រងើកភ្លើង​មិន​ទាន់​រលត់! ផ្ទុះ​ការ​រិះគន់​ជា​ថ្មី​លើ​វីដេអូ​រឿង"ទុំ​ទាវ​២០២១" របស់​ក្រុម​អ្នក​លក់​ឡេ

  • 2021-02-11 07:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទទួល​ស្គាល់​កំហុស និង​ការ​សុំ​ទោស​ជា​សាធារណៈ​ដោយ​មាន​ភ្ជាប់​នូវ​កិច្ចសន្យា​ជាមួយ​ក្រសួង​វប្បធម៌​របស់​ម្ចាស់​រឿង"ទុំ​ទាវ​ឆ្នាំ​២០២១" បាន​បញ្ចប់​តាំង​ពី​ថ្ងៃទី១០ ខែ​កុម្ភៈ។ ប៉ុន្តែ​បញ្ហា​មួយ​ដែល​ប្រៀប​បាន​នឹង​រងើកភ្លើង​មិន​ទាន់​រលត់​សូន្យសុង នោះ​គឺ​វីដេអូ​រយៈ​ពេល​ជាង​១១​នាទី នៃ​រឿង​"ទុំ​ទាវ​២០២១" ដែល​ចាត់​គេ​ចាត់​ទុក​ថា​មាន​កំហុស​ធ្ងន់ធ្ងរ​នោះ មិន​ទាន់​ត្រូវ​បាន​លុបចេញ​ពី​បណ្ដាញ​សង្គម​នៅ​ឡើយ។

មាន​អ្នក​លេង​បណ្ដាញ​សង្គម​សង្គម​Facebook មិន​តិច​ទេ​នៅ​បន្ដ​រិះគន់​ចំណាត់​ការ​របស់​ក្រសួង និង​ម្ចាស់​រឿង​នេះ​ផ្ទាល់ ព្រោះ​រឿង"ទុំ​ទាវ​២០២១" គេ​នៅ​ឃើញ​មាន​វត្តមាន​លើ​បណ្ដាញ​សង្គមYoutube ហើយ​អ្នក​លេង​Facebook មួយ​ចំនួន​នៅ​បន្ដ​ចែកចាយ​វីដេអូ​នេះ​នៅ​ឡើយ។

ម្ចាស់​គណនី​Facebook ម្នាក់​ឈ្មោះ អេង បញ្ញា​វុទ្ធី នៅ​ថ្ងៃទី១១ ខែ​កុម្ភៈ នេះ បាន​ស្នើ​ឲ្យ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា ជួយ​ពិនិត្យ​មើល​លើ​រឿង​នេះ​ឡើង​វិញ ដោយ​គេ​ពោល​ថា៖"ពេល​នេះ​ម៉ោង​នេះ វីដេអូ​នេះ​មិន​ទាន់​លុប​នៅ​ឡើយ​ទេ"។

គិត​មក​ដល់​រសៀល​ថ្ងៃទី១១ ខែ​កុម្ភៈ នេះ Sabay មិន​ទាន់​អាច​ទាក់​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប និង​ក្រសួង​ធម្មការ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ពី​ចំណាត់​ការ​បន្ថែម​លើ​រឿង​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កន្លង​ទៅ​ម្ចាស់​រឿង"ទុំ​ទាវ​២០២១" គឺ​កញ្ញា តេង ស៊ីណា ហៅ​អាជី អះអាង​ថា​ខ្លួន​បាន​លុប​វីដេអូ​នោះ​ចេញ​ពី​បណ្ដាញ​សង្គម​របស់​ខ្លួន​វិញ​ហើយ បន្ទាប់​ពី​បង្ហោះ​បាន​តែ​បី​ម៉ោង ព្រោះ​មាន​ប្រតិកម្ម​ច្រើន​ពេក។

កញ្ញា តេង ស៊ីណា និង​ប្អូន​ស្រី ដែល​ជា​អ្នក​លក់​ឡេ​អនឡាញ ត្រូវ​បាន​គេ​រិះគន់​ថា​ជា​មនុស្ស​មាន​អំនួត ធ្វើ​រឿង​ខុស​ហើយ​មិន​ចង់​កំហុស។ តេង ស៊ីណា និង​បក្សពួក​ដែល​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​នេះ​ចំនួន​៧​នាក់​ផ្សេង​ទៀត បាន​ចូល​ខ្លួន​ទៅ​សារភាព​ទទួល​កំហុស​នៅ​ចំពោះ​មុខ​មន្ត្រី​ក្រសួង​វប្បធម៌​កាល​ពី​ព្រឹក​ថ្ងៃ​ទី១០ កុម្ភៈ ហើយ​បាន​ផ្ដិតមេដៃ​ក្នុង​កិច្ច​សន្យា​ចំនួន​៨​ចំណុច​ដូច​ខាង​ក្រោម៖

១. មិនប្រព្រឹត្ត និងចូលរួមនូវគ្រប់សកម្មភាព ឥរិយាបថ ព្រមទាំងពាក្យសម្តី ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិទៀតឡើយ។ ២. មិនបង្ហាញភាពស៊ិចស៊ី បែបអនាចារ ក្នុងបណ្តាញសង្គម ៣. ប្រើប្រាស់ជំនាញដែលមានដើម្បីចូលរួមលើកស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងកិត្យាសង្គមជាតិ ៤.យល់ព្រមប្រគល់ ផេក Hokima និង អាខោន tik tok ឈ្មោះ Ah Gi Leader261 ទៅអោយក្រុមការងាររបស់ក្រសួងដើម្បីគ្រប់គ្រង និងលុបចោលទាំងស្រុង ៥. សន្យាមិនទាញយកមកវិញ នូវផេក និងអាខោនដែលបានប្រគល់ជូនក្រសួង ៦. សហការជាមួយម្ចាស់ផេក Hokima ដែលបានជួលពីមិត្ត ជូនទៅសមត្ថកិច្ចដើម្បីលុបចោល ៧. សុំទោសជាសាធារណៈ ចំពោះមុខអ្នកសារព័ត៌មាន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