សាយ៖ កម្មវិធី "RUN WITH SAI" បានបញ្ចប់មែន តែកិច្ចការសង្គម និងមនុស្សធម៌ នៅតែបន្ត!
- 2021-01-30 12:00:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាយ៖ កម្មវិធី "RUN WITH SAI" បានបញ្ចប់មែន តែកិច្ចការសង្គម និងមនុស្សធម៌ នៅតែបន្ត!
ចន្លោះមិនឃើញ
កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ ឬ RUN WITH SAI ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយ។ នៅក្នុងកម្មវិធីបិទបញ្ចប់ ដែលរៀបចំឡើងនៅរោងភាពយន្ត Major Cineplex by Smart នាល្ងាចថ្ងៃទី៣០ ខែមករានេះ សាយបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងកម្មវិធីនេះ តាំងពីដើមរៀងមក។ បន្ថែមលើនេះ សាយ ក៏បានលើកទឹកចិត្តឲ្យពុកម៉ែបងប្អូន បន្តចូលរួមបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាចូលរួមធ្វើកិច្ចសង្គម និងការងារមនុស្សធម៌ផ្សេងទៀតជាបន្តបន្ទាប់ផងដែរ។
សូមអានសារទាំងស្រុងរបស់សាយ ដូចខាងក្រោមនេះ៖
កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ បានមកដល់ទីបញ្ចប់ជាផ្លូវការហើយ។ សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសបងប្រធាន ហ៊ុន ម៉ានី និង បង សប្បាយណា ដែលបានជ្រោមជ្រែង ផ្តល់ជាអនុសាសន៍ ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងមកដល់កម្មវិធីមួយនេះ ក៏ដូចជារូបខ្ញុំផ្ទាល់ ក្នុងការដំណើរការកម្មវិធីនេះ តាំងពីគ្រាន់តែជាគំនិតដំបូង រហូតឈានដល់ការអនុវត្តដោយជោគជ័យនៅទីបញ្ចប់។ អរគុណដល់ក្រុមការងារអមដំណើរជាមួយខ្ញុំដែលស្ម័គ្រចិត្តស្លាប់រស់ជាមួយគ្នាក្នុងរយៈពេលកន្លងមកនេះ អរគុណដល់ក្រុមគ្រួសារសមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ទូទាំងប្រទេស ដែលបានចូលរួមយ៉ាងសកម្មតាំងពីការបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ការសម្របសម្រួល ការគិតគូរផ្ដល់ទីកន្លែងស្នាក់នៅ និងការហូបចុក។ អរគុណដល់អាជ្ញាធរដែនដីទូទាំងប្រទេសដែលយើងបានឆ្លងកាត់ក្នុងការគាំទ្រ សម្របសម្រួល បរិច្ចាគ ដល់កម្មវិធីយើងខ្ញុំ អរគុណដល់សមត្ថកិច្ចដែលបានជួយសម្រួលមធ្យោបាយធ្វើដំណើរតាំងពីដើមរហូតដល់ចប់យ៉ាងសុវត្ថិភាព អរគុណដល់មន្ទីរពេទ្យកុមារអង្គរដែលបានទុកចិត្តនិងចូលរួមក្នុងព្រឹត្តិការណ៍នេះ អរគុណដល់ក្រុមហ៊ុន Sabay ដែលបានចូលរួមសហការផ្សព្វផ្សាយ អរគុណដល់អ្មកឧបត្ថម្ភកម្មវិធីទាំងផ្លូវការ និងទាំងមិនផ្លូវការ អរគុណដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជាដែលបានចូលរួមបរិច្ចាគ ក៏ដូចជាការគាំទ្រនិងការផ្តល់នូវកន្លែងស្នាក់នៅ និងទទួលបាយទឹក។ កម្មវិធីយើងខ្ញុំឈានមកដល់ទីបញ្ចប់ហើយ តែកិច្ចការងារសង្គមយើងនៅតែបន្តហើយយើងនឹងមានកិច្ចការងារសង្គមផ្សេងៗទៀតក្នុងពេលឆាប់ៗនេះ។ យើងខ្ញុំសូមលើកទឹកចិត្តឲ្យពុកម៉ែបងប្អូននៅតែបន្តចូលរួមបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាការចូលរួមធ្វើកិច្ចការងារសង្គមនិងការងារមនុស្សធម៌ផ្សេងៗជាបន្តបន្ទាប់។ ជាចុងក្រោយសូមអរគុណដល់ប្រជាជនកម្ពុជាដែលបានយកចិត្តទុកដាក់មកលើកម្មវិធីរបស់យើងនិងសូមជូនពរឲ្យទទួលបាននូវសេចក្តីសុខ សុខភាពល្អ និងសម្រេចបានគ្រប់ភារកិច្ច។
គួររំលឹកផងដែរថា សាយ បានបញ្ចប់ការរត់ជុំវិញប្រទេសកម្ពុជា រយៈពេល ៩៧ថ្ងៃ លើចម្ងាយផ្លូវ ២៤០៨គីឡូម៉ែត្រ ដោយទទួលបានប្រាក់បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរចំនួនជិត កន្លះលានដុល្លារ។ កម្មវិធីនេះ មិនត្រឹមតែអាចជួយសង្រ្គោះជីវិតកុមារជាច្រើននាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបញ្ជាក់ពីការចេះជួយគ្នារបស់ខ្មែរ ហើយក៏ជាការជម្រុញឲ្យប្រជាជនខ្មែរ ជាពិសេសយុវជន ចាប់ផ្ដើម និងបន្តការងារសង្គមជាបន្តបន្ទាប់ទៀតផងដែរ។ ការលះបង់របស់សាយ ត្រូវបានសមាគមអន្ដរជាតិយុវជន និងសិស្សនិស្សិតដើម្បីសន្តិភាព ទទួលស្គាល់ និងបានផ្ដល់ពានរង្វាន់ "វីរៈយុវជនឆ្នាំ២០២០" ដល់សាយផងដែរ កាលពីពេលថ្មីៗកន្លងទៅ៕