ជីវប្រវត្តិសង្ខេបឯកឧត្តម ម៉ៅ អាយុទ្ធ បុគ្គលឆ្នើមគ្រប់សម័យកាល!
- 2021-04-16 05:03:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវប្រវត្តិសង្ខេបឯកឧត្តម ម៉ៅ អាយុទ្ធ បុគ្គលឆ្នើមគ្រប់សម័យកាល!
ចន្លោះមិនឃើញ
មានដំណឹងដ៏គួរឲ្យតក់ស្លុតកាលពីយប់មិញ ដោយឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាផលិតករ អ្នកនិពន្ធ ព្រមជាអ្នកដឹកនាំរឿងដ៏មានស្នាដៃ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិតទៅហើយ ដោយសារកូវីដ ១៩។ កាលនៅរស់ ឯកឧត្តម ត្រូវបានទទួលការគោរពជាទូទៅនៅក្នុងសង្គមសិល្បៈរបស់ខ្មែរពីបណ្ដាសិល្បករខ្មែរគ្រប់ជំនាន់ និងជាធនធានដ៏ល្អ និងកម្រក្នុងសង្គមសិល្បៈរបស់ជាតិ ដោយឯកឧត្តម គឺជាអ្នកនិពន្ធ អ្នកដឹកនាំ ផលិតករភាពយន្ត និងផលិតករកម្មវិធីទូរទស្សន៍ឆ្នើមមួយរូបដែលស្នាដៃរបស់លោកត្រូវបានទទួលស្គាល់គ្រប់សម័យកាល។
ក្រៅពីសមត្ថភាព និងទេពកោសល្យកម្ររកបាន ឯកឧត្តម ម៉ៅ អាយុទ្ធ គឺមានចំណុចលេចធ្លោមួយទៀត គឺការប្រាស្រ័យទាក់ទងល្អជាមួយអ្នកផងទាំងឡាយ និងមានចរិតចែករំលែកចំណេះដឹងមិនចេះរីងស្ងួតពាក់ព័ន្ធភាពយន្ត។ សកម្មភាពទាំងនេះ ឯកឧត្តមបានទទួលការគោរពស្រឡាញ់ពីសិល្បករស្ទើរគ្រប់ជំនាន់។ យ៉ាងណាបុរសចំណាស់ ដ៏មានព្រហ្មវិហារធម៌រូបនេះ បានចាកចេញទៅហើយ។ ដើម្បីទុកជាការចងចង និងជាអនុស្សាវរីយ Sabay សូមជូននូវជីវប្រវត្តិសង្ខេបរបស់ឯកឧត្តមខាងក្រោម៖
ឯកឧត្តម ម៉ៅ អាយុទ្ធ កើតនៅថ្ងៃទី ០៨ កក្កដា ១៩៤៤ នៅភូមិអូរឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឯកឧត្តម គឺជាកូនទោលនៅក្នុងគ្រួសារ។លោកឪពុកមានឈ្មោះ "ម៉ែន ធឿង" គេហៅថា "មេស្រុកម៉ែន" នៅកោះអណ្ដែត មុខរបរជាមន្ត្រីឃុំ។ ម្ដាយឈ្មោះ "តៃ ស៊ីង" មុខរបរជាអ្នកលក់ដូរ។ អ្នកមានគុណឯកឧត្តម បានអនិច្ចកម្មហើយ(មិនមានកាលបរិច្ឆេទ)។
ការផ្លាស់ប្ដូរជីវិត និងការសិក្សារ
