មហា​អំណាច​អវកាស​ ​​ប្រាប់​ដំណឹង​ត្រឡប់​ទៅ​ស្រាវជ្រាវ​បន្ត​នៅ​ឋាន​ព្រះ​ចន្ទ​

  • 2021-04-18 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​ ​រុស្ស៊ី​ ដែល​បាន​បង្ហើប​ដំណឹង​និង​គម្រោង​ទៅ​ស្រាវជ្រាវ​បន្ត​នៅ​ភព​ព្រះ​ចន្ទ ​តាំង​ពី​ឆ្នាំ​ ​២០១៥ ​រហូត​មក​ដល់​ពេល​នេះ​ បាន​ក្លាយ​ជា​ការពិត​ហើយ​​បន្ទាប់​​ពី​​ការ​​ចុះ​ផ្សាយ​​ដោយ​ Space.com ​កាល​ពី​ ៣​ ថ្ងៃ​មុន។​

​បេសកម្ម​នេះ​នឹង​ប្រើប្រាស់​យាន​មួយ​ឈ្មោះ​ថា​ ​Luna 25 ​ដែល​បាន​ធ្វើ​តេស្ត​សាកល្បង​ជា​ច្រើន​ដង​មក​ហើយ។ ​យាន​នេះ​នឹង​ត្រូវ​បាញ់​បង្ហោះ​អំឡុង​ខែ​ ​តុលា ​ឆ្នាំ ២០២១ ​ខាង​មុខ​នេះ។

​បេសកម្ម​ដដែល​នេះ​គឺ​ជា​កំណត់ត្រា​ថ្មី​របស់ រុស្ស៊ី ​បញ្ចប់រយៈពេលរង់​ចាំ​អស់​ ៤៥ ឆ្នាំ​នៃ​ការ​បង្កក​កម្មវិធី​ស្រាវជ្រាវ​ព្រះ​ចន្ទ ​ដែល​ធ្លាប់​បាន​ទៅ​សិក្សា​នៅ​ទី​នោះ​​មុន​គេដោយ​អតីត​សហភាពសូវៀត​។ ​រុស្ស៊ី នឹងធ្វើការសិក្សាអំពី ទឹក ដែលកំពុងកកនៅក្នុងសំបកព្រះចន្ទនៅរណ្តៅនៅ​ប៉ូលខាងត្បូងព្រះចន្ទ។ ​

យានរុស្ស៊ី Luna 25 spacecraft កំពុងដាក់បង្ហាញក្រោយពេលតេស្ត

​ថ្លែង​ប្រាប់​គេហទំព័រ​ Space ​តាម​រយៈ​វីដេអូ​សម្ភាសន៍​អនឡាញ​កាលពីចុងខែមីនា​ លោក Lev Zelenyi ជា​​ទីប្រឹក្សា​ផ្នែកវិទ្យាសាស្ត្រ​នៃវិទ្យាស្ថានស្រាវជ្រាវអវកាស​រុស្ស៊ី​ បាន​ឲ្យ​ដឹង​ថា៖ **«ព្រះចន្ទ ​ជា​ចំណុច​ស្នូល​នៃ​កម្មវិធី​ស្រាវជ្រាវ​របស់​យើង​នៅ​ទសវត្ស​បន្ទាប់​ទៀត​។​ នេះ​គ្រាន់តែជាជំហានដំបូងនៃការចាប់ផ្តើមឡើងវិញប៉ុណ្ណោះ។ យើង​មាន​ផែនការ​ស្រាវជ្រាវ​ជា​ច្រើន​ទៅ​​ថ្ងៃ​អនាគត​ ក្នុងនោះក៏មានគំរោងកសាង​អគារស្នាក់លើព្រះចន្ទ នៅទសវត្សរ៍ ២០៤០។»**

យាន​ដ៏​ថ្មី​សន្លាង​នោះ​មាន​បំពាក់​ដោយ​​ឡេន​កាមេរ៉ា​ផលិត​ដោយ​អង្គភាព​អវកាសអឺរ៉ុប​ ​វា​អាច​ជួយ​ឲ្យ​ការ​សិក្សា​អំពី​សណ្ឋាន​លើ​ព្រះចន្ទ​កាន់​តែស៊ីជម្រៅ​ជាង​មុន ​និង​ជា​កិច្ច​សហការ​បើក​ផ្លូវ​ដ៏​រលូន​មួយ​រវាង​ ​អឺរ៉ុប-រុស្ស៊ី ​ក្នុង​ការ​ស្រាវជ្រាវ​លើ​ព្រះចន្ទ​នៅ​ថ្ងៃអនាគត​ថែម​ទៀត។

​ក្រៅ​ពី​យាន Luna 25 ​ខាង​លើ រុស្ស៊ី ​បាន​រៀប​ចំ​ទុក​ជាស្រេច​​យាន Luna ទី 26 27, 28 ដល់ 29 ​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត​ដើម្បី​ស្រាវជ្រាវ​នៅត្រង់តំបន់មួយនៃព្រះចន្ទ ​ស្ថិត​នៅ​ជិត​ប៉ូល​ខាង​ជើង​ព្រះ​ចន្ទ​។

​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ រុស្ស៊ី ​ក៏​មាន​គម្រោង​បញ្ជូនយាន Luna 26 ទៅសិក្សាអំពីភាពមិនប្រក្រតីនៃដែនម៉ាញេទិច និងកម្លាំងទំនាញផ្ទៃនៅក្នុងព្រះចន្ទ រួមទាំងផ្តិតយករូបភាពអំពីទីតាំងនានា។

អវកាសយានិកជនជាតិរុស្ស៊ី និងអាមេរិក /រូបតំណាង

​គ្រប់​គ្នា​ដឹង​ថា រុស្ស៊ី​ ​​ជា​មហាអំណាច​ផ្នែក​​អវកាស​ ​ឬ​ស្តេច​អវកាស​ ​មាន​ធនធាន​មនុស្ស​និង​ផលិត​បាន​គ្រាប់​រុក្កែត​មុន​គេ​តាំង​ពី​ពិភពលោក​មិន​ទាន់​ជឿនលឿន​​សូម្បី​តែ​អាមេរិច​ក៏​ធ្លាប់​ជួល​កន្លែង​ធ្វើ​បេសកម្ម​ដែរ​។ ​ដូច្នេះ​ ​ការ​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ពិភព​អវកាស​ជា​ថ្មី ​ហាក់​ដូច​ជា​មិន​ពិបាក​ទេ ​តែ​ក៏​មិន​ប្រាកដ​ជាក់ច្បាស់​ថា​ជោគជ័យ ១០០% ដែរ។

​បេសកម្ម​ស្រដៀង​គ្នា​នេះ​ធ្លាប់​មាន​​ប្រទេស​ថ្មី​ថ្មោង​ផ្សេងៗ​ទើប​នឹង​បរាជ័យ​ដូចជា​៖​ ​ឥណ្ឌា និង​អ៊ីស្រាអែល​ ​ចំណែក​ឯ ចិន ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចូន​យាន​ទៅ​ចុះ​ចត​នៅ​ទី​ងងឹតបំផុត​​នៃ​ផ្ទៃ​ម្ខាង​របស់​ព្រះ​ចន្ទ ព្រម​ទាំង​កំពុង​ស្រាវជ្រាវ​នៅ​ទីនោះ​មក​ទល់​បច្ចុប្បន្ន៕

ប្រភព៖ Space   ប្រែ​សម្រួល៖ រក្សា