កាន់​តែច្បាស់​! លៀក លីដា ថា​​បណ្ដាញ​របស់​លោក​នៅភូមាប្រាប់​ថា Paing Takhon ត្រូវ​ចាប់​ខ្លួន​មែន

  • 2021-04-08 05:27:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាងហ្វាង​ផលិតកម្ម អិល ឌី លោក លៀក លីដា ហូប​បាយ​ព្រឹក​លេង​ចូល ក្រោយ​ពី​ទទួល​ដំណឹង​ថា តួឯក​ប្រុស​ក្នុង​រឿង"នាឡិកា​ដាស់​វិញ្ញាណ"​របស់​លោក គឺ​លោកPaing Takhon ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​របប​យោធា​ភូមា​នៅ​ព្រឹក​ថ្ងៃទី៨ ខែ​មេសា នេះ។

លោក លៀក លីដា ប្រាប់​Sabay នៅ​មុន​នេះ​បន្តិច​ថា វា​ជា​ការពិត​ដែល​តួឯក​ប្រុស​ក្នុង​រឿង​របស់​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន ព្រោះ​ក្រុម​ការងារ​របស់​លោក​ម្នាក់​ដែល​រស់នៅ​ប្រទេស​ភូមា ហើយ​ស្និទ្ធ​នឹងPaing Takhon បាន​បញ្ជាក់​ប្រាប់​លោក​នូវ​ដំណឹង​ដ៏​សោកសៅ​នេះ។

លៀក លីដា៖"ខ្ញុំ​មិន​អាច​ប្រាប់​ឈ្មោះ​អ្នក​ឆ្លើយឆ្លង​សារ​ជាមួយ​ខ្ញុំ​បាន​ទេ ព្រោះ​ទាក់ទង​នឹង​សុវត្ថិភាព តែ​ដំណឹង​នេះ​ពិត​ហើយ...ក្រុម​យោធា​ដាក់​កម្លាំង​ចាំ​ចាប់ Takhon នៅ​ផ្ទះ ពេល​គាត់​មិន​ស្រួល​ខ្លួន​ហើយ​ត្រឡប់​មក​សម្រាក​នៅ​ផ្ទះ"។

ចាងហ្វាង​ផលិតកម្ម និង​ជា​អ្នក​ដឹកនាំ​រឿង"នាឡិកា​ដាស់​វិញ្ញាណ" លោក លី ដា បាន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល និង​អាណិត​ជា​ពន់ពេក​ចំពោះ​តារា​សម្ដែង​ប្រុស​ជនជាតិ​ភូមា គឺ​លោក Paing Takhon ។ លោក​ក៏​អំពាវនាវ​សុំ​អន្ដរាគមន៍​លើ​ករណី​នេះ​ដែរ ដោយ​លោក​បាន​បង្ហោះ​សារ​នៅ​ព្រឹក​នេះ​ថា"ឯណា​ទៅ​កង​សន្តិសុខ នៃ​អង្គការ​សហប្រជាជាតិ? សូម​ជួយ​ប្រទេស​ភូមា​ផង"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម