មន្ត្រីជាន់ខ្ពស់ខ្មែរ ២រូប មានអាថ៌កំបាំងនឹងរឿងសិល្បៈដែលមនុស្សភាគច្រើនមិនដឹង

  • 2021-01-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា២រូប មួយឯកឧត្តម សុខ ចិត្តាសោភា ដែលមានមានតួនាទីជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថាCDC និងទី២ លោកជំទាវ ជា សេរី ដែលមានតួនាទីជា ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។ មន្ត្រីជាន់ខ្ពស់ទាំង២រូបនេះមានរឿងអាថ៌កំបាំងខ្លះជាប់ទៅនឹងរឿងសិល្បៈដែលមនុស្សភាគច្រើនមិនបានដឹង។

រឿងអាថ៌កំបាំងរបស់ ឯកឧត្តម សុខ ចិត្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថាCDC នោះគឺ ឯកឧត្តមជា «អ្នកប្រមូលទិញស្នាដៃសិល្បៈ» ភាសាអង់គ្លេសហៅថា «ART COLLECTOR» ម្នាក់ដែលចូលចិត្តទិញស្នាដៃសិល្បៈភាគច្រើនជាស្នាដៃរបស់សិល្បករសហសម័យជនជាតិខ្មែរ ក្នុងរួមមាន សិល្បករ លាង ស៊ីកន សិល្បករ ឈឹម សុធី ជាដើម។

ឯកឧត្តម សុខ ចិត្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថាCDC

ស្នាដៃសិល្បៈដំបូងដែលអគ្គលេខាធិការ CDC ទិញដំបូងគេគឺ រូបថតស-ខ្មៅ មុខមនុស្សខ្មៅមួយចំហៀង ស មួយចំហៀងដែលមិនបញ្ជាក់ភេទ ដែលជាស្នាដៃរបស់សិល្បករថតរូបជនជាតិអាមេរិចកាំង ដាក់តាំងលក់នៅប្រទេសបារាំង ហើយរូបនេះលោកទិញអំឡុងពេលដែលលោករៀនចប់ និងធ្វើការនៅប្រទេសបារាំង។ នេះជាបញ្ជាក់របស់ឯកឧត្តម សុខ ចិត្តាសោភា នៅក្នុងថ្ងៃបើកសម្ពោធពិពរណ៍មួយនៅវិចិត្រសាល ស្រាអាត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៤ មករា ២០២១។

ឯកឧត្តម សុខ ចិត្តាសោភា កំពុងស្តាប់សិល្បករនិយាយពីស្នាដៃសិល្បៈនៅវិចិត្រសាល ស្រាអាតកាលពីពេលកន្លងទៅ

ឯកឧត្តមបន្តថា «ស្នាដៃសិល្បៈដែលខ្ញុំទិញមានច្រើនជាង១០ ហើយសុទ្ធតែស្នាដៃរបស់សិល្បករជនជាតិខ្មែរទាំងអស់ ខ្ញុំស្រឡាញ់ខ្មែរ រូបទាំងអស់នេះខ្ញុំបានដាក់តាំងនៅផ្ទះ និងកន្លែងធ្វើការរបស់ខ្ញុំភាគច្រើន»។

លោកជំទាវ ជា សេរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា រូបថត៖TytaArt

ចំណែកឯរឿងអាថ៌កំបាំងរបស់លោកជំទាវ ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជានោះគឺ លោកជំទាវជាសិល្បករផ្នែកគំនូរ។

សកម្មភាពគូរគំនូររបស់លោកជំទាវ ជា សេរី រូបថត៖ ហ្វេសបុកផ្លូវការ លោកជំទាវ ជា សេរី

នៅក្នុងគណនីហ្វេសបុកផ្លូវការរបស់ផ្ទាល់ខ្លួនរបស់ អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជារូបនេះក៏តែងតែផុស និងសែរ នូវផ្ទាំងគំនូរដែលជាស្នាដៃលោកជំទាវផ្ទាល់ និងស្នាដៃរួមគ្នាជាមួយសិល្បករ Adana Titi ជាញឹកញយ។ ក្រៅពីនេះមានផេក The Art of Sharing - Art Exhibition ក៏មានផុសផ្សាយនូវកម្មវិធីតាំងពិពរណ៌របស់លោកជំទាវផងដែរ។

រូបភាព៖ The Art of Sharing - Art Exhibition

កាលពីថ្ងៃទី១២ មករា ឆ្នាំ២០២១ កន្លងទៅថ្មីនេះ ស្នាដៃសិល្បៈគំនូររបស់លោកជំទាវ និងសិល្បករ Adana Titi ដែលមានឈ្មោះថា «THE ART OF SHARING» បានសម្ពោធដាក់តាំងបង្ហាញនៅសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ក្នុងគោលបំណងរៃអង្គាសមូលនិធិសម្រាប់ជាជំនួយដល់អង្គការមនុស្សធម៍នៅប្រទេសកម្ពុជា។

ស្នាដៃសិល្បៈគំនូររបស់លោកជំទាវ ជា សេរី

ក្រៅពីដាក់តាំងនៅសារមន្ទីរ (ស.ស.រ) ស្នាដៃរបស់លោកជំទាវក៏មានអ្នកប្រមូលទិញស្នាដៃសិល្បៈមួយចំនួនបានជាវយកទៅដាក់តាំងនៅផ្ទះ និងកន្លែងធ្វើការផងដែរ៕

ផ្ទាំងគំនូររបស់លោកជំទាវ ជា សេរី គូររួមគ្នាជាមួយសិល្បករ Adana Titi រូបថត៖ ហ្វេសបុកផ្លូវការ លោកជំទាវ ជា សេរី
ផ្ទាំងគំនូររបស់លោកជំទាវ ជា សេរី គូររួមគ្នាជាមួយសិល្បករ Adana Titi រូបថត៖ ហ្វេសបុកផ្លូវការ លោកជំទាវ ជា សេរី

អត្ថបទ៖ លន ហ្សាឌីណា