Nak fake គ្រលាស់​ខ្លួន​ចេញ​ពី​ជីវិត​អ្នក​លក់​ស៊ីមកាត​តាម​ចិញ្ចើម​ផ្លូវ មក​ជា​អ្នក​ចម្រៀង​មាន​ប្រាក់​ចំណូល​ខ្ទង់​ពាន់​ដុល្លារ

  • 2021-03-16 09:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ពេល​នេះ​គេ​ជឿ​ថា​តារា​ចម្រៀង​ប្រុស​ទើប​រះ​ថ្មី សេង វណ្ណៈ ហៅ​Nak fake សល់​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ បន្ទាប់​ពី​លោក​បង្ហើប​ថា រូប​លោក​មាន​ចំណូល​ជាទៀងទាត់យ៉ាង​តិច​២០០០​ដុល្លារ​ក្នុង​១​ខែ​ពី​ក្រុមហ៊ុនYoutube ហើយ​លោក​បាន​សន្សំ​វា​ទុក​ចាប់​តាំង​ពី​ឆ្នាំ​២០១៩ មក​មិន​ទាន់​បាន​ចាយវាយ​ហ៊ឹកហ៊ាក់ ឬ​ទិញ​អ្វី​ជា​ដុំកំភួន​នៅ​ឡើយ​ទេ។

ត្រឹម​រយៈ​ពេល​បី​ឆ្នាំ​ម្ចាស់​បទ"យើង​ជា​ទន្សាយ​គេ​ជា​ព្រះច័ន្ទ" លោក Nak fake បាន​កសាង​កេរ្តិ៍ឈ្មោះ​យ៉ាង​សម្បើម​ក្នុង​វិថី​សិល្បៈ​តាម​រយៈ​អាជីព​តែង​និពន្ធ និង​ច្រៀង​ដោយ​ខ្លួន​ឯង​នូវ​បទ​មនោសញ្ចេតនា​បែប​ស្នេហា​ឈឺចាប់​ត្រូវ​ចិត្ត​យុវវ័យ ដោយ​គិត​ត្រឹម​ពាក់កណ្ដាល​ខែ​មីនា ឆ្នាំ​២០២១ នេះ Chanel Youtube ផ្លូវការ​របស់​គេ​ទទួល​បាន​អ្នក​គាំទ្រ​ជិត​១​លាន​នាក់​ហើយ។

តើ Nak fake ដែល​មាន​ឈ្មោះ​ពិត សេង វណ្ណៈ មាន​ស្ថានភាព​រស់នៅ​បែប​ណា? ហើយ​លោក​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ណា​ខ្លះ? ថ្ងៃ​នេះ Sabay សូម​សង្ខេប​ជូន​ប្រិយមិត្ត​នូវ​ជីវប្រវត្តិ​របស់​តារា​ចម្រៀងOrigianal Song រូប​នេះ​ដូច​តទៅ៖

"ស្ថានភាព​គ្រួសារ"

លោក សេង វណ្ណៈ កើត​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ក្នុង​គ្រួសារ​កសិករ​ដែល​មាន​ជីវភាព​មធ្យម​មួយ​នៅ​ភូមិ​ប្រមា ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយ​រៀង។ ឪពុក​របស់​លោក​មាន​ឈ្មោះ សេក ពៅ បាន​ស្លាប់​ដោយ​ជំងឺ​ប្រចាំ​កាយ​តាំង​ពី​ឆ្នាំ​១៩៩៨ ពោល​គឺ​តាំង​ពី​លោក​កើត​បាន​២​ខែ​មក​ម្ល៉េះ។

រីឯ​ម្ដាយ​ឈ្មោះ នៅ នាង ជា​អតីត​កម្មការិនី​រោងចក្រ ហើយ​បច្ចុប្បន្ន​ជា​ស្ត្រី​មេផ្ទះ។ រូប​លោក​ជា​កូន​ពៅ ក្នុង​ចំណោម​បងប្អូន​ប្រុស​ចំនួន​៤​នាក់ ដែល​បច្ចុប្បន្ន​បង​ប្រុស​ទាំង​បី​នាក់ បាន​រៀបការ និង​រស់នៅ​បែក​ផ្ទះ​គ្នា​អស់​ហើយ។

