តារា​ស្រី និង​ជា​និស្សិត​ពេទ្យ ប្រតិកម្ម​ខ្លាំង ក្រោយ​មាន​ការ​រក​ឃើញ​ប្រដាប់​ភេទ​បុរស​ច្រក​ទុក​ក្នុង​ដប​ជា​ច្រើន

  • 2021-03-05 03:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ

កញ្ញា ឈុន រក្សា ​ជា​តារា​ស្រី និង​ជា​និស្សិត​ពេទ្យ​មួយ​រូប​បាន​ក្លាយ​ជា​តារា​ស្រី​តែ​ម្នាក់ ដែល​បាន​ធ្វើ​ការ​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​អ្វី​ដែល​បាន​សមត្ថកិច្ច​បាន​រក​ឃើញ​ពី​ម្សិលមិញ​ពាក់​ព័ន្ធ​នឹង​សម្ភារ អវយវៈ​ប្រើ​ប្រាប់​សម្រាប់​កែ​ភេទ​បុរស-នារី​ខុស​ច្បាប់។

កាល​ពី​ពេល​ថ្មី​ៗ​នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការបង្ក្រាប​ទីតាំងវះ​កាត់​កែ​អវយវ:​ភេទ និងប្រើប្រាស់ឱសថ​មិន​ត្រឹម​ត្រូវ​ចំនួន២​កន្លែង ដែល​ទីតាំង​ទី​១​ឈ្មោះ GANGNAM BEAUTY & CLINICS ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង និងទី២៖ ឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដុកទ័រកាង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រតិបត្តិការ​របស់​សមត្ថកិច្ច​ខាង​លើ បាន​រក​ឃើញ​ឱសថ​ជា​ច្រើនម៉ាក ដែលខុសច្បាប់ និងគ្មានការអនុញ្ញាត​ពីក្រសួង​សុខា​ភិបាល សម្ភារ:វះកាត់ រួមទាំងអវយវៈភេទបុរស ដែលបានកាត់ដើម្បីប្តូរភេទទៅជាស្រ្តីមួយចំនួន។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ចង្កោម​សាធារណជន ក្នុង​មាន​ទាំង​សិល្បករ។ កញ្ញា ឈុន រក្សា បេក្ខនារី​ជយលាភី​លេខ​២ Miss Universe Cambodia 2020 បាន​ចេញ​សារ​ប្រតិកម្ម​គួរ​ឲ្យ​ចាប់​អារម្មណ៍។

កញ្ញា បាន​ចោទ​ជា​សំណួរ​ទៅ​ក្រសួង​សុខាភិបាល ពាក់​ព័ន្ធ​នឹង​ការ​ឆក​ល្វែង​ឲ្យ​មាន​អាជីវកម្ម​អត់​ច្បាប់​ដូច​ខាង​លើ​អាច​ដំណើរ​ការ​អាជីវកម្ម​បាន​នៅ​កម្ពុជា។ ក្នុង​ន័យ​នេះ កញ្ញា ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដែល​ខិត​ខំ​រៀន​មាន​សញ្ញាប័ត្រ​ត្រឹម​ត្រូវ និង​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ។ កញ្ញា លើក​ឡើង​ថា "អី្វដែរចង់និយាយទៅក្រសួងសុខាភិបាល កន្លែងខ្លះមិនដឹងស្អីជាស្អី រៀនមិនដឹងនៅណាមកបើក ចុះ​អ្នក​រៀន 8ឆ្នាំ 10ឆ្នាំ 12ឆ្នាំ មានប្រយោជន៍អី?”។

ជាមួយ​គ្នា​គេ​ឃើញ ប្រិយមិត្ត​របស់​កញ្ញា មួយ​ចំនួន​បាន​ចូល​មក​សាទរ​ចំពោះ​ការ​លើក​ឡើង​របស់​តារា​ស្រី​ផង​ដែរ។ នេះ​ជា​ប្រតិកម្ម​យ៉ាង​កម្រ​របស់​បុគ្គល​សិល្បៈ បន្ទាប់​ពី​ចំណាត់​ការ​របស់​សមត្ថកិច្ច​លើ​អាជីវកម្ម​ថ្មី​ថ្មោង​មួយ​ដែល​រក​ឃើញ​នៅ​កម្ពុជា នោះ​គឺ​ការ​កែ​អវយវៈ​ភេទ​បុរស​នារី។ សមត្ថកិច្ច ក៏​បាន​រក​ឃើញ​សរីរាង្​គប្រដាប់ភេទរបស់មនុស្សប្រុសដែលបានវះកាត់រួច ច្រក​ទុក​ក្នុង​ដប​ទឹក​សុទ្ធ​ជា​ច្រើន​ផង​ដែរ។

វិល​មក​តារា​ស្រី​វិញ ​កញ្ញា ឈុន រក្សា បច្ចុប្បន្ន​មាន​វ័យ ២១​ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ ទម្ងន់ ៤៨គីឡូក្រាម មាន​ស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ។ យុវតី​រូប​នេះ នាង​មាន​ចំណុច​ទាក់​ទាញ​ទាំង​ព្រម ទាំង​រូប​សម្រស់ សមត្ថភាព និង​ចំណេះដឹង​ ដោយ​បច្ចុប្បន្ន ក្រៅ​ពី​អាជីព​ជា​សិល្បការិនី កញ្ញា រក្សា បាន និង​កំពុង​សិក្សា​ជំនាញ​វេជ្ជបណ្ឌិត​នៅ​ពេទ្យ​ទាហាន​ថែម​ទៀត។ ដោយ​សារ​តែ​បែប​នេះ ទើប​គេ​ឃើញ​នាង​ជា​សិល្បការិនី​តែ​ម្នាក់ បាន​ចេញ​ប្រតិកម្ម​ទៅ​នឹង​អ្វី​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ នៅ​ក្នុង​ចំណាត់​បង្ក្រាប​ច​ចំពោះ​អាជីវកម្ម​វះ​កាត់​កែ​អវយវៈ​ភេទ បុរស-នារី ខុស​ច្បាប់ ដែល​ជ្រក​ក្រោម​ស្លាក អាជីវកម្ម​កែ​សម្ផស្ស កាល​ពី​​ម្សិលមិញ៕

អត្ថបទ៖ ទារិកា