ជិតចូលឆ្នាំហើយ! សូមបងប្អូនខ្មែរ មកដឹងពីរណ្ដាប់ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាងមណ្ឌាទេវី
- 2021-04-02 01:33:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតចូលឆ្នាំហើយ! សូមបងប្អូនខ្មែរ មកដឹងពីរណ្ដាប់ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាងមណ្ឌាទេវី
ចន្លោះមិនឃើញ
ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅហើយបាន ២៥៦៤ ត្រឹមថ្ងៃចន្ទ ១៥កើត ខែពិសាខ លុះដល់ថ្ងៃអង្គារ ១ រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក តទៅចូលពុទ្ធសករាជ ២៥៦៥ ។ មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំឆ្លូវ នឹងចូលមកដល់នៅថ្ងៃពុធ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០២១ នៅវេលាម៉ោង ៤ និង ០០នាទី ។
ទេពធីតាឆ្នាំថ្មី ដែលនឹងយាងមកគ្រប់គ្រងថែរក្សាជម្ពូទ្វីបមនុស្សលោកចាប់ពេលនេះតទៅ ជាទេវធីតាមួយព្រះអង្គ ជាអគ្គនាយិកាព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌អន (ខៀវខ្ចី) លម្អនៅព្រះកាណ៌ដោយសៀតផ្កាចម្ប៉ា អភរណៈកែវពិទូរ្យ ភក្សាហារទ្រង់សប្បិ (ទឹកដោះ) ព្រហស្ថស្ដាំទ្រង់ម្ជុល ព្រហស្ថឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រនៅលើខ្នង គទ្រភៈ (សត្វលា) ជាយានពាហនៈ ។ ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុហាកែវធម្មមាលីនាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតំកល់នូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី ។
តទៅនេះសូមប្រជានុរាស្ត្រខ្មែរមកដឹងពីរណ្ដាប់ទទួលទេវធីតាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវីដូចខាងក្រោមនេះ៖
រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេង ៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតាមានជាអាទិ៍៖
១. បាយសី ៩ថ្នាក់មួយគូ
២.បាយសី ៧ថ្នាក់មួយគូ
៣.បាយសី ៥ថ្នាក់មួយគូ
៤.បាយសី ៣ថ្នាក់មួយគូ
៥.បាយសីប៉ាឆាមមួយគូ
៦.ស្លាធម៌មួយគូ
៧.ទឹកអប់មួយគូ
៨.ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ
៩.ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ
១០.ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន ១គូ
១១.ដូងឡៅមួយគូ
១២.ទឹកស្អាតពីរកែវ
សូមបញ្ជាក់ ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្ររាជពិធីទ្វារទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមកឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ ។
ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឲ្យបានត្រឹម៣ ឬ៥មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាននិងលើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺ ។ លោកអ្នកអាចក្រាលសំពត់ពណ៍សក៏បានខៀវខ្ចីក៏បាន តាមអម្ពររបស់ទេពធីតា ។
ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនៈត្រ័យសមាទានសីលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្ត រំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា ៕
ប្រភព៖ ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឯកឧត្ដម អឺុម បូរិន្ទ