ដោយសារធ្លាប់ត្រូវគេប្រមាថទើប Abena Appiah ប្រឹងងើបឈររហូតជោគជ័យជា Miss Grand International

  • 2021-03-28 04:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ កម្មវិធី​ Miss Grand International ឆ្នាំ ២០២០ បាន​រកឃើញ​ម្ចាស់មកុដហើយគឺ បវរកញ្ញាអាមេរិក Abena Appiah។ បវរកញ្ញាវ័យ ២៧ឆ្នាំរូបនេះ​បាន​ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​ជា​ខ្លាំង​ ជាមួយ​នឹង​ការ​សាទរយ៉ាង​ហ៊ឹកហ៊ាក់បំផុត។

បើយោងតាម​ប្រវត្តិដែលបាន​បញ្ជាក់លើវិបសាយ Miss Grand International Abena គឺជាអ្នក​ភ្លេង​ម្នាក់​ដែលធ្វើការ​ជាមួយ​នឹង​ក្មេងៗ ដែលជួប​បញ្ហា​លំបាក និងត្រូវ​ការ​ជំនួយខ្លាំង។ ការងារ​នេះ​ នាង​អាចបង្រៀនកុមារ​ទាំងនោះ​ឲ្យយល់ដឹងពីមេរៀនជីវិត។ បន្ថែម​ពីលើនេះ​ Abena ក៏ជា​នារីអាកាសចរណ៍ដែល​មាន​សមត្ថភាព​ជួយអ្នក​ដំណើរក្មេងៗ​ ឲ្យមានភាពក្លាហាន​ កុំឲ្យភ័យចំពោះ​ការ​ហោះហើរតាម​យន្តហោះ។

ការងារ​មិនចប់ត្រឹម​នេះ​ទេ ព្រោះ​ Abena ក៏ធ្វើការជាអ្នក​ចាត់ការទូទៅម្នាក់ដែរនៅភ្នាក់ងារសម្របសម្រួលមួយ​ក្នុងប្រទេសហ្គាណា ដែលជួយនារីក្មេងៗឲ្យចេះ​ចំណេះជំនាញ​មួយចំនួន​ក្នុង​វិស័យសិល្បៈ។ បវរកញ្ញារូបនេះ​ធ្លាប់​បាន​និយាយ​ដែរថា៖ «គោលដៅរបស់ខ្ញុំ​គឺ បង្កើតអង្គការមួយដែល​អាច​ជួយ​ដល់​បុគ្គលម្នាក់ៗឲ្យមាន​ភាពរឹងមាំជឿជាក់​លើ​ខ្លួន​ឯង​ ក្រោយ​រងនូវការ​មើល​ងាយធ្វើបាបនានា»

បើ​តាម​វិបសាយ​ Rappler ក៏បាន​បង្ហាញ​ដែរថា​ នាង​ក៏ជាជនរងគ្រោះ​ម្នាក់​ដែលធ្លាប់​ត្រូវ​បាន​គេ​មើលងាយធ្វើបាប (Bully) កាល​ពីនៅរៀនដែរ ហើយដោយសារតែបែប​នេះ​ហើយទើបនាង​ក្លាយជាមនុស្សរួញរាក្នុងការ​បញ្ចេញ​សមត្ថភាពពិត។ បន្ទាប់មក​ ពេល​នាង​កាន់តែរៀនសូត្រ និងយល់ដឹងពីជីវិតច្រើន ទើបនាង​ដឹង​ថា​អ្វីគ្រប់យ៉ាងអាច​ទៅរួច ដរាប​ណាយើងជឿជាក់លើខ្លួនឯង និងកំណត់គោលដៅច្បាស់លាស់ ហើយបើយើងតាំងចិត្តពិតប្រាកដ នោះគ្មាន​អ្នកណាអាច​បញ្ឈប់យើង​បានទេ។

Abena ថា៖ «អ្នកជាមនុស្សតែម្នាក់គត់ដែលអាច​កំណត់ជោគវាសនាខ្លួនឯងបាន។ ត្រូវ​ដឹង​ថា​ មេឃគឺជាដែនកំណត់របស់អ្នក ដែល​ជួយដាស់តឿនអ្នកកុំឲ្យចុះចាញ់ងាយៗ ពេលអ្នកបរាជ័យ… ងើបឡើង ហើយព្យាយាមម្ដងទៀត»

រម្លឹកពីប្រវត្តិប្រកួត​កន្លងមក​ នារីកូនកាត់ហ្គាណា-អាមេរិករូបនេះក៏មានបទពិសោធ​ច្រើនដែរលើ​ឆាក​អន្តរជាតិ។ នាង​បាន​ក្លាយជា​បវរកញ្ញាតំណាងឲ្យប្រទេសហ្គាណាប្រកួតក្នុង​កម្មវិធី «Miss Universe» កាលពីឆ្នាំ២០១៤ និងក៏ធ្លាប់​ជាប់ឈ្មោះ​​បាន​ប្រកួតក្នុង​កម្មវិធី «Top Model of the World» ផងដែរ។ បន្ទាប់មក​នៅ​ឆ្នាំ ២០១៦ Abena ក៏បាន​ឈ្នះ​ការ​ប្រកួតក្នុង​កម្មវិធី «Queen Beauty Universe» និងជាប់ជា «Miss Earth» តំណាងប្រទេសហ្គាណានៅឆ្នាំ ២០១៩ ហើយរហូតដល់ឆ្នាំ ២០២០ ស្រី​ស្អាត​រូបនេះ​ក៏បាន​ឈ្នះ​ការប្រកួតក្លាយជាបវរកញ្ញា Miss Grand USA​ ជាហេតុបណ្ដាលឲ្យមាន​ឱកាសឈានដល់វគ្គប្រកួតធំ​ ហើយបាន​ជោគជ័យលំដាប់ពិភពលោក​យ៉ាងពេញមុខពេញមាត់ ក្លាយជា «Miss Grand International 2020» ជាស្ថាពរដូចពេលនេះ៕

ប្រភព៖ rappler   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី