ទើប​ធ្លាយ​រឿង​តារា​សម្ដែង​ភាពយន្ត​ដ៏​ល្បី ទិត្យ វិជ្ជរ៉ាដានី ទទួល​ទារុណ​កម្ម​សែន​វេទនា​ណាស់ មុន​ស្លាប់!

  • 2021-04-21 05:12:00
  • ចំនួនមតិ 256 | ចំនួនចែករំលែក 2247

ចន្លោះមិនឃើញ

ដូច​នឹង​សិល្បករ​មួយ​ចំនួន រួម​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ផ្សេង​ទៀត តារា​សម្ដែង​ដ៏​ល្បី ទិត្យ វិជ្ជរ៉ាដានី បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​របប​អាវ​ខ្មៅ​ដ៏​ព្រៃ​ផ្សៃ។ យ៉ាង​ណា​នៅ​ពេល​នោះ មុន​ស្លាប់ តារា​សម្ដែង​របស់​យើង​ជួប​ហេតុការណ៍​អាក្រក់​បែប​ណា វេទនា​ប៉ុណ្ណា គ្មាន​នរណា​ដឹង​ទេ ដោយ​ទើប​តែ​បាន​គាស់​កកាយ​ឡើង​វិញ ដោយ​ក្រុម​ព្រះសុរិយានា​ពេល​នេះ​ប៉ុណ្ណោះ។

ក្រុម​ព្រះសុរិយា ដែល​មាន​បេសកកម្ម​គាស់​កាយ​អនុស្សាវរីយ​របស់​សិល្បករ​ចាស់​ៗ​នា​ទសវត្សរ៍​ទី ៦០​មក​នោះ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ទិត្យ វិជ្ជរ៉ាដានី ទទួល​រង​ទារុណ​កម្មវេទនា​ណាស់​មុន​ត្រូវ​គេ​សម្លាប់។ ព័ត៌មាន​នេះ ក្រុម​ព្រះ​សុរិយា បាន​យោង​លើ​ប្រភព​សំខាន់​ៗមួយ​ចំនួន។

ប្រភព​ទី​១​អ្នក​ស្រី សេង បុទុម តារា​ភាពយន្ត​មួយ​ដួង ដែល​បច្ចុប្បន្ន​រស់​នៅ​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ក្រុម​ព្រះសុរិយា​ថា អ្នក​ស្រី​បាន​ជួប​ជាមួយ វិជ្ជរ៉ាដានី នៅ​ថ្ងៃ​ទី ១១ មេសា ១៩៧៥ ក្រោយ​ពី​កម្មវិធី​សម្ដែង​សិល្បៈ​នៅ​ក្រុង​ប៉ៃលិន ដែល​រៀប​ចំ​ដោយ​លោក ពេជ្រ សាលឿន ​បញ្ចប់​ដោយ​ជោគជ័យ។

បន្ត​មក គ្រួសារ​សិល្បៈ​១គូ​នេះ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ពី​ក្រុង​ប៉ៃលិន មក​ក្រុង​បាត់​ដំបង ហើយ​បាន​បន្ត​ដំណើរ​ដោយ​ឧទ្ធម្ភាគចក្រ​ក្រោម​ជំនួយ​របស់​ឯកឧត្តម​អភិបាល​ខេត្ត​ប៉ៃលិន មក​ចុះ​ចត​នៅ​ត្រឹម​ខេត្ត​កំពង់ឆ្នាំង។ ព្រោះ​រដ្ឋ​ធានី​ភ្នំពេញ ត្រូវ​ពួក​ខ្មែរ​ក្រហម​ផ្លោង​គ្រាប់​ចូល​មិន​ដាច់​គ្រាប់​សោះ។ ដើម្បី​ចូល​មក​រដ្ឋធានី​បាន អ្នក​ទាំង​ពីរ​បាន​ធ្វើ​ដំណើរ​ទាំង​ប្រថុយប្រថាន​តាម​រថយន្ត​របស់​ទាហាន លន់ នុល ទើប​មក​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព។

