សមាគមហ្វារពន្លឺសិល្បៈខេត្តបាត់ដំបង នឹងបំបែកកំណត់ត្រាពិភពលោកសម្តែងសៀករយៈពេលវែងបំផុត

  • 2021-03-05 11:12:16
  • ចំនួនមតិ 15 | ចំនួនចែករំលែក 52

ចន្លោះមិនឃើញ

ហ្វារពន្លឺសិល្បៈ ជាសមាគមមិនរកប្រាក់ចំណេញ មានទីតាំងនៅខេត្តបាត់ដំបង ដែលជាស្ថាប័នដែលបានបង្កើតសិល្បៈសៀកដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក បានប្រកាសនឹងប្តេជ្ញា សម្រេចនូវបេសកម្មដ៏អស្ចារ្យមួយក្នុងឆ្នាំនេះ នាថ្ងៃអាទិត្យ ទី០៧ មីនា ម៉ោង៨:០០នាទីព្រឹកខាងមុខនេះ ។

សិល្បៈករ សៀកហ្វារពន្លឺសិល្បៈ នឹងធ្វើការសម្តែងនៅលើឆាករយៈពេល ២៤ម៉ោង និង ១ នាទី ដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ទី១០ ជូនដល់ប្រទេសកម្ពុជា លើផ្នែកសម្តែងសៀក ដែលមានរយៈពេលវែងជាងគេ។ ប្រជាជនកម្ពុជា អាចជួយគាំទ្រហ្វារបាន ដោយចូលរួមទស្សនាតាមប្រព័ន្ធអ៊ីនធឺណេត ឬអាចអញ្ជើញមកចូលរួមទស្សនាដោយផ្ទាល់បាន ក្នុងតង់សម្តែងនៅខេត្តបាត់ដំបង។

ការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកនេះ រៀបចំឡើងដោយកិច្ចសហការជាមួយ ក្រុមហ៊ុនសែលកាត ដើម្បីឱ្យអ្នកគ្រប់គ្នា ដឹងអំពីវិបត្តថវិកា ដែលហ្វារពន្លឺសិល្បៈកំពុងជួបប្រទះ។ សែលកាត គឺជាក្រុមហ៊ុនទូរសព្ទ័ចល័តដ៏មានមោទនភាពរបស់ខ្មែរ បានសហការជាមួយសមាគមហ្វារ បង្កើនទេពកោល្យក្នុងការច្នៃប្រឌិត ដែលរំពឹងថាទទួលបានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជា។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងាររបស់លោក បានប្តេជ្ញាចិត្ត ដើម្បីបង្កើនទេពកោសល្យខ្មែរវ័យក្មេង និងផ្តល់នូវវេទិកាសម្រាប់យុវជនដើម្បីសម្រេចបាននូវមហិច្ឆតារបស់ពួកគេ។ ហ្វារ គឺជាតំណាងវប្បធម៌មួយរបស់ប្រទេសកម្ពុជា ហើយយើងមានមោទនភាពក្នុងការផ្តល់ការគាំទ្រដល់ភាពជាដៃគូនេះ ហើយទន្ទឹងរងចាំធ្វើការជាមួយពួកគេលើគម្រោងរួមគ្នាផ្សេងទៀតនៅឆ្នាំនេះ។

ដោយសារកូវីដ១៩ បានកាត់ផ្តាច់ចំណូលរបស់ហ្វារ ពីការសម្តែងសិល្បៈសៀក ទាំងស្រុងក្នុងឆ្នាំ២០២០ ហើយការសម្តែងសៀកនៅទីក្រុងភ្នំពេញនាពេលថ្មីៗនេះ ក៏ត្រូវបានបិទដោយសារតែការរាតត្បាតជំងឺកូវីត១៩ ដែលជាមូលហេតុធ្វើឱ្យ សាលាមួយនេះ ខ្វះថវិកាចំនួន ២៥០.០០០ ដុល្លាអាមេរិច សម្រាប់ឆ្នាំ២០២១នេះ ។

ការបាត់បង់ថវិការទាំងនេះ បានធ្វើឱ្យសមាគមហ្វារ ស្ថិតក្នុងស្ថានភាពអាសន្នដែលប្រឈមនឹងការផ្អាកកម្មវិធីអប់រំ និងការហាត់រៀនសិល្បៈផ្សេងៗទៀត ដែលអាចធ្វើឱ្យជីវិតប្រជាជនកម្ពុជារាប់រយនាក់បាត់បង់ក្តីសង្ឃឹម។ សមាគមហ្វារ បានបញ្ឈប់កម្មវិធីមួយចំនួន និងកាត់បន្ថយប្រាក់ខែដោយស្ម័គ្រចិត្តពីបុគ្គលិក ដែលជាហេតុធ្វើឲ្យពេលនេះ ចាប់ផ្តើមស្វែងរកគំនិតថ្មីៗដើម្បីគៀងគរថវិកា សម្រាប់គ្រាអាសន្ននាពេលខាងមុខ។ ការសម្ដែងសៀករយៈពេលវែងជាងគេបំផុតនេះ ជាការផ្តួតផ្តើមថ្មីរបស់ហ្វារពន្លឺសិល្បៈ ហើយក៏ត្រូវបានទទួលស្គាល់ជាផ្លូវការដោយហ្គីនណេសដែរ។

