មានជីវិតដូចសព្វថ្ងៃនេះ តើ Kim Soo Hyun ពីមុនជាមនុស្សបែប​ណាឲ្យប្រាកដ?

  • 2021-02-17 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នឹក​ដល់​មនុស្សភពផ្កាយ គ្រប់គ្នា​ច្បាស់​ជា​គិត​ដល់​ Do Min Jun ឬ Kim Soo Hyun មុន​គេ។ តាម​រយៈ​រឿង​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​លោក ហក់​ឡើង​មួយ​កម្រិត​ ហើយ​ជាពិសេស​កាន់​តែ​បាន​លើក​លោក​ឲ្យ​ក្លាយ​ជា​កំពូល​តារា​ប្រុស​លំដាប់​ជួរ​មុខ​ ដែល​មាន​សមត្ថភាព​រក​ចំណូល​បាន​ច្រើន​បំផុត។

តាមរយៈ​ស្នាដៃ​សិល្បៈ​កន្លងមក​ មហាជន​ពិត​ជា​ដឹង​ច្បាស់​ថា​ Soo Hyun ជា​តារា​ម្នាក់​ដែល​ពូកែ និង​មាន​ភាព​វៃឆ្លាត ចេះ​បត់បែន​គ្រប់​ស្ថានការណ៍​មិន​ថា​ត្រូវ​សម្ដែង​តួ​យ៉ាង​ណា​លោក​ធ្វើ​បាន​ទាំង​អស់។ ចុះ​ក្រៅពីភាព​ជោគជ័យ​ និង​ព័ត៌មាន​សិល្បៈ​ផ្សេងៗ តើ​អ្នកស្គាល់អ្វី​ខ្លះ​ទៀត​ពី​ Kim Soo Hyun?

១. Kim Soo Hyun កើត​នៅ​ថ្ងៃ​ទី១៦ ខែកុម្ភៈ​ ឆ្នាំ ១៩៨៨ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង។

២. កាលពីនៅ​ក្មេង​ Soo Hyun ធ្លាប់​ជា​ក្មេង​ម្នាក់​ដែល​មិន​សូវ​ចេះ​មាត់​ក ជាពិសេស​ក្នុង​ចំណោម​មនុស្ស​ច្រើន និង​ចូលចិត្ត​ធ្វើអ្វីតែឯង ​អៀន​ច្រើន និង​ពូកែ​លាក់អារម្មណ៍ (Introvert) ប៉ុន្តែ​ម្ដាយ​របស់​លោក​បាន​ព្យាយាម​ជម្រុញ និង​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ចូល​រៀន​ថ្នាក់​សម្ដែង​ក្នុងកាល​រៀន​វិទ្យាល័យ ដើម្បីជម្នះ​ចរិត​មួយ​នេះ។

៣. មុន​ចូល​សម្ដែងជា​ផ្លូវការ Kim Soo Hyun ធ្វើជា​តារា​ម៉ូដែល​ខោក្នុង ឲ្យហាងទំនិញអនឡាញរបស់មិត្តភ័ក្តិ។

៤. Soo Hyun ចាប់​ផ្ដើម​ចូល​សម្ដែង​ដំបូង​ ពេល​មាន​អាយុ ១៩​ឆ្នាំ ក្នុង​រឿង​ «Kimchi Cheese Smile» ជា​តួ​រង។

៥. កាលពី​ឆ្នាំ ២០១០ Soo Hyun បាន​ទទួល​ការ​វះកាត់​បេះដូង ដោយសារ​សរសៃឈាម Supraventricular Tachycardia ធ្វើទុក្ខ។ ជំងឺ​នេះបណ្ដាល​ឲ្យ​ចង្វាក់បេះដូង​មាន​ចង្វាក់​លឿន និង​ដំណើរការមិនល្អ។

៦. ក្នុង​អត្ថបទ​ចេញផ្សាយ​របស់ Korea Time បាន​ឲ្យ​ដឹង​ថា​ KeyEast Entertainment ដែល​ពេល​នោះ​នៅ​ជា​ក្រុមហ៊ុន​ដែលលោក​នៅ​ធ្វើ​ការ​ឲ្យ​នោះ​ បញ្ជាក់​ថា​ Soo Hyun ធ្លាប់​បាន​ដាក់ពាក្យ​ចូល​បម្រើការងារ​នៅ​ Korea Professional Bowling Association កាលពី​ខែតុលា ឆ្នាំ២០១៦ ព្រោះ​លោក​ពិត​ជា​ស្រឡាញ់​វិស័យ​នេះ​ណាស់។

៧. ដោយសារ​តែ Soo Hyun ជា​មនុស្ស​ដែល​ប្រើ​ដៃឆ្វេង​ ដូច្នេះ​លោក​ហាត់​រៀន​ហាត់​លុតដំខ្លួន​ឯង​ឲ្យ​ទម្លាប់​ក្នុង​ការ​ប្រើដៃ​ស្ដាំ យោង​តាម​សាច់រឿង​ និង​តួដែល​លោក​ត្រូវ​សម្ដែង​។ អ្វី​ដែល​កើត​ចេញពី​ការ​ខិតខំ​ត្រូវ​តែ​បាន​សម្រេច ព្រោះ​ទី​បំផុត​លោក​អាច​ប្រើ​បាន​ទាំង​ដៃស្ដាំ និង​ឆ្វេង។​

៨. លោក​ធ្លាប់​និយាយ​ក្នុង​បទសម្ភាស​ថា​ ប្រសិន​អព្ភូតហេតុ​មានពិត លោក​ចង់​ចេះ​បំបាំងខ្លួន។

៩. ទម្លាប់​ប្រចាំ​ខ្លួន​របស់ Soo Hyun គឺ​ពេល​ណា​ឲ្យ​តែ​លោក​សើច ដឹង​តែ​លោក​យក​ដៃខ្ទប់​មាត់មិនខាន។

១០. ​នារីក្នុងក្ដីសុបិន​របស់​ Soo Hyun គឺ Kaya Scodelario តារាសម្ដែងអង់គ្លេស៕

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី