សាយ ៖​ ខ្ញុំ​យល់​ពី​អារម្មណ៍​បាត់បង់​ ដូច្នេះ​ទើប​ខ្ញុំ​បង្កើត​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​

  • 2021-02-19 07:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​កំពុង​ល្បីឈ្មោះ​លើ​កិច្ចការ​សប្បុរសធម៌​ សាយ​ ថា​ខ្លួន​យល់​អារម្មណ៍​បាត់បង់​ជា​ពិសេស​សាច់ញាតិ​ ដូច្នេះ​មាន​ឱកាស​ហើយ​ទើប​បង្កើត​កម្មវិធី​ «រត់​ដើម្បី​សប្បុរសធម៌​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ»​ កន្លងទៅ​នេះ​ជា​ការ​រួមចំណែក​ជួយ​កុមារ។​

ទិដ្ឋភាពសន្និសីទព្រឹកមិញ

សាយ​ បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹកមិញ​ថា​ កាល​ពី​ ២០​ឆ្នាំ​ មុន​​លោក​បាត់បង់​ឪពុក​ជា​ទី​ស្រឡាញ់​ ដូច្នេះ​ហើយ​អារម្មណ៍​នៃ​ការ​បាត់បង់​គឺយល់​ច្បាស់​ណាស់​ ហេតុ​នេះ​ហើយ​លោក​មិន​ចង់​ឲ្យ​រឿង​ទាំង​នេះ​កើក​ឡើង​នោះ​ទេ​ដោយ​ខ្លួន​ឯង​មាន​ឱកាស​ក្នុង​ការ​ជួយ​បាន។​ ដូច្នេះ​ហើយ​បើ​មន្ទីរពេទ្យ​មាន​ផល​លំបាក​ ឬ​បញ្ហា​ប្រឈម​ផ្សេងៗ​នោះ​វា​នឹង​ប៉ះពាល់​ដល់​ការ​ជួយ​សង្គ្រោះ​កុមារ​ដូច​គ្នា។​

តារា​ចម្រៀង​សំឡេង​ស្រទន់​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ «បើ​យើង​មាន​ឱកាស​ជួយ​ហើយ​ គួរ​ណាស់​តែ​ជួយ​ បើ​យើង​មាន​ក្ដី​សុខ​ហើយ​គួរ​ចែក​រំលែក​សេចក្ដី​សុខ​នេះ​ដល់​អ្នក​ផ្សេង»។​ ចំណុច​ទាំង​នេះ​ហើយ​ទើប​លោក​បង្កើត​ឲ្យ​មាន​រត់​សប្បុរសធម៌​កន្លង​ទៅ​នេះ។​

លោក សាយ

ចំណែក​លោក​ កែវ​ តារា​ តំណាង​ CBS​ និង​ទូរទស្សន៍​ MYTV​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ដើម្បី​ជា​ការ​រួមចំណែក​ជា​មួយ​ សាយ​ និង​ជា​ការ​ជួយ​ជំរុញ​លើ​ទឹកចិត្ត​ឲ្យ​យុវជន​ធ្វើ​កិច្ចការ​សង្គម​ កិច្ចការ​សប្បុរសធម៌​បន្ត​ទៀត​ខាង​ស្ថានីយ​របស់​លោក​នឹង​ចាក់​ផ្សាយ​វីដេអូ​ឯកសារ​នៃ​ការ​រត់​នេះ​។​

ទិដ្ឋភាពសន្និសីទព្រឹកមិញ

វីដេអូ​ឯកសារ​របស់​ សាយ​ នេះ​គឺ​មាន​២៧​ភាគ​ នឹង​ចាក់​ផ្សាយ​លើ​ទូរទស្សន៍​ MYTV​ លើ​ហ្វេសបុក​ផេក​ MYTV​ និង​ផេក​របស់​ សាយ​ ផ្ទាល់​ផង​ដែរ។​ ចំពោះ​វេលា​វិញ​នឹង​ចាក់​ផ្សាយ​នា​ដើម​ខែ​មីនា​ រៀងរាល់​ថ្ងៃ​ចន្ទ ពុធ​ និង​សុក្រ​ ចន្លោះ​ម៉ោង​ ៥-៦​ល្ងាច​ផង​ដែរ។​

ទិដ្ឋភាពសន្និសីទព្រឹកមិញ

រំលឹក​ដែរ​ថា​ តារា​ចម្រៀង​លោក​ សាយ​ បាន​បង្កើត​កម្មវិធី​ «រត់​ដើម្បី​សប្បុរសធម៌​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ»​ ឬ​ RUN WITH SAI​ រួច​ហើយ​កាល​ពី​ខែ​មករា​ ២០២១។​ កម្មវិធី​រត់​នេះ​គឺ​ឆ្លងកាត់​២១​ខេត្ត​ និង​គិត​ពី​ចម្ងាយ​ផ្លូវ​គឺ​ ២,៤០៨គ.ម​ ជុំ​វិញ​ប្រទេស​កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​