ប្រុងប្រយ័ត្ន​គ្រប់​ជំហាន! យ៉េយ៉េ នៅ​តែ​ភ្លាត់​ខ្លួន​ឆ្លង​ជំងឺ​កូវីដ-១៩ ថ្ងៃ​នេះ​នាង​បង្ហាញ​ប្រភព​ចម្លង​ហើយ

  • 2021-05-05 02:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​តារា​សម្ដែង​ភេទទី៣ ឃ្លោក មករា ហៅ​កញ្ញា យ៉េយ៉េ រង់ចាំ​លទ្ធផល​យ៉ាង​អន្ទះសា នៃ​ការ​ប្រកាស​របស់​គ្រូ​ពេទ្យ​ជំនាញ​ថា​តើ​នាង​បាន​ជាសះស្បើយ ឬ​នៅ? ហើយ​អាច​ចេញ​ទៅ​ផ្ទះ​វិញ​បាន​នៅ​ពេល​ណា? ថ្ងៃ​នេះ កញ្ញា​យ៉េយ៉េ បាន​ដាក់​ការ​សង្ស័យ​មួយ​ជុំវិញ​ហេតុ​ដែល​នាំ​ឲ្យ​នាង​ភ្លាត់​ខ្លួន​ឆ្លង​ជំងឺ​កូវីដ-១៩។

កញ្ញា យ៉េយ៉េ បាន​ប្រាប់​Sabay ថា នាង​គឺ​ជា​មនុស្ស​ម្នាក់​ខ្លាច​កូវីដ​បំផុត ហើយ​ប្រុងប្រយ័ត្ន​គ្រប់​ជំហាន គឺ​សម្ងំ​តែ​នៅ​ក្នុង​ផ្ទះ ហើយ​ចេញ​ទៅ​ផ្សារ ឬ​ក្រៅ​ផ្ទះ​ម្ដង​ម្កាល​ដោយ​ប្រើ​ជាប់​នូវ​ម៉ាស របាំង​មុខ និង​អាល់កុល ឬ​ជែល។ នាង​ថា ប្រភព​មួយ​ដែល​អាច​ចម្លង​មេរោគ​នេះ​ទៅ​នាង​បាន គឺ​តាម​រយៈ​ក្មេង​ស្រី​ដែល​នៅ​ជាមួយ។

កញ្ញា យ៉េយ៉េ៖"ពេល​ខ្វះ​អី​តិចតួច​សម្រាប់​ដាំ​ស្ល ឬ​ប្រើប្រាស់​ក្នុង​ផ្ទះ ខ្ញុំ​តែងតែ​ឲ្យ​គាត់​ទៅ​ទិញ...ពេល​ទៅ​នឹង​យើង​មិន​ដឹង​ថា​គាត់​ប្រយ័ត្ន​ដូច​យើង​អត់ ហើយ​ពេល​គាត់​មក​ពី​ផ្សារ​វិញ​ខ្ញុំ​ទទួល​អីវ៉ាន់​ពី​គាត់ ហើយ​យើង​ញ៉ាំ​បាយ​អី​ជាមួយ​គាត់"។

បើ​តាម​កញ្ញា យ៉េយ៉េ បច្ចុប្បន្ន​ស្ថានភាព​សុខភាព​របស់​នាង​ផ្ទាល់ និង​ក្មេង​ស្រី​រូប​នោះ បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​ជិត​២​សប្ដាហ៍។ កញ្ញា យ៉េយ៉េ និង​គ្រួសារ​ដែល​បាន​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ-១៩ កាល​ពី​ជិត​កន្លះ​ខែ​មុន កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​បុរី​ពិភព​ថ្មី​សែន​សុខ រាជធានី​ភ្នំពេញ។ លទ្ធផលពីគ្រូពេទ្យថាតើនាង ត្រូវនៅសម្រាកព្យាបាលបន្ដ ឬបានជាសះស្បើយ ហើយអាចត្រឡប់ទៅផ្ទះវិញហើយ នៅល្ងាចថ្ងៃទី៥ ខែឧសភា នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