អ្នកជំនាញ​ក្នុងវិស័យទេសចរណ៍ ៥ម៉ឺននាក់ កំពុងរងគ្រោះព្រោះអត់ការងារធ្វើ ដោយសារជួបបញ្ហាទាំងនេះ

  • 2021-01-22 08:08:43
  • ចំនួនមតិ 15 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ

ជំងឺកូវីដ-១៩ បានគម្រាមកំហែងយ៉ាងខ្លាំងទៅលើសកម្មភាពសេដ្ឋកិច្ច ទៅលើវិស័យផ្សេងៗនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងនោះវិស័យទេសចរណ៏ ផលិតកម្មសម្រាប់ការនាំចេញ និងវិស័យសំណង់ក៏ត្រូវបានគេមើលឃើញថាបានរងផលប៉ះពាល់ខ្លាំងដែរ។

ទាក់ទងបញ្ហានេះដែរ លោកស្រី ឆាយ ស៊ីវលីន ដែលជាប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសរសេររៀបរាប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនថា «វិធានការពិសេស គួរត្រូវបង្កើតឡើងជាបន្ទាន់ដើម្បីជួយសង្គ្រោះវិស័យទេសចរណ៍ ដែលបាននិងកំពុងទទួលរងគ្រោះ១ខួបមកហើយ។ ម្ចាស់សហគ្រាសអស់លទ្ធភាពក្នុងការជួយទំនុកបំរុងដល់បុគ្គលិកហើយ ជាពិសេសទីភ្នាក់ងារទេសចរណ៍ អ្នកជំនាញទេសចរណ៍ បានកំពុងប្រវេប្រវារកការងារផ្សេងៗដោយមិនប្រកាន់ជំនាញដូចជា អ្នកដឹកជញ្ជូនឥវ៉ាន់អនឡាញ បុកល្ហុងលក់តាមអនឡាញ រៀនធ្វើគ្រូទាយ លក់នំ លក់បន្លែ ជួយលក់ដីឡូពុះ ធ្វើចំការ និងកាងារសំណង់ជាដើម។ អ្នកជំនាញទាំងនេះ សុទ្ធតែបានទទួលការបណ្តុះបណ្តាល និងមានបទពិសោធ៍រាប់សិបឆ្នាំមកហើយ យើងមានក្តីបារម្មណ៍ខ្លាំងណាស់ ខណៈដែលអ្នកជំនាញរបស់យើងបានផ្លាស់ប្តូរអាជីពដែលចាកឆ្ងាយពីជំនាញរបស់គាត់ វិស័យនេះនឹងត្រូវប្រឈមនិងកង្វះខាតធនធានមនុស្សនៅពេលដែលស្ថានការត្រូវបានស្តារឡើងវិញ» ។

ទាក់ទិនជុំវិញបញ្ហានេះដែរ លោកស្រី បានប្រាប់ Sabay តាមរយះ Telegram ថា រយៈពេលពេញ១ឆ្នាំមកនេះ ក្រុមហ៊ុនបានជួបប្រទះការអត់ចំណូល ជំពាក់ធនាគារ ហើយត្រូវចំណាយជាច្រើនទៅលើ ថ្លៃទឹក ភ្លើង ជួលអាគារ ចំណាយទៅលើ បុគ្គលឹក កម្មករ និងត្រូវចំណាយជាច្រើនមុខទៀត ជាបន្តបន្ទាប់ ។ ហើយលោកស្រី សម្រេចចិត្តលក់សំភារមួយចំនួន ដើម្បីបានលុយយកមកដោះស្រាយបញ្ហាដែលបានកើតឡើង ។

លោកស្រីបានបន្តថា សម្រាប់បុគ្គលិកដែលធ្វើការងារផ្ទាល់ក្នុងវិស័យនេះ គឺមានចំនួន ៥ម៉ឺននាក់ ហើយអ្នកទាំងនោះ ខ្លះចាកចេញទៅធ្វើជាកម្មករសំណង់ ជាអ្នកលក់ខន់ដូរ ជាអ្នកដឹកជញ្ជូន ជាអ្នកលក់ដូរ ជាះអ្នកកសិកម្ម និងខ្លះៗទៀតរកការងាធ្វើដើម្បីឲ្យតែបានចំណូលចូលគ្រួសារ រហូតមកដល់ពេលនេះ មានអ្នកខ្លះក៏គ្មានការងារធ្វើដែរ ។

លោកស្រី ឆាយ ស៊ីវលីន បានបន្ថែមទៀតថា ទៅថ្ងៃខាងមុខ លោកស្រីមិនរំពឹងថា អ្នកជំនាញទាំងនោះ នឹងវិលត្រឡប់មកវិញនោះទេ ព្រោះវិស័យទេសចរណ៍អាចងើបឡើងវិញប្រហែលជា ៤ទៅ៥ឆ្នាំទៀត ដូចនេះហើយ លោកស្រី គិតថា អាចនិងបាត់បង់ធនធានមនុស្សយ៉ាងច្រើន ក្នុងវិស័យនេះ ។

ជាចុងក្រោយ ក្នុងនាមជាប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន សំណូមពរ ដល់ក្រសួងពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាល ជួយដោះស្រាយចំពោះរឿងនេះ បើលោកស្រីប្រឹងតែម្នាក់ឯងមិនអាចទៅរួចទេ ដូចនេះមានតែរាជរដ្ឋាភិបាលទេ ទើបអាចជួយបាន ។ សូមឲ្យរដ្ឋមានការទំលាក់កម្ចីមកទីភ្នាក់ងារទេសចរណ៍ ដើម្បីឲ្យពួកគាត់មានទុនបន្ថែម ក្នុងការទំនុកបម្រុង ដល់អ្នកជំនាញទេសចរណ៍បន្តទៀត ។ ហើយក៏សូមឲ្យរដ្ឋាភិបាល ជួយបន្ធូរបន្ថយលើកលែងចំពោះបញ្ហាពន្ធដា ដែលបានជំពាក់កាលពីឆ្នាំចាស់ៗកន្លងទៅ ។

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម
បិទ