"កម្រិតវប្បធម៌ ឬ​ការ​សិក្សា"

នៅអាយុ​៦​ឆ្នាំ ពោល​គឺ​នៅ​ឆ្នាំ​២០០៣ កុមារា សេង វណ្ណៈ បាន​ចូល​រៀន​នៅ​បឋម​សិក្សា​ក្ដី​ស្លា។ ចូល​ដល់​ថ្នាក់​បឋមភូមិ​លោក​បាន​រៀន​នៅ​អនុវិទ្យាល័យ កៀន​តាសៀវ និង​បាន​បន្ត​ថ្នាក់​មធ្យម​សិក្សា​នៅ​វិទ្យាល័យ ហ៊ុន សែន សាមគ្គី​ដូន​កក ក្នុង​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី១២ នៅ​ឯ​ស្រុក​កំណើត នៅ​ឆ្នាំ​២០១៦ លោក សេង វណ្ណៈ បាន​បន្ត​ការ​សិក្សា​ថ្នាក់​ ឧត្ដម​សិក្សានៅ​សាលា​ភូមិន្ទ​ភ្នំពេញ​ផ្នែក​ភូមិ​វិទ្យា និង​អក្សរសាស្ត្រ​ខ្មែរ។ ប៉ុន្តែ​កាល​ណោះ​លោក​សិក្សា​បាន​ត្រឹម​ឆ្នាំ​ទី១​ប៉ុណ្ណោះ​ក៏ត្រូវ​ភ្ជួរ​ឈ្មោះ​ទៅ​វិញ ដោយសារ​បញ្ហា​ជីវភាព និង​ម្ដាយ​ធ្លាក់​ខ្លួន​ឈឺ។

ចំពោះ​ការ​សិក្សា ឬ​ការ​ទទួល​បាន​វគ្គ​បណ្ដុះបណ្ដាល​ខាង​សិល្បៈ​វិញ គឺ​លោក​គ្មាន​ឡើយ ប៉ុន្តែ​លោក​មាន​ទេពកោសល្យ​ខាង​ច្រៀង និង​ស្រាវជ្រាវ​ច្រើន​លើ​បទ​ចម្រៀង និង​ឯកសារ​តែង​និពន្ធ​ថ្មី​របស់​ផលិតករ​ភាពយន្ត និង​ចម្រៀង​អន្តរជាតិ ទើប​លោក​មាន​សមត្ថភាពនិពន្ធ​ទំនុក​ច្រៀង និង​ច្រៀង​ដោយ​ខ្លួន​ឯង​នូវបទពីរោះៗ និងថ្មីៗជាបន្ដបន្ទាប់រហូត​ដល់​សព្វថ្ងៃ។

"ស្ថានភាព​រស់នៅ និង​ប្រវត្តិ​តស៊ូ"

បើ​និយាយ​ពី​ប្រវត្តិ​តស៊ូ​កាល​ពី​កុមារភាព​របស់​សេង វណ្ណៈ គឺ​មិន​ខុស​ប្លែក​ពី​ស្ថានភាព​របស់​កុមារ​ដទៃ​ទៀត នៃ​ភូមិ​ប្រមា ឃុំ​ស្វាយ​យា​ឡើយ ព្រោះ​កាល​ណោះ​លោក​ដឹង​តែ​រៀន និង​ជួយ​ធ្វើ​ការ​បន្តិចបន្តួច​ជាមួយ​នឹង​ម្ដាយ និង​បង​ប្រុសៗ។ ប៉ុន្តែ​លោក​ចាប់​ផ្ដើម​ស្គាល់​ភាព​ជូរចត់ និង​តស៊ូ​ខ្លាំង ក្រោយ​ពី​លោក​ឈាន​ជើង​ចេញ​ពី​ស្រុក​កំណើត​មក​រស់នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៦ ដើម្បី​បន្ត​ការ​សិក្សា​បណ្ដើរ និង​ធ្វើ​ការ​បណ្ដើរ។

