កក្រើកខ្លាំងទៀតហើយ! Hu Ge ដាច់ចិត្តទម្លាយជាផ្លូវការតបនឹងព័ត៌មានរៀបការជាមួយនឹង Liu Yifei
- 2021-02-09 02:43:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកខ្លាំងទៀតហើយ! Hu Ge ដាច់ចិត្តទម្លាយជាផ្លូវការតបនឹងព័ត៌មានរៀបការជាមួយនឹង Liu Yifei
ចន្លោះមិនឃើញ
បណ្ដាញសង្គមដ៏ល្បីរបស់ចិនគឺ Weibo កំពុងរវល់នឹងព័ត៌មានផ្សាយព្រាតរបស់តារាសម្ដែង Hu Ge ដែលបានចេញមុខនិយាយពីពាក្យចចាមអារ៉ាមថាលោក និងតារាសម្ដែងរួមអាជីព Liu Yifei រៀបការជាមួយគ្នាតាំងពីឆ្នាំ ២០២០។
អាចនិយាយបានថា នេះគឺជាប្រធានបទកំពុងក្ដៅគគុកនៅប្រទេសចិន ទាក់ទងនឹងតារាសម្ដែងទាំង ២រូបនេះ ហើយពិតជាបានប្រមូលការចាប់អារម្មណ៍ពីមហាជនច្រើនក្រៃលែងបច្ចុប្បន្ននេះ។
បើយោងតាមវិបសាយព័ត៌មាន Sina ដែលបានទាក់ទងទៅកាន់ Hu Ge សួរនាំពីអ្វីដែលបានកើតឡើង ពិសេសចង់ដឹងច្បាស់ថា លោក និង Yifei ពិតជាបានរៀបការជាមួយគ្នាពិត ឬយ៉ាងណា?
ផ្អែកតាមចម្លើយចេញពីមាត់ពិតរបស់សាមីខ្លួនបានឆ្លើយថា៖ «វាជារឿងមិនពិតឡើយ គ្រប់យ៉ាងជាព័ត៌មានក្លែងក្លាយទាំងអស់។»
បន្ថែមពីលើនោះ ក្រុមការងារ Sina ក៏បានសួរបញ្ជាក់បន្ថែមដែរទាក់ទងការសន្ទនាតាម Chat ដែលបង្ហោះពេញ Weibo នៅពេលអ្នកប្រើបណ្ដាញសង្គមម្នាក់សួរទៅអ្នកចាត់ការទូទៅពីមង្គលការរបស់ Hu Ge និង Yifei ហើយចម្លើយចេញមកបែបមិនច្បាស់។ ប៉ុន្តែក្រោយមកក៏ទទួលបានបានបញ្ជាក់ជាថ្មីថា ម្នាក់ដែលនៅក្នុង Chat នោះមិនមែនជាក្រុមការងាររបស់ Hu Ge ទេ។
បន្ទាប់ពីព័ត៌មានច្បាស់ការណ៍បានចេញផ្សាយ អ្នកគាំត្រមិនតិចទេ នាំគ្នាសម្ដែងការខកចិត្ត ព្រោះតែតារាសម្ដែងទាំង ២មិនបានរៀបការដូចពាក្យចចាមអារ៉ាម។ ក្នុងនោះថែមទាំងមានអ្នក Comment ថា ប្រសិនព័ត៌មានរៀបការនោះជាការពិតមែន អាចចាត់ទុកថាថ្ងៃចូលឆ្នាំថ្មី ឆ្នាំនេះ នឹងក្លាយជាពេលវេលាដ៏សប្បាយរីករាយបំផុតសម្រាប់ពិភពសិល្បៈចិន៕