សមាគមហ្វារ សូមអញ្ជើញប្រជាជនកម្ពុជាទាំងអស់ ដែលអាចមកទស្សនាការសម្តែងសៀក នៅបាត់ដំបងនាថ្ងៃអាទិត្យខាងមុខនេះ ដើម្បីក្លាយជាទស្សនិកជនគាំទ្រដល់សិល្បករសៀកហ្វារពន្លឺសិល្បៈ ។ សមាគមនឹងធ្វើការអនុវត្ត វិធានការពារការរាតត្បាតជំងឺកូវីដ១៩ យ៉ាងម៉ឹងម៉ាត់ ដោយតម្រូវអ្នកចូលរួមពាក់ម៉ាស និងរក្សាគម្លាតឱ្យបានត្រឹមត្រូវ។ ការបំបែកកំណត់ត្រាពិភពលោកនេះ តម្រូវឱ្យមានអ្នកទស្សនា យ៉ាងតិច៥០នាក់។ ហេតុនេះហើយអ្នកទស្សនាទាំងអស់ នឹងក្លាយទៅជាចំណែកមួយ នៃការបំបែកកំណត់ត្រាពិភពលោកហើយនឹងទទួលបានប័ណ្ណសរសើរផងដែរ។ សម្រាប់ព័ត៌មានបន្ថែម ដើម្បីចូលរួមអ្នកអាចតាមដានគេហទំព័រ Facebook បាន។

សម្រាប់អ្នកដែលមិនអាចមកទស្សនាការសម្ដែងផ្ទាល់នៅខេត្តបាត់ដំបងបាន អ្នកក៏អាចចូលរួមទស្សនា តាមរយៈប្រព័ន្ធអ៊ីនធឺណេតបានដែរ។ អ្នកអាចទស្សនា ២៤ម៉ោងបានដូចគ្នា នៅលើគណនី YouTube ឬអ្នកអាចចុះឈ្មោះចូលរួម កម្មវិធីគៀងគរថវិការយៈពេល១ម៉ោងដែលមានតំណនៅទីនេះ

កម្មវិធីរៃអង្គាសថវិកា នឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី០៧ មីនា នាម៉ោង១០ព្រឹក នឹងម៉ោង ៨យប់ ម៉ោងក្នុងប្រទេសកម្ពុជា។ ដូច្នេះ អ្នកទាំងអស់គ្នានឹងអាចទស្សនាផ្នែកមួយនៃការសម្តែងសៀក ដែលផ្សាយចេញពីខេត្តបាត់ដំបង ហើយក៏អាចចូលរួមកម្មវិធីរៃអង្គាសថវិកា ដ៏សប្បាយរីករាយនេះដូចគ្នា។

ខាងក្រោមនេះ ជាបីជំហានងាយៗដែលអ្នកអាចចូលរួមជាមួយសាគមមហ្វារបាន៖

ជំហានទី១៖ ចូលរួមចុះឈ្មោះនៅទីនេះ៖ www.bit.ly/pharegala21

ជំហានទី២៖ ចូលរួមជាមួយយើងនៅថ្ងៃទី០៧ មីនា តាមប្រព័ន្ធអ៊ីនធឺណេត។

ជំហានទី៣៖ អ្នកនឹងទទួលបានភាពរីករាយកំសាន្ដ ជាមួយការសម្តែងសៀក បំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក និងការចូលរួមរៃអង្គាសថវិកាសម្រាប់សមាគមហ្វារ។

ប្រសិនជាសមាគមហ្វារទទួលបានជោគជ័យ ប្រទេសកម្ពុជាក៏នឹងទទួលបានកំណត់ត្រាពិភពលោកទី១០ ហើយជាកំណត់ត្រាថ្មីមួយទៀតរបស់កម្ពុជា។ ក្នុងរយៈពេលបីឆ្នាំកន្លងទៅ កំណត់ត្រាដែលកម្ពុជាទទួលបានរួមមាន ការត្បាញក្រម៉ាវែងបំផុត នំអន្សមធំបំផុត ស្តេចដែលមានតួនាទីច្រើនបំផុត អក្ខរក្រមវែងជាងគេបំផុតនៅលើពិភពលោក និងមួយទៀតដែលសំខាន់ជាងគេនោះ គឺជាសំណង់សាសនាធំជាងគេនៅប្រាសាទអង្គរវត្ត ៕

អ្នកចូលរួមអាចចុះឈ្មោះបាននៅទីនេះ និងអាចស្វែងយល់ពត៌មានបន្ថែមអំពីព្រឹត្តិការណ៍នៅគេហទំព័រ @PHARE into the future on Facebook ឬនៅលើ ប្លក់ ឬតាមរយៈអ៊ីម៉ែលរបស់ហ្វារ gala@phareps.org

សូមទស្សនាវីដេអូអំពាវនាវដូចខាងក្រោមនេះ៖

អត្ថបទពេញនិយម