Tesla បានត្រឹមគ្រោង តែចិនវិញដាក់ចេញតាក់ស៊ីអត់អ្នកបើក ប្រើពេញក្រុងបាត់!

  • 2021-05-05 04:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនបច្ចេកវិទ្យាជំនាញខាងសេវាកម្ម និងផលិតផល ដែលទាក់ទងនឹងអ៊ិនធឺណិត ក៏ដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Baidu បានដាក់ចេញនូវសេវាកម្មតាក់ស៊ីគ្មានអ្នកបើកបរពេញលេញ (fully driverless robotaxi) នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ហៅតាក់ស៊ីជិះ ដោយគ្មានអ្នកបើកបរ។

សេវាកម្ម Apollo Go Robotaxi នេះ ត្រូវបានដាក់ឲ្យដំណើរការ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅក្នុងតំបន់ឧទ្យាន Beijing’s Shougang Park ដែលនឹងប្រើប្រាស់សម្រាប់ព្រឹតិ្តការណ៍ 2022 Beijing Winter Olympics ផងដែរ។

អ្នកប្រើប្រាស់នៅក្នុងតំបន់ខាងលើ អាចប្រើកម្មវិធី Apollo Go ដើម្បីស្វែងរកតាក់ស៊ីគ្មានអ្នកបើកនោះ។ កម្មវិធីនេះក៏នឹងបង្ហាញផែនទីសិប្បនិម្មិត ខណៈរថយន្តនឹងប្រើស៊ីផ្លេបញ្ជាពីចម្ងាយ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់នៅពេលស្វែងរកវា។ ដើម្បីដោះសោរថយន្ត អ្នកប្រើប្រាស់គ្រាន់តែស្កេន QR Code និង Health Code នៅលើផ្នែកចំហៀងរថយន្ត ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងក្នុងគោលបំណងការពារជំងឺរាតត្បាត។

ពេលចូលទៅដល់ខាងក្នុងរថយន្ត អ្នកប្រើប្រាស់គ្រាន់តែចុចប៊ូតុង "Start the Journey” នៅក្នុងកម្មវិធីជាការស្រេច។ ជាមួយគ្នានេះដែរ រថយន្តនឹងត្រូវប្រាកដថាអ្នកបានដាក់ខ្សែក្រវ៉ាត់ ហើយទ្វារបានបិទជិតត្រឹមត្រូវ មុនពេលវាចេញដំណើរ។

ទោះបីជាសេវាកម្មតាក់ស៊ីនោះគ្មានអ្នកបើកបរក៏ដោយ ប៉ុន្តែវាក៏មានប្រព័ន្ធ 5G Remote Driving Service ដែលអនុញ្ញាតឲ្យគេអាចបញ្ជាពីចម្ងាយដើម្បីគ្រប់គ្រងវា នៅក្នុងករណីចាំបាច់ផងដែរ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី