ្តាលមកពីសំពាធនៃបញ្ហាជំងឺកូវីដ១៩ ៣. ផ្សព្វផ្សាយសារ និងមាតិកាអប់រំពាក់ព័ន្ធ លើបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងផ្សេងទៀត ៤. សកម្មភាពចុះផ្សព្វផ្សាយនៅសហគមន៍មូលដ្ឋានអំពីបញ្ហាសុខភាពផ្លូវចិត្ត និងការគាំទ្រផ្នែកចិត្តសាស្ត្រ។

សម្រាប់អ្នកដែលកំពុងជួបប្រទះវិបត្តិផ្លូវចិត្តណាមួយ ដូចជា បាក់ទឹកចិត្ត តានតឹងក្នុងចិត្ត ព្រួយបារម្ភខ្លាំង ក្រៀមក្រំខ្លាំង អ្នកអាចទៅ ឬទាក់ទងទៅ អង្គការ ធីភីអូ កម្ពុជា ដើម្បីទទួលបានការប្រឹក្សាយោបល់បឋមដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ យប់៕

អត្ថបទ៖ លន ហ្សាឌីណា