វិវត្តវ័យមកដល់ខ្ទង់ ១០-១១ឆ្នាំ កុមារ ម៉ៅ អាយុទ្ធ ត្រូវបានបងប្អូនជីដូនមួយ និងឪពុកមា លោក ពៅ ស៊ីផូ ដែលគេស្គាល់ថាជាតន្ត្រីករ និងជាអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីមួយរូប នាំយកមករស់នៅ និងបន្តការសិក្សានៅភ្នំពេញ។ នៅមុនឈានមកកាន់ស្លាបប៉ាកាធ្វើជាអ្នកនិពន្ធ ម៉ៅ អាយុទ្ធ តាមរយៈ ពៅ ស៊ីផូ ជាឪពុកមា ធ្លាប់ធ្វើជាអ្នកដងទឹកឲ្យអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត សម្រាប់ត្រាំខ្លួន ដើម្បីបានសំឡេងណែនល្អក្រអួនក្រអៅផង។
ពេលមករស់នៅជាមួយឪពុកមា ពៅ ស៊ីផូ កុមារ ម៉ៅ អាយុទ្ធ បានចូលរៀនថ្នាក់មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈសម្បទានៅក្រសួងឃោសនាការជាតិ ដែលជាហេតុបណ្ដាលចិត្តចាប់ផ្ដើមស្រឡាញ់ការងារសិល្បៈជាអ្នកនិពន្ធកើតឡើង។ ដូច្នេះហើយ លោកក៏បានក្លាយជាអ្នកចម្លងអត្ថបទ និងអក្សរឲ្យឪពុកមា ហើយនោះជាបុព្វហេតុនាំឲ្យលោក ម៉ៅ អាយុទ្ធ បានដើរលើគន្លងសិល្បៈរហូតមកដល់បច្ចុប្បន្ន។
លោក ម៉ៅ អាយុទ្ធ បានទទួលការបណ្ដុះបណ្ដាលរយៈពេល៣ឆ្នាំនៅមជ្ឈមណ្ឌលអប់រំវិជ្ជាជីរៈសម្បទា លើមុខវិជ្ជាជា Scenarist ដែលនាំឲ្យលោកក្រេបជញ្ជក់បាននូវចំណេះដឹងទាក់ទងទៅនឹងការនិពន្ធ ដឹកនាំរៀបចំឆាក និងកាន់កម្មវិធីសិល្បៈផ្សាយលើកញ្ចក់ទូរទស្សន៍ ផលិតករភាពយន្ត និងនិពន្ធបទចម្រៀង។ ក្រោយមក លោកបាននិពន្ធបទចម្រៀងឲ្យអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ហួយ មាស និងតារាចម្រៀងមួយចំនួនទៀតចន្លោះឆ្នាំ ១៩៦០-១៩៧០។
ឆ្នាំ ១៩៦៣-៦៥ បានទទួលការបណ្ដុះបណ្ដាលបន្ថែមលើវិជ្ជាជីវៈតែងនិពន្ធអត្ថបទភាពយន្តនៅមណ្ឌលបណ្ដុះបណ្ដាលជំនាញឯកទេស ក្រោមការឧបត្ថម្ភរបស់ក្រសួងព័ត៌មាន និងឃោសនាការ។
ជីវិតការងារ
លោកបានចាប់ផ្ដើមចូលបម្រើការងារជាប្រធានអ្នកដឹកនាំឆាកនៅទូរទស្សន៍ជាតិ ហើយនៅឆ្នាំ ១៩៧០ បានក្លាយជានាយកកម្មវិធីទូរទស្សន៍ជាតិ។ ស្របពេលជាមួយគ្នានេះ លោកត្រូវបានព្រះករុណព្រះបទសម្ដេចព្រះនរោត្តម សីហនុ បំពាក់ជូនមេដាយមុនីសាភណ្ឌ ដែលជារង្វាន់ការងារដ៏សកម្មក្នុងភារកិច្ចបម្រើប្រទេសជាតិ។ លោកបានបន្តភារិកិច្ចនេះរហូតដល់សម័យសាធារណរដ្ឋខ្មែរ។
ឆ្នាំ ១៩៧២ លោកត្រូវបានរដ្ឋាភិបាលសេនាប្រមុខ លន់ នល់ ចាត់បញ្ចូនឲ្យទៅធ្វើកម្មវិធីសិក្សានៅប្រទេសបារាំងរយៈពេល ៩ខែ លើមុខជំនាញទូរទស្សន៍។ ពេលត្រឡប់មកវិញ លោកត្រូវបានឡើងតំណែងជានាយកខាងកម្មវិធីផ្សាយរបស់ទូរទស្សន៍សាធារណរដ្ឋខ្មែរ(T.V.R.E.K)។
នៅក្នុងសម័យសាធារណរដ្ឋនោះដែរ លោក ម៉ៅ អាយុទ្ធ បានផលិតខ្សែភាពយន្តពណ៌ធម្មជាតិទំហំ ១៦មីលីម៉ែត្រជាលើកដំបូងក្នុងឆាកជីវិតរបស់លោក ហើយលោកក៏បានចូលរួមសម្ដែងជាតួបន្ទាប់ពីតួអង្គ គង់ សំអឿនផង។
មកដល់ឆ្នាំ ១៩៧៩ លោកបានក្លាយជាអនុប្រធាននាយកដ្ឋានភាពយន្ត នៅក្រសួងវប្បធម៌ និងព័ត៌មាន។ លោកកាន់តំណែងនេះអស់រយៈពេលជាច្រើនឆ្នាំ។
ក្រោយឆ្នាំ ១៩៧៩ លោកត្រូវបានរដ្ឋាភិបាលផ្ដល់តំណែងជាអគ្គនាយករងវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជានៅឆ្នាំ ១៩៩២ ហើយ១ឆ្នាំក្រោយមកបានឡើងតំណែងជាអគ្គនាយកថែមទៀត។បន្តពីនោះរហូតមកដល់បច្ចុប្បន្នលោកមានឋានៈជារដ្ឋលេខធិការក្រសួងព័ត៌មាន ជាសមាជិកគណៈកម្មការកណ្ដាល-អចិន្ត្រៃយ៍នៃសមាគមអតីតយុទ្ធជនកម្ពុជា និងជាគណៈកម្មាធិការណសិរ្សផង។
អំពីស្នាដៃ និងសមិទ្ធផល៖
ឯកឧត្តម ម៉ៅ អាយុទ្ធ ត្រូវបានគេស្គាល់ថាជាផលិតករភាពយន្ត និងជាអ្នកនិពន្ធដ៏ឆ្នើមតាំងពីទសវត្សរ៍ទី ៦០ ជាហេតុធ្វើឲ្យឯកឧត្តម សម្រេចបាននូវសមិទ្ធផល ក៏ដូចជាស្នាដៃសិល្បៈជាច្រើនទាំងភាពយន្ត និងល្ខោននិយាយ។ ស្នាដៃខ្លះៗរបស់ឯកឧត្តមានមានដូចជា៖
១.ល្ខោននិយាយ និងភាពយន្ត៖
ល្ខោននិយាយរឿង "ស្រមោលអពមង្គល" និពន្ធឆ្នាំ ១៩៧១-៧២។
-រឿង "បិទភ្នែកហែកទ្រូង" ឆ្នាំ ១៩៧៣(សម័យសាធារណរដ្ឋខ្មែរ) ក្នុងផលិតកម្មបូព៌ា
-រឿង "ចិត្តចងចាំ" ថតនៅអំឡុងឆ្នាំ ១៩៨៨-៨៩របស់នាយកដ្ឋានភាពយន្ត
-រឿង "ចុងស្រល់" ឆ្នាំ ១៩៩០
-រឿង "ឆ្អឹងអណ្ដែត" ថតនៅអំឡុងឆ្នាំ ១៩៩០-៩១ របស់នាយកដ្ឋានភាពយន្ត
-រឿង "ក្លិនដែលរសាយ" ឆ្នាំ ១៩៩១
