ឥទ្ធិពលនៃឆ្នាំ២០២០ មិនអាចបញ្ឈប់បេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពរបស់ខ្លួនឡើយ

  • 2021-03-03 12:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ២០២០ គឺជាពេលវេលាដ៏លំបាកមួយក្នុងប្រវត្តិសាស្ត្រ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ ទោះបីប្រទេសកម្ពុជាមិនបានទទួលរងឥទ្ធិពលធ្ងន់ធ្ងរពីជំងឺដ៏កាចសាហាវនេះ ក៏ប៉ុន្តែមានក្រុមហ៊ុនអាជីវកម្ម និងអង្គភាពជាច្រើន រួមទាំងមន្ទីរពេទ្យកុមារអង្គរ នៅតែមានការព្រួយបារម្ភអំពីផលប៉ះពាល់បន្ទាប់ពីមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ មកលើសុខុមាលភាពកុមារកម្ពុជា។

នៅក្នុងរយៈពេល៦ខែ ចុងក្រោយឆ្នាំ២០២០ ផលប៉ះពាល់ដែលបានកើតឡើងមានទាំងវិជ្ជមាន និងអវិជ្ជមាន មកលើសុខភាពរបស់កុមារកម្ពុជា។ យោងតាមកំណត់ត្រារបស់មន្ទីរពេទ្យកុមារអង្គរ ចំនួនកុមារដែលមានជំងឺធ្ងន់ធ្ងរនៅតែមានចំនួនច្រើនដដែល ស្របពេលជាមួយគ្នានេះ ចំនួនកុមារដែលមានជំងឺកង្វះអាហារូបត្ថម្ភនៅតាមសហគមន៍ក៏កើនឡើងផងដែរ។ អាណាព្យាបាលចំនួន៦០%ដែលមានកូនខ្វះអាហារូបត្ថម្ភ បានកាត់បន្ថយការចំណាយលើអាហារ ដោយសារតែបាត់បង់ប្រាក់ចំនូលប្រចាំថ្ងៃ យោងតាមឯកសារ The Socioeconomic Impacts of COVID-19 in Cambodia។ ក្រៅពីផលប៉ះពាល់ផ្ទាល់លើសុខភាពកុមារ ជំនួយមូលនិធិរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ក៏មានការធ្លាក់ចុះផងដែរ ដែលបង្ខំឱ្យមន្ទីរពេទ្យត្រូវតែកាត់បន្ថយសកម្មភាពមួយចំនួន ឬពន្យារពេលសិន។ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា “ឥទ្ធិពលកូវីដ១៩ គឺជារលកមួយដែលសង្គមយើងទាំងមូលត្រូវយកចិត្តទុក្ខដាក់។ សុខភាពរបស់កុមារមានសារៈសំខាន់ណាស់ ដូច្នេះវាគឺជាកាតព្វកិច្ចរបស់យើងដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះ ជាពិសេសកុមារងាយរងគ្រោះនៅតាមតំបន់ក្រីក្រដែលពុំមានលទ្ធភាព” ។

ជាមួយនឹងផលប៉ះពាល់ជាអវិជ្ជមាន យើងក៏សង្កេតឃើញផលវិជ្ជមានមួយចំនួន ដូចជាឥរិយាបថរបស់ប្រជាជនកម្ពុជា មានការផ្លាស់ប្តូរទំលាប់ដែលទាក់ទងទៅនឹងអនាម័យ ជាពិសេសគឺការអនុវត្តន៍លាងសំអាតដៃ និងការសំអាតលំនៅដ្ឋានដែលជាកត្តាបញ្ឈប់ការឆ្លងរាលដាលនៃជំងឺកូវីត ១៩ បន្ទាប់ពីការអប់រំផ្សព្វផ្សាយស្តីអំពីការការពារការជំងឺនេះ នៅតាមសហគមន៍ បើយោងតាមសម្តីរបស់លោក ភឿក អមរា - អនុប្រធានការិយាល័យសុខភាពសហគមន៍។ ការផ្លាស់ប្តូរឥរិយាបថខាងលើនេះ បានជួយការពារជំងឺផ្សេងៗទៀតយ៉ាងច្រើន មានដូចជាជំងឺរាគរូស ជំងឺប៉ារាស៊ីត ជំងឺផ្លូវដង្ហើម ជាដើម ដែលនេះគឺជាវិធីសាស្ត្រដ៏សំខាន់ក្នុងការការពារសុខុមាលភាពកុមារ និងទារក។ បើយើងក្រឡេកមកមើលលើសកម្មភាពរៃអង្គាសថវិកាវិញ ថ្វីត្បិតការស្វែងរកជំនួយមូលនិធិមានភាពលំបាកយ៉ាងណាក៏ដោយ ក៏ការខិតខំប្រឹងប្រែងរបស់យើងនៅតែបន្ត។ នៅចុងឆ្នាំ២០២០ ព្រឹត្តិការណ៍រៃអង្កាសដ៍ធំមហិមា “រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” ដែលផ្តួចផ្តើមឡើងដោយ តារាចម្រៀងសាយ បានប្រមូលថវិកាពីប្រជាជនកម្ពុជា បានជិត៥០ម៉ឺនដុល្លារ ដែលជាសកម្មភាពមួយបង្ហាញមុខមាត់មន្ទីរពេទ្យកុមារអង្គរ ឲ្យកាន់តែមានការស្គាល់កាន់តែច្បាស់ពីសំណាក់សាធារណៈជន ក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ក៏មានក្រុមហ៊ុនអាជីវកម្មនិងសប្បុរសជនមួយចំនួនដែលពុំធ្លាប់ផ្តល់ជំនួយមកកាន់មន្ទីរពេទ្យ ក៏ចាប់ផ្តើមប្រមែប្រមូលកៀងគ មូលនិធិដើម្បីជួយឲ្យមន្ទីរពេទ្យកុមារអង្គរ អាចបន្តបេសកកម្មរបស់ខ្លួនក្នុងឆ្នាំ ២០២០ បានតទៅមុខទៀត។ នេះគឺជារូបភាពដ៏ប្រពៃថ្លៃថ្លា បង្ហាញពីសាមគ្គីភាព វប្បធម៌ចែករំលែក ខ្មែរជួយខ្មែរ របស់ប្រជាជនខ្មែរ នៅក្នុងការអភិវឌ្ឍន៍សង្គមជាតិយើង។

គួរបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរតែងតែទទួលពិនិត្យ ព្យាបាលកុមារចាប់ពីទើបកើតរហូតដល់១៦ឆ្នាំ ដោយជាមធ្យម មានកុមារមកកាន់មន្ទីរពេទ្យប្រមាណ៤០០នាក់ក្នុងមួយថ្ងៃ។ សម្រាប់ឆ្នាំថ្មី២០២១នេះ បន្ថែមលើការពិនិត្យព្យាបាលថែទាំ កុមារប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា ថ្នាក់ដឹកនាំនិងបុគ្គលិកក៏បានរៀបចំផែនការត្រៀម ដើម្បីកាត់បន្ថយនូវកំនើនជំងឺកង្វះអាហារូបត្ថម្ភ និងបញ្ហាសុខភាពផ្សេងៗទៀត ដោយសកម្មភាពមួយចំនួនដូចជា ការផ្តល់ជំនួយហិរញ្ញវត្ថុដល់អាណាព្យាបាលក្រីក្រដែលមកកាន់មន្ទីរពេទ្យ ការចុះអប់រំសុខភាពបឋមនៅតាមសហគមន៍គោលដៅថ្មីៗ និងការពិនិត្យតាមដានបន្តទៀតនៅក្នុងសហគមន៍ចាស់ៗ។ ក្រៅពីនេះ មន្ទីរពេទ្យកុមារអង្គរ ក៏បាន និងកំពុងផ្តល់ការបណ្តុះបណ្តាលអប់រំជាច្រើនទៀត អំពីការត្រួតពិនិត្យនិងការពារការចម្លងរោគ (Infection Prevention and Control – IPC) ដល់បុគ្គលិករបស់មន្ទីរពេទ្យដល់ទៅ ៩៣.៥% នៃការអនុវត្តន៍អនាម័យលាងសម្អាតដៃ ការការពារជំងឺឆ្លងផ្សេងៗ និងរៀបចំឡើងវិញនូវការចុះកម្មសិក្សាបណ្តុះបណ្តាលរបស់និស្សិតពេទ្យ មន្ត្រីសុខាភិបាលដើម្បីបន្តការសិក្សា បន្ទាប់ពីបានអាក់ខានអស់រយៈពេល ១ឆ្នាំកន្លងមកដោយសារតែបញ្ហាជំងឺកូវីដ១៩នេះ។ ចំណែកឯ កិច្ចការនៅក្នុងសហគមន៍វិញ មន្ទីរពេទ្យកុមារអង្គរ នឹងចាប់ផ្តើមកម្មវិធីអប់រំសុខភាពនៅក្នុងតំបន់គោលដៅថ្មី គឺស្រុកស្រីស្នំនៃខេត្តសៀមរាប។

តាមរយៈសកម្មភាព និងយុទ្ធសាស្ត្រទប់ស្កាត់ជាច្រើនទៀត មន្ទីរពេទ្យកុមារអង្គរ ពិតជាបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ នៅក្នុងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការការពារ និងថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិកម្ពុជា។

ទំនាក់ទំនង៖

ថេន រតន៍ (មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងផ្សព្វផ្សាយ)

លេខទូរស័ព្ទ៖ 069 57 39 80 សារអេឡិចត្រូនិច៖ rorththen@angkorhospital.org

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី