ទី​បំផុត វណ្ណដា ចេញ​មុខ​បកស្រាយ​ពី​ឃ្លា​ "ពេល​នេះ​មាន វណ្ណដា" ដែល​មាន​ក្នុង​បទ "Time to Rise”

  • 2021-04-13 03:05:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​វីដេអូ​ខ្លី​មួយ​បង្ហោះ​នៅ​លើ​ប្រព័ន្ធ Tiktok គេ​ឃើញ​តារា​ចម្រៀង វណ្ណដា បាន​ចេញ​មុខ​បក​ស្រាយ​ពី​មួយ​ចំណុច​ក្នុង​បទ​ចម្រៀង "Time to Rise” ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ដើម​ខែ​មេសា​នេះ។

បទ​ខាង​លើ គឺ​ជា​បទ​ទី​១ ដែល​ប្រិយមិត្ត​បាន​ឃើញ​តារា​រ៉េប​ដ៏​ល្បី​របស់​កម្ពុជា មាន​ឱកាស​បាន​ច្រៀង​រួម​គ្នា​ជាមួយ​វិរៈសិល្បករ​ចម្រៀង​ចាប៉ី​ដង​វែង ព្រឹទ្ធាចារ្យ គង់ ណៃ និង​ជា​បទ​ដែល​ឆក់​យក​ការ​គាំទ្រ​យ៉ាង​គំហុក​បំផុត ដោយ​ត្រឹម​រយៈ​ពេល ២២​ម៉ោង​ប៉ុណ្ណោះ បទ​នេះ​ទាញ​អ្នក​ទស្សនា​បាន​ជាង​១លាន​ដង។ យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​មាន​ឃ្លា​មួយ​បង្កប់​នៅ​ក្នុង​នោះ ដែល​ត្រូវ​បាន​សាធារណៈ​មតិ​ខ្លះ យល់​ថា​ជា​ការ​លើក​តម្កើង​ វណ្ណដា ​ជ្រុល​ពេក។

ឃ្លា​នោះ តារា​ចម្រៀង​បាន​ច្រៀង​ពោល​ដូច្នេះ​ថា៖ “ខ្មែរ​យើង​ពី​មុន​អស្ចារ្យ យើង​ជា​គុជ​នៃ​អាស៊ី ហើយ​ឥឡូវ​មាន​វណ្ណដា!...ខ្មែរ​យើង​ពី​មុន​ថ្លៃ​ថ្លា មាន​បេះដូង​សិល្បៈ​ឆ្លាក់​លើ​ប្រាំង​សិលា ស៊ី ស៊ីសាមុត រស់ សេរីសុទ្ធា ប៉ែន រ៉ម មាស សាម៉ន ព្រលឹង​សិល្បៈ​នៃ​កម្ពុជា​ យក​ពួក​គាត់​ធ្វើ​គំរូ ធ្វើ​ជា​គ្រូ​ផ្ចាញ់​មា បង្កើត​ទំព័រ​ប្រវត្តិសាស្ត្រ​ដាស់​ពពួក​លីលា...”។

សាធារណៈ​មតិ សង្កត់​ន័យ​ត្រង់​ឃ្លា​នេះ គឺ "ខ្មែរ​យើង​ពី​មុន​អស្ចារ្យ យើង​ជា​គុជ​នៃ​អាស៊ី ហើយ​ឥឡូវ​មាន វណ្ណដា…"។ បញ្ហា​នេះ​បាន​នាំ​ឲ្យ​សាមី​ខ្លួន​តារា​ចម្រៀង​បាន​ចេញ​មុខ​មក​បក​ស្រាយ។ តាម​រយៈ​វីដេអូ​ខ្លី​លើ Tiktok វណ្ណដា បាន​ពន្យល់​ឲ្យ​ដឹង​ថា ន័យ​ពិត​ប្រាកដ​មិន​មែន​អីចឹង​ឡើយ។ លោក​ថា ពាក្យ​ថា "ខ្មែរ​យើង​ពី​មុន​ដូច​អ្វី​ដែល​ខ្ញុំ​បាន Mention នៅ​ក្នុង​ចម្រៀង​អីចឹង គឺ​ខ្មែរ​យើង​ពី​មុន​អស្ចា្យ ពិត​ជា​អស្ចារ្យ ខ្មែរ​យើង​ជា​គុជ​នៃ​អាស៊ី​ពិត​មែន ហើយ​ចំណុច​ឃ្លា​ដែល​ខ្ញុំ​និយាយ​ថា ឥឡូវ​មាន​វណ្ណដា មិន​មែន​មាន​ន័យ​ថា​ខ្ញុំ វណ្ណដា ជា​គុជ​នៃ​អាស៊ី​នោះ​ទេ...!”។

តារា​រ៉េប បន្ត​ថា លោក​គ្រាន់​ចង់​ប្រើ​ប្រាស់​នៃ​ធៀប​ប៉ុណ្ណោះ ថា​លោក​នឹង​មនុស្ស​ម្នាក់​ដែល​ជួយ​អភិរក្ស និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ដ៏​ប្រសើរ​ថ្លៃ​ថ្លា​របស់​ខ្មែរ​ឲ្យ​ពិភព​លោក​បាន​ស្គាល់​ប៉ុណ្ណោះ។ លោក​ថ្លែង​ថា "ឥឡូវ​នេះ​មាន វណ្ណដា ហើយ​វណ្ណដា នឹង​ជួយអភិរក្សវប្បធម៌​មួយ​នេះ វណ្ណដា នឹងជួយ​លើក​តម្កើង​សិល្បៈ​មួយ​នេះ វណ្ណដា នឹង​ជួយ​ឲ្យ​អស់​ពី​សមត្ថភាព!”។

តប​នឹង​ការ​ចេញ​មក​បក​ស្រាយ​របស់​តារា​ចម្រៀង​វ័យ​ក្មេង​មក​ពី​ខេត្ត​ព្រះសីហនុ ប្រិយមិត្ត​ជា​ច្រើន​បាន​ទទួល​យក ​និង​យល់​ស្រប​ថា តាម​រយៈ​បទ "Time to Rise” គឺ​ពិត​ជា​ជួយ​ឲ្យ​បរទេស ក៏​ដូច​ជា​ពិភព​លោក​បាន​ស្គាល់​ពី​មរតកវប្បធម៌​របស់​ខ្មែរ​យើង​បាន​ច្រើន​ពិត​មែន។ ដូច្នេះ​ដែរ ពួក​គេ​លើក​ទឹក​ចិត្ត​ឲ្យ​តារា​ចម្រៀង​បន្ត​ការងារ​ដ៏​ល្អ​នេះ បន្ត​ទៀត ក្នុង​ន័យ​ពិភព​លោក​ស្គាល់​ពី​កេរ្តិ៍​មរតក​សិល្បៈ​វប្បធម៌​ខ្មែរ​កាន់​តែ​ច្បាស់​ថែម​ទៀត៕

អត្ថបទ៖ ទារិកា