ការងារ​តែ​មួយ​គត់​ដែល​លោក​ទើប​ឡើង​មក​ភ្នំពេញ ហើយ​ទទួល​បាន​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នោះ គឺ​ជា​ភ្នាក់ងារ​លក់​ស៊ីមកាត។ ក្នុង​តំណែង​ជា​អ្នក​លក់​ស៊ីម​កាត​របស់​ក្រុមហ៊ុន Cellcard Metfone និង​ក្រុមហ៊ុនSmart រយៈ​ពេល​ជាង​១​ឆ្នាំ លោក សេង វណ្ណៈ បាន​ចំណាយ​ពេល​ច្រើន​នៅ​តាម​ដង​ផ្លូវ ដើម្បី​លក់​ស៊ីម​កាត​ជូន​អតិថិជន ហើយ​កាលណោះ​លោក​ទទួល​បាន​ប្រាក់​ខែ​ចន្លោះ​ពី​១៥០​ដុល្លារ ទៅ​១៨០​ដុល្លារ​ប៉ុណ្ណោះ។

ត្បិត​ថា​លោក​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​បង​ថ្លៃ និង​បង​ប្រុស​បង្កើត​នៅ​ម្ដុំ​ផ្សារ​ព្រៃ​ទា រាជធានី​ភ្នំពេញ ដោយ​មិន​អស់​លុយ​ថ្លៃ​បន្ទប់​ក្ដី ប៉ុន្តែ​ប្រាក់​ខែ​១៥០​ដុល្លារ​របស់​លោក ត្រូវ​ចាត់ចែង​ផ្ញើ​ជូន​ម្ដាយ​នៅ​ឯ​ស្រុក និង​លើ​ការ​សិក្សា ហើយ​លោក​ទុក​តែ​២០ ឬ​៣០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ចាយ​ដល់​ថ្ងៃ​បើក​លុយ​វិញ។ ដោយ​ធុញទ្រាន់ នឹង​ការងារ​លក់​ស៊ីម​កាត​ហាល​ក្ដៅ ហាល​ភ្លៀង​ស្ទើរ​រាល់​ថ្ងៃ លោក​ក៏​បោះបង់​ការងារ​នេះ​ចោល​នៅ​ឆ្នាំ​២០១៧ ហើយ​បានងាកមកចាប់​យក​អាជីព​ចម្រៀង​វិញ​ម្ដង។

"ជំហាន​ទី១​លើ​វិថី​សិល្ប"

នៅ​ចុង​ឆ្នាំ​២០១៧ លោក សេង វណ្ណៈ ហៅNak fake ចាប់​ផ្ដើម​បញ្ចេញ​បទ​ចម្រៀង​ទី១​របស់​ខ្លួន​ទៅ​កាន់​មហាជន តាម​រយៈ​បណ្ដាញ​សង្គម​Facebook។ ដំបូង​ឡើយ​លោក​ពុំ​មាន​លទ្ធភាព​ជួល​ស្ទូឌីយោ​គេ ឬ​មាន​ឧបករណ៍​ទំនើប​ផ្ទាល់​ខ្លួន​ដើម្បី​ផលិត​បទ​ចម្រៀង​ឡើយ ពោល​គឺ​បទ"មិន​អាច"​ដែល​ជា​បទ​ទី១​របស់​លោក ប្រើ​ទូរស័ព្ទ​ដៃ​ម៉ាកSamsung note.5 ដើម្បី​ថត​ប៉ុណ្ណោះ។ ត្បិត​ថា​ថត​តាម​ទូរស័ព្ទ​សំឡេង​មិន​សូវ​ច្បាស់ តែ​បទ​ល្បី​រហូត​ដល់​មាន​អ្នក​យក​ទៅ​បង្ហោះ​បន្ដ​នៅ​លើYoutube ហើយ​មាន​អ្នក​ចូល​ទស្សនា​ជិត​១០០០​ដង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​មួយ។

