ទើបដឹងរឿងពិត លីកា អស់អាជីពរាំ ដោយសារជួបគ្រោះក្រឡាប់ឡានដ៏រន្ធត់នៅកំពង់សោម
- សុក្រ, 12 កុម្ភៈ 2021 03:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបដឹងរឿងពិត លីកា អស់អាជីពរាំ ដោយសារជួបគ្រោះក្រឡាប់ឡានដ៏រន្ធត់នៅកំពង់សោម
ចន្លោះមិនឃើញ
ពិតជាគួរឱ្យសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំងបន្ទាប់ទទួលបានដំណឹងគួរឱ្យសង្វេកពី លីកា អតតី សមាជិក ក្រុមរាំ OMG បានបាត់បង់អាជីពដោយសារជួបហេតុការអាក្រក់មួយនៅកំពង់សោម ក្នុងពេលដំណើរកម្សាន្ដជាមួយមិត្តភក្តិ។
តារាស្រីពូកែរាំ និងជាអតតីសមាជិកក្រុមរាំនារី OMG កញ្ញា តែ ស៊ុនសុដាលីកា បានបាត់មុខពីវិស័យ សិល្បៈអាជីពជាអ្នករាំអស់រយៈពេលជាយូរ។ ហើយកន្លងមកមានសារព័ត៌មានមួយចំនួនធ្លាប់បានចុះ ផ្សាយថាការបាត់មុខតារាស្រីវ័យ២១រូបនេះ ដោយសារតែនាងមានបញ្ហាសុខភាព នឹងមានជម្ងឺឆ្អឹងខ្នង ត្រូវព្យាបាល។
ប៉ុន្តែរឿងរ៉ាវពិតជាក់ស្ដែងគ្រប់យ៉ាងជុំវិញបញ្ហារបស់ លីកា ត្រូវបានលាត ត្រដាងទាំងស្រុង។ សាមីខ្លួន បានបើកកកាយរឿងរ៉ាវគួរឱ្យឈឺចាប់ នឹងសោកស្ដាយប្រាប់មកកាន់ Sabay ថា តាមពិតគឺ អ្វីគ្រប់យ៉ាង គឺដោយសារនាងបានជួបគ្រោះថ្នាក់ក្រឡាប់រថយន្តដ៏រន្ធត់មួយ។ ”ការដែលខ្ញុំឃ្លាតឆ្ងាយពីសិល្បៈ និងមិនអាចរាំទៀតបាននោះ គឺដោយសារតែខ្ញុំបាន ជួបគ្រោះថ្នាក់ក្រឡាប់ឡាននៅកំពង់សោម ពេលនោះ ខ្ញុំរបួសធ្ងន់ ហើយមកដល់ឥឡូវ ខ្ញុំអត់អាចរាំទៀតបានទេ!"។
លីកា បានរៀបរាប់ថា នៅពាក់កណ្ដាលឆ្នាំ ២០២០ វេលាយប់ថ្ងៃមួយ នាង និងមិត្តភ័ក្តិ២ឡានទៀត បានធ្វើដំណើរទៅកម្សាន្តខេត្តកំពង់សោម។ ពេលនោះ រថយន្តរបស់នាង គឺនាងជាអ្នកបើកឡានផ្ទាល់ ដោយបើកក្នុងល្បឿនប្រមាណ ៦០គីឡូម៉ែត្រក្នុង១ម៉ោង។ ពេលនៅទៅដល់ចំណុចមួយ(ចាំមិនច្បាស់) ហើយខណៈពេលនោះរាង យប់ងងឹតពិបាកមើលផង ក៏បានវ៉ាក់អឺជាមួយនឹងខឿនចញ្ចើមថ្នល់ ក៏ជ្រុលបុក ធ្វើឱ្យក្រឡាប់ឡានចំនួន២ត្រឡប់។
ហេតុការណ៍ តារាស្រីបញ្ជាក់ថា នាងតក់ស្លុតខ្លាំងណាស់ ហើយបានរបួសសព្វពេញខ្លួន ប៉ុន្តែកន្លែងដែលរងរបួសដំណំជាងគេ គឺឆ្អឹងខ្នង ។ នាងត្រូវបានសង្គ្រោះយកមកមន្ទីរពេទ្យ ហើយពេទ្យបានបង្ខំវះកាត់ដាក់ឆ្អឹងដែក ជំនួសឆ្អឹងដែលបាក់។ មកដល់បច្ចុប្បន្ន លីកា បានចេញពីពេទ្យយូរហើយ ហើយនៅ២ថ្ងៃមុននេះ នាងបានចូលរួមកម្មវិធីខួបកំណើតកញ្ញា មាន សូនីតា។ នៅពេលនោះ គេឃើញនាងនៅមានដំណើរមិនទាន់ប្រក្រតីនៅឡើយ។
ចំណុចនេះ លីកា ប្រាប់ថា នាងមិនអាចវិលត្រឡប់ទៅរាំបានវិញនោះទេ ព្រោះថា ឆ្អឹងដែកដែលពេទ្យវះដាក់ជំនួសឆ្អឹងដែលបាក់នោះ គឺត្រូវដាក់១ជីវិត មិនអាចដកបាននោះឡើយ៕
លីកា បានប្រកាសដកខ្លួនពីអាជីពរាំកាលពីពាក់កណ្ដាលឆ្នាំ ២០២០ ដោយភ្លាមៗ មិនមានមូលហេតុជាក់លាក់ត្រូវបានបញ្ចេញនោះទេ។ ប៉ុន្តែកាលណោះ គេដឹងត្រឹមថា នាងត្រូវវះកាត់ឆ្អឹងខ្នង ហើយអាការនេះ លោក តែ ស៊ុនណាង ធ្លាប់ប្រាប់អ្នកសារព័ត៌មានយើងថា កូនស្រីរបស់លោក ជួបគ្រោះឧប្បត្តិហេតុដួលពេលហាត់សមរាំ ធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នង។ ទើបតែពេលនេះ សាមីខ្លួនបានបញ្ជាក់ការពិតតែម្ដងថា ដោយសារតែនាងជួបគ្រោះថ្នាក់ក្រឡាប់ឡាន ពេលទៅដើរកម្សាន្តជាមួយមិត្តភ័ក្តិនៅកំពង់សោម៕