សាយ ក្លាយ​ជា​បុគ្គល​ដំបូងគេបំផុត ដែលឈ្នះពាន​រង្វាន់​សន្តិភាព YSP

  • 2021-04-16 06:42:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួរជាទីមោទនក្រៃលែង សម្រាប់​កម្ពុជា! យុវជន អ៊ួន បឋម ហៅ សាយ បានក្លាយជា​ម្ចាស់​ពាន​រង្វាន់​សន្តិភាព វ៉ាយអេសភី ឆ្នាំ២០២១ (YSP Peace Prize 2021) ហើយ។ អ្នកដែលមានឈ្មោះប្រជែង​យក​ពាន​រង្វាន់​នេះ សុទ្ធតែជាយុវជនឆ្នើម ម្ចាស់​ពាន​រង្វាន់​វីរយុវជន មកពី ៥ទ្វីប​ផ្សេងៗគ្នា ប៉ុន្តែនៅទីបំផុត​គណៈ​កម្មការ​វាយ​តម្លៃ​របស់​ IAYSP INTERNATIONAL បាន​សម្រេចជ្រើសរើសជាឯកច្ឆន្ទ ជ្រើសរើស​​​ សាយ ឲ្យក្លាយជា​ម្ចាស់​ពាន​រង្វាន់​។

ពានរង្វាន់ YSP Peace Prize គឺជាពានរង្វាន់​ដែលផ្ដល់​ជូន​ដល់យុវជន​ និងថ្នាក់ដឹកនាំ​វ័យក្មេង ដែលបាន​ធ្វើការ​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​សង្គម និងធ្វើការ​ផ្សព្វផ្សាយ​នូវ​សកម្មភាព​ដែលគាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព ដែលទទួលបានលទ្ធផល​ជាផ្លែផ្កា​ និង​មានការ​ទទួលស្គាល់ពីមនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស ក្នុង​តំបន់ និងសាកលលោក។

ពិធី​ប្រគល់​ពាន​រង្វាន់​សន្តិភាព វ៉ាយអេសភី ឆ្នាំ២០២១ នេះ នឹងធ្វើឡើង​តាមរយៈអនឡាញ នាថ្ងៃទី១៧ ខែមេសា​ខាងមុខនេះ ចាប់ពីម៉ោង ២រសៀលតទៅ (ម៉ោង​នៅ​កម្ពុជា)។ ក្រៅពី​ធ្វើពិធី​ប្រគល់​ពាន​រង្វាន់ YSP Peace Prize ដល់សាយ, សមាគម​អន្តរជាតិ​យុវជន​ និងសិស្សនិស្សិតដើម្បីសន្តិភាព (IAYSP) ក៏នឹង​រៀបចំ​កម្មវិធី ២ទៀតផងដែរ ក្នុងថ្ងៃដដែលនេះ គឺទី១ មហាសន្និបាត​នៃក្ដីសង្ឃឹម យុវជន និងនិស្សិតពិភពលោក និងទី២ គឺកម្មវិធីប្រកួត​ប្រជែង​ស៊ីនើជី អន្តរជាតិ ឆ្នាំ២០២១ (S!NERGY INTERNATIONAL 2021)។

មហាសន្និបាតនៃក្ដីសង្ឃឹម យុវជន និងនិស្សិតពិភពលោក ធ្វើឡើងដើម្បីជម្រុញ​លើកទឹកចិត្ត​យុវជន​គ្រប់រូបឲ្យយល់ដឹងពីតម្លៃ​នៃការរស់នៅ​ជា​ប្រយោជន៍​សម្រាប់​អ្នកដទៃ ដែលជាគោលដៅសំខាន់របស់​ស្ថាបនិកក្នុងការពង្រីក​នូវសន្តិភាព។ លើស​ពីនេះទៀត កម្មវិធី​នេះ គឺជាវេទិកា​មួយដែលយុវជន​អាចពង្រីក​នូវ​ទំនាក់ទំនងជាមួយគ្នា និងរៀន​អំពីវប្បធម៌ផ្សេងៗទូទាំងពិភពលោក។ កាន់តែពិសេសជាងនេះទៀត កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីតារា​ចំរៀងល្បីរបស់កូរ៉េ និងសិល្បករជាច្រើនរូបទៀត បទសម្ភាសន៍ដោយក្រុមយុវជន និងការប្រគំតន្រ្ដីយុវជននៃក្ដីសង្ឃឹម។

ចំណែកកម្មវិធី ស៊ីនើជី អន្តរជាតិ ឆ្នាំ២០២១ វិញ គឺជាការប្រកួត​ប្រជែង​និយាយជាសាធារណៈ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត សម្រាប់សិស្សនិស្សិត​ និងយុវជនវ័យក្មេង ដើម្បីចែករំលែក​គម្រោង និងគំនិតច្នៃប្រឌិត​របស់​ពួកគេ។ ការ​ធ្វើបទបង្ហាញ​របស់​បេក្ខជន​គឺជា​ការ​ស្នើឡើង​នូវ​ដំណោះស្រាយ​ចំពោះ​បញ្ហា​សង្គម​នាពេល​បច្ចុប្បន្ន ដើម្បីគាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​របស់​អង្គការ​សហប្រជាជាតិ ក្រោ​ម​ប្រធានបទ៖ "តួនាទី​របស់​យុវជន​ក្នុង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ និងគាំទ្រ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព ឆ្ពោះ​ទៅរកពិភពលោ​ក​ប្រកប​ដោយសន្តិភាព និងឯករាជ្យ វិបុលភាពរួម និងគុណតម្លៃ​ជា​សាកល"។ ក្នុងចំណោម​គណៈ​កម្មការ​ទាំង ៥ មកពីជុំវិញពិភពលោក សាយ ក៏ជា​គណៈ​កម្មការ​មួយរូប​មកពីទ្វីបអាស៊ី ដែល​នឹង​ចូលរួម​វាយតម្លៃ​បេក្ខជន​ចូលរួមប្រកួត​ផងដែរ។

សូមបញ្ជាក់ផងដែរថា សមាគម​អន្តរជាតិ និងសិស្សនិស្សិត​ដើម្បី​សន្តិភាព​ (IAYSP) គឺជា​សមាគម​អន្តរជាតិ​ដែលមាន​សមាជិក​ជាង ៥០ប្រទេស នៅទូទាំងសាកលលោក ដែលត្រូវបានបង្កើតឡើង​ដោយ​លោកស្រី​បណ្ឌិត ហាក់ ចា ហាន់ មូន (អ្នកម្ដាយសន្ដិភាព) នាឆ្នាំ​២០១៧ នៅ​កូរ៉េខាងត្បូង។ សមាគម​នេះ​ មានបេសកកម្ម​បង្កើត​នូវ​សន្តិភាព​ពិភពលោក តាមរយៈ​ការ​លើក​កម្ពស់​របស់​យុវជន​ និងសិស្សនិស្សិត​ ឲ្យក្លាយជា​ពលរដ្ឋ​សកល តាមរយៈ​ការ​អប់រំ​ចរិតលក្ខណៈ និងការ​បង្កើត​គម្រោង​សន្តិភាព​ដែលគាំទ្រ​ដល់​គោលដៅអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជន

សម្រាប់​បងប្អូនខ្មែរយើង​ ដែលចង់ចូលរួមទស្សនាពិធីប្រគល់ពានរង្វាន់ YSP Peace Prize ដល់សាយ ក៏ដូចជាកម្មវិធីទាំង២ ខាងលើ សូមចុះឈ្មោះ​ចូលរួម​តាមរយៈ​ Link នេះ៖ iayspasia.org/register-ysrh/ ។ ការចូលរួម​ក្នុង​កម្មវិធីនេះ នឹង​ធ្វើឲ្យ​ប្រិយមិត្ត ជាពិសេស​យុវជន​កម្ពុជា ទទួលបាន​ចំណេះដឹងថ្មី ទទួលបានការជំរុញលើកទឹកចិត្ត ការ​ស្វែងយល់​ពីវវប្បធម៌ផ្សេងៗនៅជុំវិញពិភពលោក ក៏ដូចជា​បាន​ចូលរួមអបអរសាទរ​ដល់វីរយុវជន​កម្ពុជា​ដំបូងគេ​ដែលទទួលបាន​ពាន​រង្វាន់ YSP Peace Prize នេះ។

សាយ ទទួលពាន Youth Heroes's Award 2020 កាលពីខែមករាកន្លងទៅ

គួររំលឹកងផងដែរថា កាលពីខែមករា​កន្លងទៅ សាយក៏បានឈ្នះពានរង្វាន់អន្តរជាតិ​ផងដែរ គឺពាន​ Youth Heroes's Award 2020​ ដែលផ្ដល់ដោយ IAYSP។ ការឈ្នះពានរង្វាន់យុរជនឆ្នើមអន្តរជាតិជា​បន្តបន្ទាប់នេះ គឺក្រោយពីសាយ បាន​បង្កើត​កម្មវិធី​ "រត់ដើម្បីសប្បុរសធម៌ជាមួយ​សាយ" ដែល​បានរៃអង្គាស​ថវិកា​ បាន​ជាងកន្លះលានដុល្លារ ជូន​​មន្ទីរពេទ្យ​កុមារ​អង្គរ។ ការរ​ត់ ៩៩ថ្ងៃ លើចម្ងាយផ្លូវ​ ២៤០៨គីឡូម៉ែត្រ កាត់ ២១ ខេត្ត-រាជធានី នេះ មិនត្រឹមតែអាចរៃអង្គាស​ថវិកា​ជួយ​សង្រ្គោះជីវិត​កុមារ​បានជាច្រើន​នាក់​ប៉ុណ្ណោះទេ ប៉ុន្តែក៏​ជា​ការ​បណ្ដុះ​គំនិត ជាការ Inspire ឲ្យ​យុវជន​ខ្មែរ​ដទៃទៀត ងាកមក​ជួយ​សង្គម ទោះ​តិច ឬច្រើន​ក្ដី៕

សាយ ពេលរត់មកដល់រាជធានីភ្នំពេញវិញ