បន្ទាប់​ពី​បាន​ចេញ​ចម្រៀង​១​បទ​នេះ លោក​ក៏​បាត់​មុខ​មួយ​រយៈ​ធំ ដោយសារ​តែ​ម្ដាយ​រអិល​ជើង​ធ្លាក់​ពី​លើ​ផ្ទះ​បណ្ដាល​ឲ្យ​បាក់​ជើង ហើយ​លោក​ដែល​ជា​កូន​ពៅ​ត្រូវ​ទទួល​រ៉ាប់រង​ការ​មើល​ថែ​ជំងឺ​ម្ដាយ។ ដើម្បី​ព្យាបាល​របួស​ម្ដាយ​ឲ្យ​បាន​ជាសះស្បើយ លោក​បាន​បង្ខំចិត្ត​លក់​ដី​ស្រែ​១​កន្លែង និង​គោ​៤​ក្បាល បាន​លុយ​សរុប​១០០០​ដុល្លារ រួច​យក​ម្ដាយ​ចេញ​ទៅ​ព្យាបាល​នៅ​វៀតណាម។

ក្រោយ​ពី​ម្ដាយ​ជាសះស្បើយ ហើយ​យក​គាត់​ត្រឡប់​មក​រស់នៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​ស្វាយ​រៀង​វិញ លោក​ក៏​ចាប់​យក​អាជីព​ចម្រៀង​ជា​ថ្មី​នៅ​ឆ្នាំ​២០១៩ ដោយ​ម្ដង​នេះ​លោក​បាន​បង្កើតChanel Youtube ផ្ទាល់​ខ្លួន​ទៀត​ផង។

ដំណើរ​ឆ្ពោះ​ទៅ​កាន់​ពិភព​សិល្បៈ​ជា​លើក​ទី២ របស់ Nak fake ត្រូវ​បាន​មហាជន ជា​ពិសេស​មិត្ត​យុវវ័យ​ទទួល​ស្គាល់​​លើ​ទឹកដម​សំឡេង ព្រោះ​លោក​ពូកែ​ច្រៀង​បទ​មនោសញ្ចេតនា​ស្នេហា​បែប​ឈឺ​ចាប់។ ត្បិត​ថា​បច្ចុប្បន្ន​លោក​មាន​ស្ទូឌីយោ​ផ្ទាល់​ខ្លួន​តូច​ល្មម​១ នៅ​ក្នុង​ផ្ទះ​ជួល ប៉ុន្តែ​ម្ដងម្កាល​លោក​នៅ​តែ​ពឹង​លើ​ក្រុម​ការងារ និង​ជួល​ស្ទូឌីយោ​គេ ដើម្បី​ថត​ដដែល។

គិត​មក​ត្រឹម​ខែ​មីនា ឆ្នាំ​២០២១ នេះ លោក​បាន​ផលិត​បទ​ចម្រៀង Original Song បាន​៣០​បទ​ហើយ ក្នុង​នោះ​មាន​៨​បទ បាន​ថត​ចេញ​ជា MV។ បទ​ដែល​គេ​ឯង​ស្គាល់​លោក​កាន់​តែ​ច្រើន គឺ​បទ"យើង​ជា​ទន្សាយ​គេ​ជា​ព្រះចន្ទ"។ តាម​រយៈ​បទ​ទាំង​នេះ លោក​បង្ហើប​ថា​លោក​ទទួល​បាន​លុយ​យ៉ាង​តិច​២០០០​ដុល្លារ​ក្នុង​១​ខែ។

"ជីវិត និង​ស្នេហា​ក្រៅ​ឆាក"

Nak fake ធ្លាប់​មាន​ស្នេហា​ក្រៅ​ឆាក​តាំង​ពី​វ័យ​ក្មេង ពោល​គឺ​លោក​ធ្លាប់​ស្រឡាញ់​នារី​ម្នាក់​ដែល​ជា​សិស្ស​ដូច​គ្នា​កាល​ពី​លោក​រៀន​នៅ​ថ្នាក់​មធ្យម​សិក្សា​នៅ​ឯ​ស្រុក​កំណើត ប៉ុន្ដែ​បាន​បែក​គ្នា​ទៅ​វិញ​ក្រោយ​ពី​លោក​ឡើង​មក​រស់នៅ និង​រៀន​បន្ដ​នៅ​ភ្នំពេញ។ រីឯ​នៅ​ក្នុង​ដំណាក់​កាល​លោក​មាន​កេរ្ដិ៍ឈ្មោះ និង​មាន​ប្រាក់​ចំណូល​ប្រចាំ​ខែ​ខ្ទង់​ពាន់​ដុល្លារ​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​សង្ស័យ​ថា​រូប​លោក និង​កញ្ញា​មីហឹរ​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​ហើយ។

ចំពោះ​ចម្ងល់​នេះ ត្រូវ​បាន​ភាគី​ទាំង​សងខាង​ព្យាយាម​លាក់​បាំង ប៉ុន្តែ​យោង​តាម​ការ​បក​ស្រាយ​របស់​អ្នក​ទាំង​ពី​តាម​រយៈ Sabay កន្លង​ទៅ គឺ​អ្នក​ទាំង​ពី​ពិត​ជា​មាន​ចិត្ត​លើ​គ្នា តែ​មិន​ទាន់​ហ៊ាន​បញ្ជាក់​ចំ​ៗ​ថា​ពួកគេ​ពិត​ជា​ស្រឡាញ់​គ្នា ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា​មិន​ទាន់​ដល់​ពេល​ត្រូវ​ទម្លាយ​ចេញ។

"ទម្លាប់​ប្រចាំ​ថ្ងៃ"

ពេល​ទំនេរ​ពី​ការងារ​និពន្ធ ច្រៀង និង​សម្ដែង​លើ​MV របស់​ខ្លួន Nak fake តែងតែ​អាន​សៀវភៅ និង​លេង​កីឡា។ កីឡា​ដែល​លោក​ចូលចិត្ត​ជាង​គេ​នោះ គឺ​កីឡា​បាល់​ទះ និង​បាល់​ទាត់។ ប៉ុន្តែ​លោក​ថា លោក​មាន​ពេល​តិច​ណាស់​ក្នុង​ការ​ចេញ​ទៅ​លេង​កីឡា ព្រោះ​បច្ចុប្បន្ន​លោក​រវល់​នឹង​ការងារ​ផលិត​បទ​ចម្រៀង​ដើម្បី​ដាក់​លើ​Chanel Youtube ជា​ប្រចាំ។ ដូច្នេះ​កុំ​ថា​ឡើយ​ពេល​ច្រើន​សម្រាប់​លេង​កីឡា សូម្បី​ពេល​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិញ​ក៏​ពុំ​មាន​ដែរ។

"ភាព​ជោគជ័យ និង​ក្ដី​ប្រាថ្នា​ទៅ​ថ្ងៃ​អនាគត"

លោក សេង វណ្ណៈ ហៅ​Nak fake បង្ហើប​ថា បច្ចុប្បន្ន​លោក​មាន​អ្នក​គាំទ្រ ឬ​Subscriber ជិត​១​លាន​នាក់។ តាម​រយៈ​នេះ​លោក​អាច​រក​ចំណូល​បាន​យ៉ាង​តិច​២០០០​ដុល្លារ ក្នុង​១​ខែ ប៉ុន្ដែ​លុយ​ទាំង​នោះ​លោក​បាន​សន្សំ​ទុក សម្រាប់ទិញ​ផ្ទះ​១​ល្វែង​ឲ្យ​ម្ដាយ​រស់នៅ​រាជធានី​ភ្នំពេញ ហើយ​លោក​ក៏មាន​បំណង​ទិញ​ឡាន​ជិះ​មួយ​គ្រឿង​ដែរ គឺម៉ាក Rangrover តម្លៃ​ខ្ទង់​២០​ម៉ឺន​ដុល្លារ។

លោក​ថា ក្ដី​ប្រាថ្នា​ទិញ​ឡាន និង​ផ្ទះ​ជូន​ម្ដាយ​នេះ ត្រូវ​បានលោក​ប៉ង​តាំង​ពី​ឈាន​ជើង​ប្រឡូក​ចូល​ក្នុង​សិល្បៈ ហើយក្ដីប្រាថ្នាទាំងនេះអាចនឹងសម្រេចក្នុងពេលឆាប់ៗ ប្រសិនបើដំណើរការក្នុងអាជីពផលិតបទចម្រៀងរបស់លោកនៅតែដំណើរការបានល្អ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