ធ្ងន់ហើយ! Facebook បិទសារព័ត៌មានរបស់អូស្ត្រាលីមិនឱ្យឡើងបណ្ដាញសង្គមបានទៀតទេ

  • 2021-02-18 02:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតបនឹងច្បាប់ថ្មីរបស់ ប្រទេសអូស្ត្រាលី តម្រូវឱ្យ Facebook បង់ថ្លៃសម្រាប់មាតិកាព័ត៌មានផ្សេងៗក្នុងប្រទេស កាលពីថ្ងៃពុធ ទី១៧ ខែកុម្ភៈ កន្លងទៅនេះ បណ្ដាញសង្គមយក្ស បានចាប់ផ្ដើមរឹតត្បិតចំពោះការចែកចាយព័ត៌មានផ្សេងៗដែលចេញផ្សាយដោយប្រទេសអូស្តា្រលី ចំណែកឯការចែកចាយព័ត៌មានបរទេសក្នុងប្រទេសនៅអាចដំណើរការបានធម្មតា។

មិនត្រឹមតែអ្នកព័ត៌មានអូស្ត្រាលីមិនអាចចែកចាយព័ត៌មានពួកគេបាននោះទេ សូម្បីតែព័ត៌មានដែលពួកគេធ្លាប់ចែកចាយលើ Facebook page កន្លងមកក៏ត្រូវបាត់រកមិនឃើញផងដែរ លើសពីនេះអ្នកប្រើប្រាស់ទូទៅក៏មិនត្រូវបានអនុញ្ញាតឱ្យចែកចាយផងដែរ។

ទោះយ៉ាងណាក៏ដោយ ការរាំងខ្ទប់សារព័ត៌មានផ្សេងពីក្នុងប្រទេសអូស្ត្រាលី មិនឱ្យឡើងលើបណ្ដាញសង្គម ក៏មានផលប៉ះពាល់ដល់ស្ថាប័នដទៃដែលមិនពាក់ព័ន្ធផងដែរ ដូចជាការបង្ហោះចែកចាយរបស់លោក Sally McManus ជាលេខាធិការក្រុមប្រឹក្សាសហជីពអូស្រ្តាលី ដែលបានបង្ហោះពីដំណឹងសហជីព ក៏ត្រូវបានឃាត់ឃាំងពី Facebook ផងដែរ។ ចំពោះបញ្ហានេះ អ្នកនាំពាក្យហ្វេសប៊ុកបានបញ្ជាក់ថា គេហទំព័រមួយចំនួនកំពុងត្រូវបានបិទដោយមានកំហុសហើយក្រុមហ៊ុនកំពុងធ្វើការដើម្បីកែកំហុសទាំងនោះ។

គួរបញ្ជាក់ថា ចំពោះការរាំងខ្ទប់បណ្ដាញសារព័ត៌មានអូស្ត្រាលីទាំងនេះ មិនទាន់មានដំណោះស្រាយជាក់លាក់នៅឡើយនោះទេ ប៉ុន្ដែភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលសម្របសម្រួលគ្នានៅឡើយ៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី