ទម្រាំមានថ្ងៃនេះស្មាត់ធំកងពល សាមីត ត្រូវរត់ចេញពីផ្ទះតស៊ូរហូតជាប់ជម្រើសជាតិ

  • 2021-05-04 03:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេងល្អតាមភូមិ សំ សាមីត ត្រូវបានជ្រើសឱ្យ​ចូលរួមជាមួយ​ក្រុមវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន ប្រកួតដណ្ដើមពានរង្វាន់ថ្នាក់​វិទ្យាល័យ អំឡុងឆ្នាំ ២០១០​-២០១១ និង​បានជួយវិទ្យាល័យមួយនេះទទួល​បាន​ចំណាត់ថ្នាក់លេខ១​។

មើល​ឃើញ​ពី​សមត្ថភាព និង​ទេពកោសល្យ លោកគ្រូម៉ៅរបស់​កងពលក៏បានសុំឱ្យ​ឱ្យ​រូប​គេ​ចូលហ្វឹកហាត់នៅក្លឹបកងពលធំអន្តាគមន៍លេខ៣។

លើកទី១សាមីតត្រូវបានឪពុកម្ដាយបដិសធ ព្រោះពួគគាត់ចង់ឱ្យ​កូនរៀនត ហើយណាមួយរូបគេមិនធ្លាប់ចេញពីផ្ទះ ចំណែកសាមីតក៏ស្ដាប់តាម។ លើកទី២យុវជនត្រូវបានជំទាស់ជាថ្មី ប៉ុន្តែដោយការស្រលាញ់ និងអារម្មណ៍ពុះកញ្ជ្រោលផងនោះ ម្ដងនេះសាមីតបានជម្នះការហាមឃាតរបស់លោកទាំងពីរ ដោយរៀបបង្វិចរត់មកសម្ងំហាត់បាល់នៅក្លឹបកងពលអំឡុងឆ្នាំ ២០១២។ កាលនោះគេមិនបាន​ដឹងថា លេងបាល់ទះតាមក្លឹបបែបនេះ អាច​បានការងារក្រខ័ណ្ឌរដ្ឋ ឬចេញទៅលេងក្រៅប្រទេសឡើយ ដឹងតែម្យ៉ាងគត់គឺចង់ហាត់គ្រាន់តែលេងល្អ ស្រួលដើរលេងស៊ីលុយតាមភូមិប៉ុណ្ណោះ។

ត្រង់ចំណុចនេះ យុវជនបានបញ្ជាក់បែបនេះ ៖«កម្រិតវប្បធម៌ខ្ញុំបានត្រឹមថ្នាក់ទី៧ ហើយពេលខ្ញុំចូលកងពលហ្នឹង អ្នកផ្ទះខ្ញុំគាត់អត់ឱ្យ​ខ្ញុំមកទេ តែដោយសារការស្រលាញ់របស់ខ្ញុំ ខ្ញុំក៏ធ្វើតាមចិត្តខ្លួនឯង អត់ស្ដាប់អ្នកផ្ទះទេ គាត់ឃាតម៉េចក៏អត់ស្ដាប់ដែរពេលហ្នឹង ទៅហើយអត់ដឹងថាម៉េចម៉ាទេ ព្រោះរៀបចំខោអាវហើយៗ ព្រោះលើកទី១លោកគ្រូម៉ៅគាត់ទៅយកខ្ញុំដល់ផ្ទះដែរ ប៉ុន្តែអ្នកផ្ទះខ្ញុំអត់ឱ្យ​ទៅ ដល់លើកទី២តាមចិត្តខ្លួនឯងត្រូវតែទៅ»។

ការបែកពីផ្ទះរយៈពេល១ឆ្នាំក៏កន្លងផុត សំ សាមីត ក៏បានត្រឡប់ទៅលេងផ្ទះ ចំណែកទំនាក់ទំនងគ្រួសារក៏ប្រែជាធម្មតា ព្រោះថាអារម្មណ៍ខឹងក្រោធមួយ​ឆាវ​រៀងខ្លួនក៏រលត់អស់ហើយដែរ។ ម្ដងនេះគ្រួសាររបស់សាមីតអាចនឹង​មិន​ជំទាស់ ហើយ​ក៏​អាចសប្បាយចិត្តបន្តិច​ដែរ ព្រោះពួកគាត់​ឃើញ​កូនប្រុស មាន​ការងាររដ្ឋប្រាក់ខែសមរម្យអាចផ្គត់ផ្គង់ជីវភាពបាន។

ចូលដល់ឆ្នាំ ២០១៥-២០១៦ កីឡាករមានដើមកំណើតនៅភ្នំពេញរូបនេះ បានជាប់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់។ គ្រោះនោះក៏ជាពេលដែលគេលេងឡើងខ្លាំងគួរ​សម​ ទាំងការប្រកួតបាល់អាជីព និងក្រៅផ្លូវការ។

បើ​សួរ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ ចេញ​ពី​ផ្ទះ​កាល​មក​ហាត់​នៅ​ក្លឹប​កងពល សាមីតបាន​សង្កត់​ធ្ងន់​ថារូប​គេ​មិន​មាន​ការ​ស្ដាយ​ក្រោយ ឡើយ ផ្ទុយ​ទៅ​វិញ​មិន​នឹក​ស្មាន​​ខ្លួន​ឯង​មាន​ការងារ​សមរម្យ​មួយ បាន​លេង​នៅ​ក្លឹប​បាល់​ទះ​ធំ​មួយ ហើយ​ថែម​ទាំង​បាន​ជាប់​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរ​ខ្សាច់​ទៀត​ផង។

កីឡាករ​កម្ពស់​១​,៧៨ម៉ែត្រ​របស់​ក្លឹប​កង​ពល​ បាន​ពន្យល់ថា ៖«អត់ទេបង! អត់​ស្ដាយផង​បង! មាន​តែ​មោទនៈភាព​​ចំពោះ​ខ្លួន​ បាន​ដល់​ប៉ុណ្ណេះបង មិន​នឹក​ស្មាន​ថា​បាន​ប៉ុណ្ណឹង​ផង​បង»។

បច្ចុប្បន្នកីឡាករវ័យ២៨ឆ្នាំ បាននឹងកំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ ដើម្បីត្រៀមប្រកួត SEA Game លើកទី៣១ក្នុងទីក្រុងហាណូយប្រទេសវៀតណាម ខណៈ​រូប​គេ​បាន​ជាប់​តាំង​ពី​ឆ្នាំ​២០២០​មក​ម៉្លេះ​។

គួរបញ្ជាក់ថា កីឡាករជម្រើសជាតិបាល់ទះឆ្នេរខ្សាច់មាន៦នាក់ ហើយ៦នាក់នេះ ត្រូវជម្រុះយក៤នាក់ទៅប្រកួតប្រជែងដណ្ដើមមេដាយ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្គោល​ សោម ចំណាប់៕

អត្ថបទ៖ អ៊ុំ សុភក្តិ