លេងមែនទែនហើយ! លៀក លីដា គ្រោង​សម្ពោធ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្នាត​ធំ​ចំនួន​៤​រឿង ក្នុងខែតែមួយ

  • 2021-04-01 03:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម អិល ឌី គ្រោង​សម្ពោធ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្នាត​ធំ​ចំនួន​៤ នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១។ ដំណឹង​នេះ​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​លោក លៀក លីដា ប្រកាស​តាម​បណ្ដាញ​សង្គម Facebook នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​មេសា នេះ។

លោក លៀក លីដា បាន​ប្រាប់Sabay បន្ថែម​ថា ក្នុង​ចំណោម​រឿង​ទាំង​៤ គឺ​អាច​បញ្ចេញ​ចំណង​ជើង​បាន​តែ​មួយ​រឿង​សិន​ប៉ុណ្ណោះ គឺ​រឿង"តណ្ហា"។ ចំពោះ​ទីតាំង និង​កាល​បរិច្ឆេទ​សម្ពោធ ហើយ​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត ឬ​តាមPageផ្លូវការ​របស់​ផលិត អិល ឌី ឬ​យ៉ាង​ណា​នោះ លោក​មិន​ទាន់​បញ្ជាក់​បាន​នៅ​ឡើយ។

លៀក លីដា៖"រឿង​ខ្នាត​ធំ​ទាំង​អស់ តែ​ឥឡូវ​សុំ​ទោស​អាច​ប្រើប្រាស់​បាន​មួយ​សិន​ទេ គឺ​រឿង"តណ្ហា"...ពួក​យើង​នឹង​ប្រាប់​ឆាប់ៗ ហើយ​ជួប​គ្នា​នៅ​ថ្ងៃ​សម្ពោធ"។

ទាក់ទងនឹងវិស័យភាពយន្ដនេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នរោងភាពយន្ដ រោងសំម្ដែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេសជាថ្មី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដោយសារបញ្ហាជំងឺកូវីដ-១៩ កំពុងឆ្លងរាតត្បាតជាសកល។

ប៉ុន្ដែលោក លៀក លីដា ដែលជាផលិតករក្នុងចំណោមផលិតករភាពយន្ដខ្មែរមួយចំនួនដែលមានរឿងនៅក្នុងដៃ បានព្យាយាមបញ្ចេញវាតាមគ្រប់រូបភាព ដោយអ្នកខ្លះចេញតាមផេកផ្លូវការរបស់ខ្លួន និងបណ្ដាញសង្គមដទៃទៀត។ ប៉ុន្ដែគេមិនទាន់ដឹងថានៅខែឧសភា ខាងមុខ លោក លៀក លីដា នឹងបញ្ចេញរឿងទាំងនេះតាមវិធីណានៅឡើយទេ។

ទោះជាយ៉ាងណាក្រោយ​ពីការ​ប្រកាស​របស់ផលិតកររូបនេះ មាន​ប្រិយមិត្ត​មិន​តិច​ឡើយ​បាន​ស្ងើចសរសើរ ហើយ​ចាត់​ទុក​ថាលោកក្លាហាន​ចេញ​រឿង​ខ្នាត​ធំ​ដល់​ទៅ​៤​ក្នុង​រយៈ​ពេល​តែ​មួយ​ខែ ខណៈ​ដែល​ស្ថានភាព​ឆ្លង​រាតត្បាត នៃ​ជំងឺ​កូវីដ-១៩ មិន​ទាន់​ធូរស្រាល​ផងនោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