-រឿង "អណ្ដាតដុះឆ្អឹង" ជាអ្នកដឹកនាំ និងកែសម្រួលក្នុងផលិតកម្មបន្ទាយភាពយន្តឆ្នាំ ១៩៩២
-រឿង "សំឡេងជួង" មិនដឹងកាលបរិច្ឆេទ
-រឿង "ជើងមេឃដាច់ស្រយាល" ឆ្នាំ ១៩៩២
-រឿង "សំដីចុងក្រោយ" ឆ្នាំ ១៩៩២
-រឿង "នេសាទក្រពើ" ទទួលបានពានមាសចំណាត់ថ្នាក់លេខ១ ក្នុងមហោស្រពភាពយន្តវីដេអូជាតិទី២ ឆ្នាំ ២០០៥(ឯកសារខ្លះថា ២០០៦)
-រឿង "កិលេស" ឆ្នាំ ២០១០
-រឿង "ហ្លួងព្រះស្ដេចកន" ដែលចំណាយពេលថត២ឆ្នាំ(២០១៥-១៧)
នៅមានខ្សែភាពយន្តភាគមួយទៀត ដែលឯកឧត្តមទទួលបានការចាត់តាំងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឲ្យដឹកនាំផលិតដែរ គឺរឿង "កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី"។ ប៉ុន្តែមិនទាន់បានចេញថតផង លោកក៏បានចែកឋានទៅ ដោយសារមេរោគកំណាច កូវីដ-១៩ កាលពីល្ងាចថ្ងៃទី ១៥ មេសា ២០២១ ត្រូវជាថ្ងៃចូលឆ្នាំថ្ងៃទី២។
២.ស្នាដៃចម្រៀង និងកំណាព្យ
-សំឡេងសាដៀវ ទទួលបានជយលាភីតែងនិពន្ធក្របខណ្ឌអាស៊ាន ២០០៦
-បទ "វាលស្រែវាលស្រូវ" "ស្ទឹងគគីរ ឬស្ទឹងសម្ងាត់" របស់ផលិតកម្មអង្គរវត្ត
-បទ "កំណែនស្នេហ៍" ក្នុងរឿង "ភ្នំភ្លើងស្នេហា" ច្រៀងដោយអ្នកស្រី ហួយ មាស
-កំណាព្យនិយាយពី "លុយ" ដកស្រង់ពីរឿង "ស្រមោលអពមង្គល"
-និពន្ធទំនុកច្រៀង "លាហើយស្នេហា" ច្រៀងដោយអ្នកស្រី ហួយ មាស
-និពន្ធទំនុកច្រៀងបទ "វិប្បដិសារីសម្ផស្សភួង" ច្រៀងដោយអ្នកស្រី ហួស មាស និងបទចម្រៀងជាច្រើនទៀត។
អត្ថបទនេះ ដកស្រង់ពីការរៀបរៀងរបស់លោក វេង សុភ័ក្ត្រ ដែលលោកបានលើកឡើងថា ឯកឧត្តម ម៉ៅ អាយុទ្ធ គឺជាបុគ្គលឆ្នើម ជាធនធានដ៏ល្អកម្ររកបាន ប៉ុន្តែកន្លងមកមិនមានការចងក្រងទុកជាឯកសារនូវប្រវត្តិរូបសង្ខេបរបស់ឯកឧត្តមសោះ។ ដូច្នេះហើយ លោកបានចំណាយពេលវេលា ប្រមែប្រមូលចងក្រងឡើងយ៉ាងលំបាក ពីការបកប្រែ និងស្រាវជ្រាវសៀវភៅតាមបណ្ណាគារផង និងយកពីគេហទំព័រ ព្រមទាំងប្រព័ន្ធ Youtube ផង។ ដូច្នេះហើយ អ្នករៀបរៀងស្នើសុំការអធ្យាស្រ័យទុកជាមុន ប្រសិនបើការចងក្រងនេះ មានចន្លោះប្រហោង ឬលើសលោះនូវចំណុចណាមួយ៕