មកមើល iPhone 13 គម្រូឱ្យហើយ ថ្ងាសតូចជាងមុន និងបូកកញ្ចក់លែនកាមេរ៉ាធំជាងមុន

  • 2021-05-05 07:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាំងតែប៉ុន្មានខែទៀតតែប៉ុណ្ណោះ iPhone 13 នឹងលេចរូបរាងពិតប្រាកដហើយ។ ប៉ុន្ដែកុំឱ្យក្ដៅចិត្ត ព្រោះនៅយូរខែពេក លោកអ្នកអាចមកមើល iPhone 13 Pro Max ដែលជាម៉ាស៊ីនគម្រូ បង្ហាញដោយ Youtuber ល្បី Unbox Therapy ជាមុនសិនបាន។

ម៉ាស៊ីនគម្រូនេះត្រូវបានផលិតដោយផ្អែកលើដំណឹងលេចធ្លាយជាច្រើនកន្លងមក។ យោងទៅតាមការបង្ហាញនេះ iPhone 13 Pro Max គឺមានលក្ខណៈសម្បតិ្តខាងក្រៅដូចទៅនឹង iPhone 12 Pro Max បច្ចុប្បន្នដូចច្នោះដែរ ខុសត្រង់តែថ្ងាសឆក ទម្រង់លែនកាមេរ៉ា តែប៉ុណ្ណោះ។

ម៉ូឌែលគម្រូនេះ មានអេក្រង់ខ្នាត ៦,៧អ៊ិញ ដែលជាខ្នាត Pro Max របស់ Apple ដដែល។ រីឯផ្នែកឆកខាងមុខវិញ វាបានបង្រួមមកតូចជាងមុន ត្បិតអីរន្ធបំពងសំឡេងបានយកមកដាក់លើសែនស័រកាមេរ៉ា TrueDepth វិញ ដោយមិនដាក់នៅរៀងជាជួរលើថ្ងាសឆកដូចមុនទៀតទេ។

ងាកមកកញ្ចក់លែនកាមេរ៉ាទាំង៣ខាងក្រោយវិញ វាមានទំហំធំជាង iPhone 12 Pro Max បច្ចុប្បន្ន។ ការផ្លាស់ប្ដូរនេះ ទំនងមកពីដំណឹងចចាមអារាមកន្លងមកដែរថា Apple បានបន្ថែមសែនស័រទប់លំនឹង (sensor shift optical image stabilization) លើលែន Ultra wide ដូចកាលពីឆ្នាំ២០២០ ពួកគេបានបន្ថែមសែនស័រទប់លំនឹងនេះ លើលែន wide។

ក្រៅពីនេះ ទីតាំងប៊ូតុងសំឡេង ប៊ូតុង Silence និងប៊ូតុងបិតបើកម៉ាស៊ីន គឺមិនមានផ្លាស់ប្ដូរទីតាំងនោះឡើយ រីឯរន្ធសាកថ្ម Lightning ក៏មិនបានបាត់ដូចដំណឹងអាចាមអារ៉ាមកន្លងមកដែរ។

ទោះយ៉ាងណាក៏ដោយ នេះជា iPhone 13 Pro Max ម៉ាស៊ីនគម្រូ ចំពោះផលិតផលពិតមានរូបរាងយ៉ាងណានោះ យើងមិនអាចដឹងជាក់លាក់បាននោះឡើយ ត្បិតកន្លងមកយើងអាចដឹងត្រឹមដំណឹងលេចធ្លាយប៉ុណ្ណោះ។ ប៉ុន្ដែទស្សនាវីដេអូនេះហើយ អាចថាជាចំណីអារម្មណ៍ជាមុនសិនទៅចុះ ដើម្បីរង់ចាំ Apple ប្រកាសត្រកូល iPhone 13 ជាផ្លូវការ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល