បុគ្គលិក SABAY បង្ហាញអារម្មណ៍រីករាយ និងសុវត្ថិភាព ក្រោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

  • 2021-03-03 10:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក និងថ្នាក់ដឹកនាំទាំងជនជាតិខ្មែរ និងបរទេសចំនួនជាង ៤០នាក់របស់ក្រុមហ៊ុន SABAY បានបង្ហាញអារម្មណ៍រីករាយ និងសុវត្ថិភាព ក្រោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជាអនុញ្ញាតឲ្យចាក់។

ប្រធាននាយកដ្ឋានធនធានមនុស្សនៃក្រុមហ៊ុន SABAY លោក ហ៊ូ សូយទ្រី បានបញ្ជាក់ថា «បុគ្គលិកស្ម័គ្រ​ចិត្តដែលបានទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២ មីនា មានចំនួនជាង ៤០នាក់។ នេះជាវគ្គទីមួយតែប៉ុណ្ណោះ នៅមានវគ្គទី២​ បន្តទៀត ឥឡូវយើងកំពុងតែរៀបចំឈ្មោះបុគ្គលិកដែលបានស្ម័គ្រ​ចិត្តចង់វ៉ាក់សាំងនេះជាបន្ត ហើយនៅថ្ងៃទី២៣ មីនាខាងមុខបុគ្គលិក ដែលបានចាក់លើកទី១ទាំងជាង ៤០នាក់នោះ នឹងត្រូវទៅចាក់លើកទី២នៅមន្ទីរពេទ្យកុមារជាតិដដែល»

រូបថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន SABAY ដែលបានចាក់វ៉ាក់សាំងលើកទីមួយកាលពីថ្ងៃទី២ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកុមារជាតិ

ជាមនុស្សស្រីម្នាក់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដំបូងកាលពីថ្ងៃទី២ មីនា ម្សិលមិញ កញ្ញា ផាត់ ស្រីមុំ ប្រធានផ្នែកលក់ នៃក្រុមហ៊ុន SABAY បានបញ្ជាក់ថា **«ខ្ញុំមានអារម្មណ៍សប្បាយចិត្តដោយសារអីប្រជាជនកម្ពុជាមានជាង១០លាននាក់ ហើយខ្ញុំស្ថិតនៅក្នុងមនុស្សម្នាក់ដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពសម្រាប់ការចាក់ អីចឹងខ្ញុំគិតថាជាមោទនភាពមួយសម្រាប់យើងនៅក្នុងស្ថាប័នសារព័ត៌មានមួយ។ ខ្ញុំគិតថាខ្ញុំមានសុវត្ថិភាពជាមុនព្រោះខ្ញុំជាមនុស្សម្នាក់ដែលធ្វើការ និងជួបជាមួយមនុស្សច្រើននៅខាងក្រៅ ហើយនៅពេលនេះក្នុងខ្លួនខ្ញុំមិនមានអាការៈអ្វីដែលគួរកត់សម្គាល់ទេ ម្សិលមិញគ្រាន់តែខ្ញុំដូចជារៀងអស់កម្លាំងបន្តិច និងងងុយគេង តែពេលនេះដូចជាមិនមានអ្វីទេ»**។

លោក ជី សិលា នាយកប្រតិបត្តិនៃក្រុមហ៊ុន SABAY បានលើកឡើងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជាដូចជាការទទួលខុសត្រូវមួយសម្រាប់ប្រជាជនយើងទាំងអស់គ្នា នៅលើពិភពលោក វ៉ាក់សាំងគឺជាដំណោះស្រាយមួយដែលទប់ទល់នឹងជំងឺកូវីដ-១៩បាន អ៊ីចឹងប្រទេសមួយចំនួនធំប្រជាជនរបស់គេហ្នឹងកំពុងតែរងចាំតម្រង់ជួរគ្នាទៅចាក់វ៉ាក់សាំង ហើយដោយឡែកនៅស្រុកខ្មែរយើងមានប្រជាជនមួយចំនួនធំក៏ចង់ចាក់ដែរ ហើយស្ថាប័នមួយចំនួនប៉ះពាល់ និងមានឱកាសឆ្លងជំងឺកូវីដខ្លាំងហ្នឹង ខ្ញុំគិតថាយើងជាអ្នកទទួលខុសត្រូវមួយត្រូវចាក់វ៉ាក់សាំង ជាពិសេសយើងគិតថាខ្លួនឯងសុវត្ថិភាពផង សុវត្ថិភាពសម្រាប់គ្រួសារ ក៏ដូចជាជួយដល់សុវត្ថិភាពកាន់តែច្រើនសម្រាប់ស្ថាប័នការងារ និងសង្គម សេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល អ៊ីចឹងមិនមែនសម្រាប់តែខ្លួនឯងមួយមុខទេ។

រូបថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន SABAY ថតរួមគ្នាមុនចាក់វ៉ាក់សាំងលើកទីមួយកាលពីថ្ងៃទី២ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកុមារជាតិ

លោក សុខ សុវត្ថិ និពន្ធនាយកសារព័ត៌មាន Sabay បានលើកឡើងដែរថា អ្នកសារព័ត៌មាន ជាក្រុម​ប្រឈមមុខជាងគេមួយ ដោយសារតែពួកគេ​ត្រូវ​ចេញ​ផលិតព័ត៌មាន​នៅខាងក្រៅជារៀងរាល់ថ្ងៃ ដូច្នេះការចាក់វ៉ាក់សាំងនាពេលនេះ គឺជារឿងដ៏ល្អមួយ។ ការចាក់់វ៉ាក់សាំងនេះ មិនត្រឹម​កាត់បន្ថយ​ហានីភ័យ​សម្រាប់ពួកគេ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ជា​ការទទួល​ខុសត្រូវ​មួយចំពោះ​ស្ថាប័ន គ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។

បុគ្គលិក២នាក់ផ្នែកសរសេរព័ត៌មាននៃក្រុមហ៊ុន SABAY កញ្ញា សុខុន សុម៉ាភាវី និងលោក អ៊ុំ សុភក្តិ បានបញ្ជាក់ពីអារម្មណ៍ក្រោយបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម លើកទី១ដូចគ្នាថា សប្បាយចិត្តណាស់ដែលបានចាក់វ៉ាក់សាំងនេះ អាការៈក្រោយចាក់ដូចជាមិនមានអ្វីប្លែក និងលំបាកក្នុងខ្លួននោះទេ។ ពេលនេះខ្ញុំមានអារម្មណ៍ថា សុវត្ថិភាពជាងមុន។

លោក ជី សិលា បន្តថា «ក្នុងនាមយើងជាពលរដ្ឋម្នាក់ ក្នុងនាមយើងជាបុគ្កលិកក្រុមហ៊ុនសារព័ត៌មានមួយយើងគួរតែចូលរួមចាក់ទាំងអស់គ្នា ហើយខ្ញុំផ្ទាល់ខ្លួនខ្ញុំក៏បានចាក់រួចហើយកាលពីម្សិលមិញជាមួយបុគ្កលិកស្មោះចិត្តដំបូងចំនួន៤០នាក់ ឥឡូវខ្ញុំមិនមានអ្វីប៉ះពាល់ខ្លាំងទេ ចាក់ហើយដល់ពេលនេះខ្ញុំមានអាការៈធម្មតា ធ្វើការធម្មតា ខ្ញុំគិតថាវាជាវ៉ាក់សាំងមួយដែលសុវត្ថិភាព»

រូបថតថតសែលហ្វីរបស់បុគ្គលិកក្រុមហ៊ុន SABAY មុនចាក់វ៉ាក់សាំងលើកទីមួយកាលពីថ្ងៃទី២ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកុមារជាតិ

នាយកប្រតិបត្តិនៃក្រុមហ៊ុន SABAY បន្ថែមថា «ខ្ញុំសូមអំពាវនាវដល់ស្ថាប័នអាទិភាពដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផ្តល់លទ្ធភាពឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ហ្នឹងគួរចូលរួម បើទោះជាការចាក់នេះមានជម្រើសចាក់ ឬមិនចាក់ក៏ដោយ តែបើយើងគិតពីប្រយោជន៍ខ្លួនឯង គ្រួសារ ស្ថាប័ន សង្គមរបស់យើងខ្ញុំគិតថាយើងគួរចាក់វ៉ាក់សាំងហ្នឹង។ តែកុំភ្លេចអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ៖ ១- ពាក់ម៉ាស់ ២- លាងដៃ ៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ និង៣ការពារ៖ ១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។ ២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ។ ៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ»

អត្ថបទ៖ លន ហ្សាឌីណា