Smart Axiata នឹងប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹម រៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារនៅកម្ពុជា

  • 2021-01-21 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ការប្រគុំតន្រ្តីសប្បុរសធម៌​ស្នាមញញឹមរបស់ក្រុមហ៊ុន Smart Axiata ចូលរួមរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារនៅកម្ពុជាការប្រគុំតន្រ្តីសប្បុរសធម៌នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ ឆ្ពោះទៅមុខរួមគ្នា ​ដោយមានគោល​បំណង​លើក​ស្ទួយ​សាមគ្គី​ភាព​រវាងប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ទូទាំង​​ប្រទេសកម្ពុជា។

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរសព្ទចល័តឈានមុខគេនៅកម្ពុជា បាន​ប្រកាស កាលពីថ្ងៃអាទិត្យថាក្រុមហ៊ុននឹងរៀបចំការប្រគំតន្រ្ដីតាមអនឡាញ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន។

ការប្រគំតន្រ្តីសប្បុរសធម៌ស្នាមញញឹមនឹងមានការចូលរួមសម្ដែងពីសិល្បករកម្ពុជាកំពូលៗ ខណៈពេលមានការរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យតាមរយៈការលក់សម្ភារៈទំនិញ និងការបរិច្ចាគ ដោយមានការចូលរួមបរិច្ចាគថវិកាបន្ថែមពីក្រុមហ៊ុន Smart ឲ្យគ្រប់ ១០ ម៉ឺនដុល្លារផងដែរ។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយក​ប្រតិ​បត្តិ​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនដែលធ្វើការជិតស្និទ្ធជាមួយសហគមន៍ទូទាំងប្រទេសកម្ពុជា យើងមានអារម្មណ៍ត្រេកអរដែលបានរៀបចំការប្រគំតន្រ្តីសប្បុរសធម៌ស្នាមញញឹម ម្តងទៀតក្នុងអំឡុងពេលដ៏លំបាកនេះ។ យុទ្ធនាការរៃអង្គាសថវិកាពីការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹមកាលពីឆ្នាំមុនទទួលបានជោគជ័យដ៏ល្អណាស់ ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីមូលនិធិគន្ធបុប្ផាកម្ពុជាដែលមានមនុស្សរាប់ពាន់នាក់បានចូលរួម។»

អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាគថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដោយចុច ​​​​​​២០២១​​​​ និងចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាគចន្លោះពី ១ ដុល្លារទៅ ១០ ដុល្លារ ដោយចុចសញ្ញាទ្រុងជ្រូកនៅពេលបញ្ចប់។

ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាគ ១ ដុល្លារ អតិថិជនគួរចុច ២០២១១ # ហើយចុចបញ្ចូន។ ទំនិញសម្រាប់លក់អំឡុងពេលប្រគុំតន្ត្រីរួមមាន អាវយឺត និងកាបូបស្ពាយ ហើយក៏នឹងមានលក់នៅតាម Smart Shop ចំនួន ៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ ដែលមានទីតាំងនៅ Smart Shop ផ្លូវ​មុន្នី​វង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះ​ពេជ្រ Smart Shop អ៊ី​អន​ម៉ល និង អ៊ី​អន​ម៉ល​សែន​សុខ និង​ Smart Shop ធីខេ (ទួលគោក)។ យុទ្ធនាការបរិច្ចាគនេះចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ហើយនឹងទទួលយកវិភាគទានរហូតដល់ចុងខែកុម្ភៈ។

លោក​វេជ្ជ​​បណ្ឌិត ចាន់ ណារិទ្ធិ នាយកលេខា​ធិការ​ដ្ឋាន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជាមាន​ប្រសាសន៍​ថា៖ «ដោយសារតែជំងឺរាតត្បាតកូវីដ​១៩នៅតែបន្ត ការបរិច្ចាគពីវិស័យឯកជនដល់ស្ថាប័នសុខាភិបាលសាធារណៈដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់ពលរដ្ឋងាយរងគ្រោះជាងគេនៅកម្ពុជា។ យុទ្ធនាការដូចជាការប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹមរបស់ក្រុមហ៊ុន Smart បង្ហាញឲ្យឃើញអំពីការយល់ដឹងដ៏ធំធេងនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ហើយក្នុងន័យនេះផងដែរ ក្រុមហ៊ុន Smart ដើរតួជាក្រុមហ៊ុនគំរូ និងជាគំរូក្នុងវិស័យឯកជននៅកម្ពុជាផង។»

លោក ទេព ណាវី នាយកប្រតិបត្តិមន្ទីរពេទ្យកុមារអង្គរ​ មានប្រសាសន៍ថា៖ «យើងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart Axiata ដែលបានចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីវិធីដែលពលរដ្ឋម្នាក់ៗអាចចូលរូមជួយគ្នាទៅវិញទៅមក តាមរយៈយុទ្ធនាការរបស់ក្រុមហ៊ុន និងជាពិសេសការប្រគំតន្រ្តីតាមអនឡាញ ដែលនឹងបង្កើនការគាំទ្រខាងថវិកាបន្ថែមទៀតដល់កុមារងាយរងគ្រោះបំផុតនៅកម្ពុជា។ យើងសូមអំពាវនាវដល់សាធារណជនចូលរួមផ្ដល់វិភាគទានដល់មន្ទីពេទ្យឲ្យកាន់តែសកម្មក្នុងគ្រាលំបាកនេះ។»

ដោយនឹងមានការចូលរួមពីតារាល្បីៗ ការប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹមនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី ១៤ ខែកុម្ភៈ។ ការប្រគំតន្ត្រីនេះគឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដោយរៀបចំឡើងក្នុងគោល​បំណង​លើក​ស្ទួយ​សាមគ្គី​ភាព​រវាងប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ទូទាំង​​ប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន​ Smart Axiata ដែលទើបចាប់ផ្តើមនាពេលថ្មីៗនេះកំពុងស្វែងរកពលរដ្ឋគំរូរបស់ប្រទេសកម្ពុជា ដែលបានចូលរួមជួយច្រើនជាងគេដល់ប្រទេសជាតិ អ្នកជិតខាង ភូមិ ឃុំ ឬខេត្តរបស់ពួកគេ នឹងមានលទ្ធភាពឈ្នះប្រាក់ចំនួន ១ ម៉ឺន ដុល្លារ។ ព័ត៌មានលម្អិតបន្ថែមអំពីវិធីតែងតាំងនរណាម្នាក់សម្រាប់ពានរង្វាន់ពលរដ្ឋគំរូនេះ អាចស្វែងរកបាននៅទំព័រហ្វេបុក Smart for Cambodia (https://www.facebook.com/smartforcambodia)៕

បិទ