មូលហេតុបិតាស្ថាបត្យកម្មខ្មែរ វណ្ណ ម៉ូលីវណ្ណ សង់ផ្ទះលើទឹកដីអង្គរ ផ្ញើជីវិតចុងក្រោយជាមួយឧត្ដមភរិយា

  • 2021-03-07 04:16:05
  • ចំនួនមតិ 4 | ចំនួនចែករំលែក 40

ចន្លោះមិនឃើញ

ភូមិគ្រឹះរបស់បិតាស្ថាបត្យកម្មខ្មែរ វណ្ណ ម៉ូលីវណ្ណ ត្រូវបានគូរប្លង់ដោយលោកផ្ទាល់ និងបានសាងសង់អំឡុងទសវត្សជាង ៩០។ រចនាប័ទ្មនៃភូមិគ្រឹះរបស់លោកមានសណ្ឋានស្រដៀងគ្នានឹង សាលមហោស្រពចតុមុខ និងវិមានរដ្ឋសភាចម្ការមន ដែលជាស្នាដៃរបស់លោកបន្សល់ទុករហូតមកដល់បច្ចុប្បន្ន ។ ផ្ទះដ៏ធំសម្បើមមួយនេះដែរ គឺជាទីកន្លែងដែលលោកតា វណ្ណ ម៉ូលីវណ្ណ ផ្ញើជីវិតចុងក្រោយជាមួយគ្នាលុះអស់ជីវិតរៀងខ្លួន ។

ចំពោះមូលហេតុ ដែលឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ មកសង់ផ្ទះក្នុងខេត្តសៀមរាប ដោយសារលោកស្រឡាញ់ទឹកដីអង្គរជាខ្លាំង ជាពិសេសគឺតំបន់ប្រាសាទអង្គរវត្ត ដែលជាកេរ្តិ៍ដំណែលដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ជនរួមជាតិកម្ពុជា។ ដូច្នេះទើបក្នុងឆ្នាំ ១៩៩១ លោកបានបង្កើតអាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាការពារនូវសម្បត្តិវប្បធម៌របស់បុព្វបុរសខ្មែរ និងបានទទួលព្រះរាជក្រឹត្យជាផ្លូវការក្នុងឆ្នាំ ១៩៩៣។ នេះបើតាមការរៀបរាប់របស់លោក ស៊ើង គង់ ជាមិត្តជិតស្និទ្ធជាមួយឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ។

លោក ស៊ើង គង់ បន្ថែមទៀតថា ដោយសារចង់ការពារ ចង់ឃើញ ប្រាសាទបុរាណខ្មែរ នៅគង់វង្សយូរអង្វែងតកូនតចៅ ទើប ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ មកទិញដីសង់ផ្ទះក្នុងខេត្តសៀមរាប ដោយក្ដីរំពឹងថា ថ្ងៃដែលលោក និងភរិយា លាចាកពីលោកនេះទៅ គឺបានបន្សល់ធាតុនៅលើទឹកដី ដែលលោកសែនស្នេហាជាទីបំផុត។

លោក ស៊ើង គង់ ជាមិត្តជិតស្និទ្ធជាមួយឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ

គួររំឮកថា លោកតា វណ្ណ មូលីវណ្ណ ជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញ កាលពីជំនាន់សម័យសង្គមរាស្ត្រនិយម ដោយលោកបានមរណៈភាពកាលពីព្រឹកម៉ោង ៩ និង ៤៥នាទី ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងវ័យ ៩១ឆ្នាំ នៅគេហដ្ឋានរបស់លោក នាខេត្តសៀមរាប។ ចំណែកភរិយាកម្សត់កម្ររបស់លោក ទើបតែទទួលមរណភាព នៅយប់ម៉ោង ៧ និង ៤០ នាទី ថ្ងៃទី ៥ ខែមីនា ២០២១ នេះ ក្នុងវ័យ ៨៨ ឆ្នាំ នាគេហដ្ឋានតែមួយនៅ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយជរាពាធ ៕

រូបភាព៖ Amazing Cambodia

សូមទស្សនាទិដ្ឋភាពផ្ទះរបស់លោកតា វណ្ណ ម៉ូលីវណ្ណ ដូចខាងក្រោម៖

អត្ថបទ៖ ច័ន្ទ ដារ៉ាឫទ្ធិ

អត្ថបទពេញនិយម