ហេតុផល ៥យ៉ាង ប្រើឡានអគ្គិសនី ល្អជាងឡានសាំង

  • 2021-01-26 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអគ្គិសនីផ្តល់នូវអត្ថប្រយោជន៍ច្រើនណាស់ បើយើងប្រៀបធៀបទៅនឹងរថយន្តប្រើប្រេងសាំង និងម៉ាស៊ូត។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៥យ៉ាង ពីការប្រើប្រាស់រថយន្តអគ្គិសនី៖

១) តម្លៃប្រើប្រាស់ថោក

ម្ចាស់នៃរថយន្តអគ្គិសនីទទួលបានអត្ថប្រយោជន៍សំខាន់មួយ គឺតម្លៃប្រើប្រាស់ថោក។ បើប្រៀបធៀបជាមួយរថយន្តប្រើប្រេងសាំង ឬម៉ាស៊ូត វាថោកជាង ៣ដងឯណោះចំពោះការសាកភ្លើង។

២) តម្លៃថែទាំថោក

រថយន្តអគ្គិសនីមានផ្នែកដែលដំណើរការតិចជាងរថយន្តប្រើប្រេងសាំង ឬម៉ាស៊ូត។ ជាក់ស្តែងវាគ្មានប្រព័ន្ធស៊ីម៉ាំង, ម៉ូទ័រដេរ, ប្រព័ន្ធប៊ិចសាំង, ធុងទឹក និងផ្នែកផ្សេងៗជាច្រើនទៀតនោះទេ។ យ៉ាងណាមិញ អាគុយអគ្គិសនីក៏មានអាយុកាលរបស់វា ហើយត្រូវការផ្លាស់ប្តូរថ្មីដែរ ប៉ុន្តែក្រុមហ៊ុនភាគច្រើនផ្តល់ការធានាដល់អាគុយរយៈពេល ៨ឆ្នាំឯណោះ។

៣) ល្អសម្រាប់បរិស្ថាន

ការប្រើប្រាស់រថយន្តអគ្គិសនី ហាក់បីដូចជាជួយកាត់បន្ថយការបញ្ចេញផ្សែងពុលទៅលើបរិយាកាសអីចឹង មិនដូចជារថយន្តប្រើប្រេងសាំង ឬម៉ាស៊ូត ដែលបញ្ចេញផ្សែងពុលខ្លាំងនោះទេ។

៤) អត្ថប្រយោជន៍សុខភាព

ការកាត់បន្ថយការបញ្ចេញផ្សែងពុលទៅលើបរិយាកាស មានន័យថា វាល្អសម្រាប់សុខភាពអ្នក។ គុណភាពខ្យល់កាន់តែល្អ វានាំឲ្យមានបញ្ហាសុខភាពកាន់តែតិច ហើយការចំណាយទៅការបំភាយឧស្ម័នពុលក៏តិចទៅតាមនោះដែរ។ មិនតែប៉ុណ្ណោះ រថយន្តអគ្គិសនីមានសំឡេងស្ងាត់ជាងរថយន្តប្រើសាំង ឬម៉ាស៊ូត ដែលមានន័យថា វាមានការបំពុលដោយសំឡេងរំខានតិចជាងផងដែរ។

៥) ផ្តល់សុវត្ថិភាពខ្ពស់

រថយន្តអគ្គិសនីបច្ចុប្បន្នផ្តល់នូវសុវត្ថិភាពខ្ពស់ ដោយសារតែប្រព័ន្ធសុវត្ថិភាព ក៏ដូចជាមុខងារសុវត្ថិភាពដែលពួកវាមាន។ មិនតែប៉ុណ្ណោះ រថយន្តអគ្គិសនីមានទំនាញកណ្តាលទាប ដែលការពារវាពីការក្រឡាប់ទៀតផង។ លើសពីនេះទៅទៀត ពួកវាក៏មានហានិភ័យតិចក្នុងការឆេះ ឬផ្ទុះ ហើយគ្រោងឆ្អឹងរបស់វាមានភាពរឹងមាំ និងធន់ ដែលជួយឲ្យវាកាន់តែមានសុវត្ថិភាព ក្នុងករណីមានគ្រោះថ្នាក់កើតឡើង៕

អត្ថបទ៖ សេង ឡុង