បន្ត​មក​ទៀត លោក រម្យនី អតីត​តារា​សម្ដែង​ភាពយន្ត​មុន​ឆ្នាំ ១៩៧៥ ម្នាក់​ដែរ បាន​ថា លោក​បាន​ជួប​ជាមួយ វិជ្ជរ៉ាដានី មួយ​ថ្ងៃ​គត់ ១៦ មេសា វេលា​ម៉ោង ៩យប់​ ក្នុង​វេលា​ថត​ភាពយន្ត​នៅ​ក្នុង​ផ្ទះ​វីឡា​មួយ។ ក្នុង​ឈុត​នោះ​លោក​ត្រូវ​សម្ដែង​ជា​មួយ​តារា​ស្រី​តែ​ម្ដង។ លោក​ថា ពេល​អំឡុង​ពេល​ថត លោក​បាន​លឺ​សំឡេង​ក្រោម​ផ្លោង​ល្វើយៗ ហើយ​អ្នក​ដឹក​នាំ​បាន​សុំ​បន្ត​ថត​ឈុត​មួយ​ទៀត​រហូត​ដល់​ម៉ោង​៥ភ្លឺ ទើប​លោក ពេជ្រ សាលឿន បាន​បើក​រថយន្ត​មក​សុំ​យក​ភរិយា​ត្រឡប់​ទៅ​វិញ ដោយ​សារ​លោក​ទទួល​ដំណឹង​ថា ខ្មែរ​ក្រហម នឹង​ចូល​កាន់​កាប់​រដ្ឋ​ធានី​ភ្នំពេញ​នៅ​យប់​នេះ ឬ​យូរ​បំផុត​ត្រឹម​ព្រឹក​ស្អែក។

បន្ត​ពី​នោះ​មក លោក រម្យន្នី លោក​មិន​បាន​ជួប​ជាមួយ​តារា​សម្ដែង​ភាពយន្ត​ដ៏​ល្បី​នោះ​ទៀត​ឡើយ។ ប៉ុន្តែ​តាម​ឯកសារ​មួយ​ទៀត​របស់​កវីម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន ក្នុង​សៀវភៅ "ជីវិត​នៃ​ជីវិត" ភាគ​ទី​២ ដែល​កត់​ត្រា​ពី​ជីវិត​ផ្ទាល់​លោក បាន​រំលឹក​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​ជម្លៀស​ប្រជាជន​ចេញ​ពី​រដ្ឋធានី​ភ្នំពេញ ១៧ មេសា ១៩៧៥។ លោក គង្គ ប៊ុន​ឈឿន បាន​ឃើញ ទិត្យ វិជ្ជរ៉ាដានី និង​ស្វាមី​ដើរ​នៅ​ព្រែកឯង​ជាមួយ​នឹង​ស្វាមី ព្រម​ទាំង​កូន​ៗ ដែល​អ្នក​ទាំង​ពីរ​កំពុង​ពរ និង​ដឹកដៃ​ពួក​គេ។

លុះ​ល្ងាច​បន្តិច លោក​បាន​ជួប​អ្នក​ទាំង​ពីរ​ម្ដង​ទៀត ក្នុង​ស្ថានភាព​ថ្មី ដោយ​ពួក​គេ​ត្រូវ​បាន​តម្រូវ​ឲ្យ​ស្លៀក​សំលៀកបំពាក់​ខ្មៅ​រៀប​ចំ​ដោយ​ពួក​ខ្មែរ​ក្រហម​ទៅ​ហើយ។ ពេល​នោះ ទិត្យ វិជ្ជរ៉ាដានី បាន​និយាយ​មក​កាន់​កវី​ម្ចាស់​ស្ទឹង​ថា "យើង​គ្មាន​សង្ឃឹម​ថា បាន​វិល​ត្រឡប់​ចូល​មក​រដ្ឋធានី​ភ្នំពេញ​វិញ​ឡើយ" និយាយ​រួច វិជ្ជរ៉ាដានី និង​ស្វាមី ក៏​បាន​លា​កវីម្ចាស់​ស្ទឹង​សង្កែ​ចេញ​ទៅ។

បន្ត​ពី​នោះ រហូត​ដល់​ប្រមាណ​១​ឆ្នាំ​បន្ទាប់ គឺ​នៅ ១៩៧៦ ទើប​មាន​គេ​បាន​ជួប អតីត​តារា​សម្ដែង​ស្រី​ម្ដង​ទៀត នៅ​ខេត្ត​បាត់​ដំបង ដែល​គេ​ប៉ាន់​ប្រមាណ​ថា គូ​ស្វាមី​តារា​ភាពយន្ត​ទាំង​ពីរ ត្រូវ​ខ្មែរ​ក្រហម​ឲ្យ​មក​រស់​នៅ​តំបន់​ថ្មី។ នៅ​ដើម​ឆ្នាំ ១៩៧៧ អ្នក​ស្រី សេង បុទុម ដដែល ប្រាប់​ថា លោក​ស្រី បាន​ជួប​ វិជ្ជរ៉ាដានី ម្ដង​ទៀត​នៅ​ខេត្ត​បាត់​ដំបង​មែន។ ពេល​នោះ តារា​ស្រី បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​កំពុង​សម្រាក​នៅ​ក្នុង​ខ្ទម​ជរា​មួយ។

ជាមួយ​គ្នា ជា​ញឹកញយ លោក​ស្រី បាន​ឃើញ​លោក ពេជ្រ សាលឿន ជា​ស្វាមី វិជ្ជរ៉ាដានី ធ្វើ​ការ​នៅ​ក្នុង​ការដ្ឋាន​ក្នុង​នាម​ជា​ទាសករ​ដូច​គ្នា។ បន្ត​មក​ទៀត​​ ពាក់​កណ្ដាល​ឆ្នាំ​ក៏​បាត់​វត្តមាន​លោក ពេជ្រ សាលឿន ហើយ​វិជ្ជរ៉ាដានី ប្រែ​ជា​សតិ​មិន​ល្អ ក្រោយ។

ក្រោយ​មក យោង​តាម​សាក្សីប៉ុន្មាន​នាក់​ទៀត​ដែល​ក្រុម​ព្រះសុរិយា​បាន​ជួប​ផ្ទាល់ បាន​​ប្រាប់​ថា កំឡុង​ខែ​សីហា ១៩៧៧ មាន​គេ​ប្រាប់​ថា កង​ឈ្លប​ក្មេង​ៗ​ចំនួន ៤-៥នាក់ បាន​មក​បណ្ដើរ​អ្នក​ស្រី​ចេញ​ទៅ។ ពេល​នោះ​មាន​ចចាមអារ៉ាម​ថា កង​ឈ្លប​ខ្មែរ​ក្រហម​ទាំង​នោះ យក​អ្នក​ស្រី ទិត្យ វិជ្ជ​រ៉ាដានី ទៅ​រំលោភ​ជា​ក្រុម​ហើយ សម្លាប់​ចោល​នៅ​ជើង​ភ្នំ "ចោល​ចាប" ខេត្ត​បាត់​ដំបង។

មិន​ត្រឹម​ប៉ុណ្ណឹង នៅ​មាន​ព័ត៌មាន​ដ៏​ខ្លោច​ផ្សា​ថែម​ទៀត ដែល​មិន​ដឹង​ថា​ការ​ពិត​កម្រិត បាន​និយាយ​ថា ពួក​ខ្មែរ​ក្រហម​ទាំង​នោះ បាន​ជា​សាច់​សុដន់​របស់​អ្នក​ស្រី​យក​ទៅ​ឆា​ស៊ី​ថែម​ទៀត​ផង៕

ទិត្យ វិជ្ជរ៉ាដានី ជាតារាឯកភាពយន្តដ៏មានឈ្មោះល្បីល្បាញដាច់គេ​នាអំឡុងចុងទសវត្សរ៍ទី៦០ និង​ ដើមសតវត្សរ៍ទី៧០ ដែលមានវង់ភក្ត្រ​ស្រស់​​ផូរផង់​ ថ្ពាល់ខួច​ទាំងសង​ប្រកប​ដោយ​ស្នាមញញឹមដ៏មានមន្តស្នេហ៍ ហើយមានទេពកោសល្យសម្តែងយ៉ាងរស់រវើកសក្តិសមឥត​ខ្ចោះ។ នៅ​អាជីព អ្នក​ស្រី​បាន​កសាង​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​ភាពយន្ត​ជា​ច្រើន​ដូច​ជា "រឿងលោហិតវាសនា" “អ្នក​តា​ឃ្លាំង​មឿង" "កាកី" "ស៊ីយិនគុយ" ឆ្នាំ១៩៦៧ និង​រឿង "សោភិនីមាសបង" ជា​ដើម៕

អត្ថបទ៖ ទារិកា